អាមេរិក

ក្រោយធនាគារធំៗ២នៅអាមេរិកក្ស័យធន បង្កភាពចលាចលអ្វីខ្លះសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅអាមេរិក និងតំបន់?


ប្រធានាធិបតីអាមេរិកលោក Joe Biden បានអះអាងថា រដ្ឋបាលរបស់លោកនឹងចាត់វិធានការចាំបាច់នានាគ្រប់យ៉ាងដើម្បីធានានិរន្តរភាពនៃប្រព័ន្ធហរិញ្ញវត្ថុ និងធនាគារនៅក្នុងប្រទេស ក្រោយពេលដែលធនាគារពីរ គឺ ធនាគារ Silicon Valley និងធនាគារ Signature Bank បានដែលស្ថិតនៅក្នុងចំណោមធនាគារយក្សៗនៅអាមេរិកបានដួលរលំក្ស័យធន ហើយកំពុងបានធ្វើឲ្យទីផ្សារពិភពលោកកំពុងរងនូវភាពរង្គោះរង្គើយ៉ាងខ្លាំងផងដែរ។
អ្វីខ្លះសម្រាប់ទីផ្សារហិរញ្ញវត្ថុនៅអាមេរិក និងតំបន់? រូបភាព BBC

តួយ៉ាង នៅក្រោយមានការដួលរលំភ្លាមៗនៃធនាគារ Silicon Valley ឬ SVB នៅក្នុងរយៈពេលទៅ៣ថ្ងៃមកនេះ ភាគហ៊ុនក្នុងវិស័យហិរញ្ញវត្ថុសកលលោកបានបាត់បង់តម្លៃទីផ្សារដល់ទៅ ៤៦៥ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Bloomberg។

ទោះបីជាស្ថានភាពទីផ្សារហិរញ្ញវត្ថុនៅអាមេរិកកំពុងរំជើបរំជួលខ្លាំងក្ដី ប៉ុន្ដែ ធនាគារកណ្តាលអាមេរិកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងធានាឲ្យមានការផ្តល់មូលនិធិបន្ថែមដល់ស្ថាប័នធនាគារ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បី ជួយធានាថាធនាគារទាំងនោះមានលទ្ធភាពបំពេញតម្រូវការរបស់អ្នកដាក់ប្រាក់បញ្ញើ និង ឥណទានទាំងអស់របស់ពួកគេ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Joe Biden ក្នុងការធានាទំនុកចិត្តដល់ទីផ្សារហិរញ្ញវត្ថុ និងអ្នកដាក់ប្រាក់បញ្ញើនៅអាមេរិក ខណៈដែលការព្រួយបារម្ភនេះនៅតែបន្តកើតមាន ។

ហេតុអ្វីបានជាធនាគារយក្សនៅអាមេរិកដូចជា Silicon Valley ដួលរលំ?

វាមានហេតុផលជាច្រើនយ៉ាងណាស់ដែលធ្វើឲ្យធនាគារនេះ ឈានដល់ការក្ស័យធន។ ប៉ុន្ដែ បើតាមក្រុមអ្នកវិភាគជាច្រើនបាននិយាយ បើនិយាយឲ្យខ្លីទៅការក្ស័យធននេះ គឺដោយសារតែធនាគារមិនមានលុយសុទ្ធគ្រប់គ្រាន់ក្នុងការទូទាត់សងទៅកាន់អ្នកដាក់ប្រាក់បញ្ញើ ដូច្នេះ និយ័តករបានសម្រេចបិទធនាគារនេះស្របទៅតាមច្បាប់។ សំណួរសួរទៀតថា តើហេតុអ្វីបានជាធនាគារនេះមិនមានលុយគ្រប់គ្រាន់បង់សងទៅអ្នកដាក់ប្រាក់បញ្ញើ? នោះក៏ដោយសារតែកាលពីអំឡុងពេលមេរោគរាតត្បាតធនាគារនេះ បានទទួលប្រាក់បញ្ញើជាច្រើនពីអតិថិជន ដោយសារតែធនាគារនេះ ផ្ដោតលើអាជីវកម្មបង្កើតថ្មី ពិសេសក្នុងផ្នែកបច្ចេកវិទ្យា ដូច្នេះហើយ នៅអំឡុងពេលកូវីដ១៩ អាជីវកម្មប្រភេទនេះ មានការរីកដុះដាលខ្លាំង ហើយពួកគេបានទុកលុយជាច្រើននៅធនាគារ Silicon Valley នេះសម្រាប់ការបើកប្រាក់ខែបុគ្គលិក និងការពង្រីកអាជីវកម្ម ហើយលំហូរប្រាក់បញ្ញើទាំងនេះ បានកើនឡើងយ៉ាងច្រើន លើសប្រាក់កម្ចីដែលផ្ដល់ជូនទៅកាន់អតិថិជនយ៉ាងច្រើន ព្រោះថាអំឡុងពេលកូវីដ១៩ពុំសូវមានការផ្ដល់កម្ចីឥណទានច្រើននោះឡើយ។ ដូច្នេះហើយ ធនាគារនេះ ក៏បានបង្វែរប្រាក់បញ្ញើអតិថិជនទាំងនោះ ដើម្បីយកទៅវិនិយោគលើបណ្ណបំណុល ដែលមានសុវត្ថិភាព។ ប៉ុន្ដែ ជាអកុសល នៅពេលមានវិបត្តិអតិផរណា ធនាគារកណ្ដាលអាមេរិក បានដំឡើងអត្រាការប្រាក់គោលជាបន្តបន្ទាប់នៅក្នុងអំឡុងឆ្នាំ២០២២-២០២៣ បណ្ដាលឲ្យតម្លៃមូលបត្របំណុលទាំងនោះធ្លាក់ចុះយ៉ាងខ្លាំង។

តើមានភាពច្របូកច្របល់អ្វីខ្លះកើតឡើងនៅក្រោយពេលធនាគារធំៗនៅអាមេរិកដួលរលំ?

