
លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែមីនា បានបើកការវាយប្រហារយោធាទ្រង់ទ្រាយធំលើក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេមែន ហើយបានផ្ដាច់ជីវិតមនុស្ស និងរបួសរាប់សិបនាក់ រួមទាំងជនស៊ីវិលផងដែរ។ លោក ត្រាំ ក៏បានព្រមានប្រទេសអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រសំខាន់របស់ក្រុមឧទ្ទាម Houthi ដែរថា អ៊ីរ៉ង់ត្រូវតែឈប់ផ្ដល់ការគាំទ្រដល់ក្រុមឧទ្ទាមនេះជាបន្ទាន់។ លោក ត្រាំ បានអះអាងថា ប្រសិនបើអ៊ីរ៉ង់ គំរាមកំហែងដល់សហរដ្ឋអាម៉េរិក នោះសហរដ្ឋអាម៉េរិក នឹងចាប់ឱ្យអ៊ីរ៉ង់ ទទួលខុសត្រូវទាំងស្រុង ហើយសហរដ្ឋអាម៉េរិក នឹងមិនអត់ឱនជាដាច់ខាត។
ការវាយប្រហារនេះ ដែលអាចនឹងបន្តរយៈពេលច្រើនសប្ដាហ៍នេះ គឺជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក នៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មក។ ការវាយប្រហារទាំងនេះកើតមានឡើង ខណៈដែលសហរដ្ឋអាម៉េរិក បង្កើនការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ទន្ទឹមនឹងការជំរុញឱ្យអ៊ីរ៉ង់ ចូលតុចរចានុយក្លេអ៊ែ។
លោក ដូណាល់ ត្រាំ បានគំរាមតាមបណ្ដាញទំនាក់ទំនងសង្គម Truth Social ថា ក្រុមភេរវករហ៊ូធី (Houthi) ទាំងអស់ត្រូវតែបញ្ឈប់ការវាយប្រហារចាប់ពីថ្ងៃនេះតទៅ ព្រោះវេលារបស់ពួកគេអស់ហើយ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមការវាយកម្ទេចដ៏គួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មាន។
យោងតាមប្រភពពីក្រុមឧទ្ទាមហ៊ូធី (Houthi) បានឱ្យដឹងថា ការវាយប្រហាររបស់សហរដ្ឋអាម៉េរិក ទៅលើប្រទេសយេមែន បានផ្ដាច់ជីវិតមនុស្សយ៉ាងតិច៣១នាក់ រួមទាំងជនស៊ីវិលផង និងបណ្ដាលឱ្យរងរបួស១០១នាក់ផ្សេងទៀត។ ក្រុមឧទ្ទាមហ៊ូធី បានថ្កោលទោសការវាយប្រហារនេះថា ជាឧក្រិដ្ឋកម្មសង្គ្រាម ហើយបានប្តេជ្ញាថានឹងសងសឹក៕
ដោយ: តែម សុខុម