បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នទោះបីគ្មានការចូលប្រេង ក៏កម្ពុជាមានសន្និធិប្រេងសម្រាប់បម្រើឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងខ្សែច្រវាក់ផលិតកម្មនានាបានមួយខែដែរ ខណៈកាលប្រេងមិនទាន់មានការឡើងចុះឆាប់រហ័ស កម្ពុជាមានសន្និធិប្រេងសម្រាប់ធានការប្រើប្រាស់រហូតដល់៣ខែឯណោះ។ តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយខែចុងក្រោយនេះ បន្ទាប់ពីមានការហក់ឡើងខ្លាំងកាលពីអំឡុងវិបត្តិកូវីដ-១៩ រាតត្បាតខ្លាំង។
នៅក្នុងវិបត្តិកូវីដ-១៩ រាតត្បាតខ្លាំងកាលពីពេលកន្លងទៅមានប្រទេសមួយចំនួនដូចជាស្រីលង្កា វៀតណាម និងឡាវជាដើមបានប្រឈមនឹងបញ្ហាខ្វះប្រេងឥន្ធនៈសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងរយៈពេលខ្លី តែកម្ពុជាពុំបានជួបបញ្ហាដូចប្រទេសទាំងនេះនោះទេ ដែលនេះសបញ្ជាក់ឲ្យឃើញពីប្រសិទ្ធភាពនៃការគ្រប់គ្រង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ ស្របពេលតម្លៃប្រេងឥន្ធនៈមានការប្រែប្រួលឡើងចុះឆាប់រហ័សនៅប៉ុន្មានមួយរយៈចុងក្រោយ ពោលគឺបន្ទាប់រុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានជំរុញឲ្យក្រុមហ៊ុន និងអ្នករកស៊ីក្នុងវិស័យប្រេងឥន្ធនៈហាក់បាននាំគ្នាកាត់បន្ថយបរិមាណនៃការនាំចូលប្រេងឥន្ធនៈរបស់ខ្លួន ដែលធ្វើឲ្យសន្និធិប្រេងសម្រាប់ធានាការប្រើប្រាស់នៅកម្ពុជាមានការថយចុះ។ តែយ៉ាងណាការកាត់បន្ថយនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រើប្រាស់របស់ប្រជាពលរដ្ឋ ឬបម្រើខ្សែច្រវាក់ដឹកជញ្ចូន និងផលិតកម្មផ្សេងៗនោះទេ។
យ៉ាងណាមិញបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នទោះបីគ្មានការនាំចូលប្រេងឥន្ធនៈ ក៏កម្ពុជាមានប្រេងឥន្ធនៈសម្រាប់បម្រើឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបម្រើឲ្យខ្សែច្រវាក់ដឹកជញ្ជូន និងផលិតកម្មផ្សេងៗបានមួយខែដែរ។ ប៉ុន្តែកាលពីមុនពេល ដែលតម្លៃប្រេងឥន្ធនៈមិនទាន់មានការប្រែប្រួលតម្លៃឡើងចុះឆាប់រហ័ស ក្រសួងពាណិជ្ជកម្មតម្រូវឲ្យក្រុមហ៊ុនទាំងនោះត្រូវមានសន្និធិប្រេងសម្រាប់ធានាការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបម្រើឲ្យផលិតកម្មនានាឲ្យបាន៣ខែ។ ការធ្លាក់ចុះសន្និធិប្រេងបម្រុងនេះត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា គឺដោយសារក្រុមហ៊ុននិងអ្នករកស៊ីក្នុងវិស័យប្រេងឥន្ធនៈនៅកម្ពុជាមានការកាត់បន្ថយបរិមាណនាំចូលប្រេង ក្រោយតម្លៃប្រេងនៅលើទីផ្សារសកលមានការប្រែប្រួលឆាប់រហ័សពេក។
ការកាត់បន្ថយផលិតកម្មប្រេងពីប្រទេសផលិតប្រេងធំៗនៅលើពិភពលោក និងដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្ស៊ីពីសំណាក់ប្រទេសលោកខាងលិច ក្រោយប្រទេសនេះវាយចូលឈ្លានពានអ៊ុយក្រែនបានជំរុញឲ្យតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិហក់ឡើងយ៉ាងគំហុក។ ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិនេះ វាក៏បានជំរុញឲ្យតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ដែលជាប្រទេសនាំចូលប្រេងឥន្ធនៈ១០០% មានកើនឡើងផងដែរ។ ជាក់ស្តែងនៅក្នុងរយៈពេល១ខែកន្លងមកនេះតម្លៃលក់រាយប្រេងឥន្ធនៈបានកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះប្រេងសាំងធម្មតាកើនឡើង៤០០រៀលក្នុង១លីត្រ ខណៈម៉ាស៊ូតកើនឡើង៧០០រៀលក្នុង១លីត្រ។ ហើយការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ វាក៏បានជំរុញឲ្យតម្លៃទំនិញផ្សេងៗមានការកើនឡើងផងដែរ។ តែយ៉ាងណាបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មតម្លៃទំនិញផ្សេងៗនៅលើទីផ្សារក្នុងប្រទេសកម្ពុជាមានការប្រែប្រួលមិនលើស៥%នោះទេ។
ស្របពេលតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាមានការកើនឡើង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាកការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំជំរុញឲ្យមន្ត្រីរបស់ខ្លួនបង្កើនការចុះត្រួតពិនិត្យរង្វាស់រង្វាល់ គុណភាព និងតម្លៃលក់នៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចទប់ស្កាត់ការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈក្រោមរូបភាពលក់បន្លំលីត្រ និងគុណភាព។ យ៉ាងណាមិញបើតាមលើកឡើងរបស់ថ្នាក់ដឹកនាំរូបនេះ មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចន្លោះពី៣០%ទៅ៤០%លក់ប្រេងឥន្ធនៈក្រោមតម្លៃទីផ្សារកំណត់ និង៦០%ទៅ៧០%លក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានវាយតម្លៃថា កត្តាដែលធ្វើឲ្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈមួយចំនួនលក់ក្រោមតម្លៃទីផ្សារកំណត់ គឺអាចបណ្តាលមកពីស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនោះធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ។ ម្យ៉ាងទៀតអាចមកពីស្ថានីយ និងប៉ូប្រេងឥន្ធនៈទាំងនោះមិនសូវប្រើប្រាស់បុគ្គលិកច្រើន គួបផ្សំពួកគេមានទីតាំងផ្ទាល់ខ្លួនមិនជួលគេ។ យ៉ាងណាក៏ដោយឯកឧត្តមអះអាងថា ក្រសួងពាណិជ្ជកម្មគាំទ្រចំពោះការលក់ប្រេងឥន្ធនៈក្រោមតម្លៃទីផ្សារនេះ ដ្បិតវាបានជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ និងរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ៕