ក្រោយពេលដែលធនាគារ Silicon Valley និងធនាគារ Signature Bank បានដូលរលំ ទីផ្សារភាគហ៊ុនវិស័យហិរញ្ញវត្ថុសកលបានរងការខាតបង់តម្លៃទីផ្សារដល់ទៅ ៤៦៥ ពាន់លានដុល្លារ នៅក្នុងរយៈពេលប្រមាណ ២ ទៅ៣ថ្ងៃកន្លងមកនេះ ដោយសារតែអ្នកវិនិយោគបានព្យាយាមកាត់បន្ថយផលប៉ះពាល់ដែលជាប់ទាក់នឹងស្ថាប័នផ្ដល់កម្ចីធំៗ ទាំងនៅទីផ្សារអាមេរិក និងជប៉ុនផងដែរ។

តួយ៉ាងសន្ទស្សន៍ផ្សារភាគហ៊ុនហិរញ្ញវត្ថុក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក MSCI បានធ្លាក់ចុះដល់ ២,៧% នៅថ្ងៃអង្គារទី ១៤មីនា ដល់កម្រិតទាបបំផុតបើគិតចាប់តាំងពីថ្ងៃទី ២៩ខែវិច្ឆិកាឆ្នាំមុនមក។

ភាគហ៊ុនក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំរបស់ជប៉ុន Mitsubishi UFJ Financial Group Inc បានធ្លាក់ចុះ ៨,១%នៅក្នុងទីផ្សារជប៉ុន ខណៈក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំរបស់កូរ៉េខាងត្បូង Hana Financial Group ធ្លាក់ចុះ ៤,៥% និងក្រុមហ៊ុន ANZ Group Holdings របស់អូស្ត្រាលីធ្លាក់ចុះ ២,៨%។

ស្របពេលដែលភាគហ៊ុនរបស់ស្ថាប័នធនាគារធំៗទាំងនៅអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រឈមមុខនឹងការខាតបង់នោះ នៅព្រឹកថ្ងៃទី១៤ ខែ មីនា នៅទីផ្សារជួញដូប្រេងឆៅក៏រងនូវការរំជើបរំជួលផងដែរ ។

តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ បានធ្លាក់ចុះអស់ជាង១ដុល្លារ ពោលគឺមកនៅត្រឹមតម្លៃជាង៨០ ដុល្លារក្នុងមួយបារ៉ែល ហើយគេអះអាងថា តម្លៃប្រេងឆៅនៅអាមេរិកធ្លាក់ចុះ ៨៥សេន មកនៅ ៧៤ ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល។

ដោយសារតែសភាពការណ៍ប្រែប្រួលនៅក្នុងប្រព័ន្ធធនាគារអាមេរិកនេះ តម្លៃប្រេងឆៅនៅលើពិភលោកត្រូវបានគេអះអាងថា បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីដើមខែមករា ។

បើតាមការរាយការណ៍ពីរ៉យទ័របានឲ្យដឹងនៅថ្ងៃទី ១៤ខែមីនាថា ក្រោយការដួលរលំរបស់ធនាគារធំនៅអាមេរិក ស្ថាប័នវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ឥណទាន Mood’s បាននិងកំពុងពិនិត្យមើលឡើងវិញចំពោះធនាគារអាមេរិកចំនួន៦ទៀត សម្រាប់ការវាយតម្លៃទម្លាក់ចំណាត់បំណុល ក្រោយពីស្ថាប័ននេះ ធ្លាប់បានបន្ទាបចំណាត់ថ្នាក់បំណុលរបស់ធនាគារ Signature ដែលទើបតែបានក្ស័យធននោះ មកនៅក្នុងកម្រិត C ។
អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


មេដឹកនាំកំពូលចិន លោក ស៊ី ជីនពីង គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីឱ្យបានឆាប់នៅសប្តាហ៍ក្រោយនេះ

ប្រធានាធិបតីចិនលោក Xi Jinping គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបបុរសខ្លាំងរុស្ស៊ីលោក Vladimir Putin ឱ្យបានឆាប់នៅសប្តាហ៍ក្រោ…

បើកគណនីសន្សំមានកាលកំណត់នៅលើ AMK Mobile ទទួលបានអត្រាការប្រាក់រហូតដល់ 8.5%

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានធ្វើបច្ចុប្បន្នភាពធនាគារចល័ត AMK Mobile ដែលអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនទាំងអស់អាចបង្កើតគណនីសន្សំរយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