តម្រូវការភាពធន់នឹងអាកាសធាតុ សម្រាប់ប្រព័ន្ធកសិ-ស្បៀងអាហារ

តម្រូវការភាពធន់នឹងអាកាសធាតុ សម្រាប់ប្រព័ន្ធកសិ-ស្បៀងអាហារ នៅតែជាតម្រូវការចាំបាច់


កិច្ចប្រជុំស្ដីពីកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាព ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាពង្រីកសាមគ្គីភាព ដើម្បីទាញយកធនធានប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍន៍កសិកម្មប្រកបដោយប្រសិទ្ធភាព និងភាពធន់នឹងអាកាសធាតុ»។ កិច្ចប្រជុំនេះ មានគោលបំណងចម្បងដើម្បីកៀរគរការចូលរួមជាបន្ទាន់ក្នុងកិច្ចការពារ និងបង្ការទុកនូវហានិភ័យនានា ដែលកំពុងគំរាមកំហែងភពផែនដី និងដើម្បីស្វែងរកដំណោះស្រាយសម្រាប់ការបន្តការរស់រាន់មានជីវិតរបស់មនុស្សយើងទាំងអស់គ្នា។
កិច្ចប្រជុំស្តីពីកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាព ប្រចាំឆ្នាំ២០២៣

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមអំពី «កិច្ចប្រជុំស្តីពីកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាព ប្រចាំឆ្នាំ២០២៣» បានគូសបញ្ជាក់ថា សកលលោកបានកំណត់ព្រមព្រៀងលើពេលវេលាជាក់លាក់ ដើម្បីកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតដែលបង្កឡើងដោយមនុស្ស ឱ្យបាន៤៥% នៅឆ្នាំ២០៣០ ខណៈដែលពេលវលាសម្រាប់ Net-Zero គឺនៅក្នុងឆ្នាំ២០៥០។ អតិរេកដំណាំស្បៀងអាហារ សម្រាប់ផ្គត់ផ្គង់ប្រជាជនកម្ពុជារាប់លាននាក់ អាចធ្វើឱ្យប្រសើរឡើងសម្រាប់ទីផ្សារនាំចេញជាសកល ដែលផ្តល់នូវបុព្វលាភលើប្រភពនិរន្តរភាព។ ប្រភពដដែលបានឱ្យដឹងថា កម្ពុជាបាននិងកំពុងអនុវត្តនូវសកម្មភាពរបៀបវារៈឆ្នាំ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ទោះជាយ៉ាងនេះក្តី តម្រូវការភាពធន់នឹងអាកាសធាតុ សម្រាប់ប្រព័ន្ធកសិ-ស្បៀងអាហារ នៅតែចាំបាច់ត្រូវការការអនុវត្តជាក់ស្តែង និងដំណោះស្រាយដែលមានលក្ខណៈនិរន្តរភាព ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Amru Rice ដែលជាស្ថាប័នដឹកនាំការរៀបចំនៃកិច្ចប្រជុំនេះ បានបញ្ជាក់ឱ្យដឹងថា កិច្ចពិភាក្សានានាដែលមាននៅក្នុងកិច្ចប្រជុំនេះ បានបង្ហាញឱ្យឃើញច្បាស់ថា លទ្ធភាពទទួលបានហិរញ្ញប្បទានទៅលើផ្នែកអាកាសធាតុ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅកម្រិតកសិដ្ឋាន និងប្រទេស នៅមានកម្រិតនៅឡើយ។ យ៉ាងណាមិញ ភាពជាដៃគូពហុភាគីត្រូវការពន្លឿនជាចាំបាច់ ដើម្បីបម្លែងប្រព័ន្ធកសិផលកម្ពុជា និងផ្តល់ប្រយោជន៍ដល់មនុស្ស អាកាសធាតុ និងធម្មជាតិ។ ការអនុវត្តអេកូឡូស៊ី និងកសិកម្មប្រកបដោយនិរន្តរភាព នឹងអាចកាត់បន្ថយផលប៉ះពាល់អាកាសធាតុ ដែលគួរតែជំរុញឱ្យមាននូវដំណោះស្រាយជាក់ស្ដែង តាមរយៈការចែករំលែកចំណេះដឹង ការបណ្តុះបណ្តាលអភិបាលកិច្ចល្អ និងការផ្តល់ទុនឱ្យបានគ្រប់គ្រាន់។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាកំពូលសេដ្ឋកិច្ចជាតិ បានបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុ និងសុវត្ថិភាពស្បៀងអាហារ កំពុងគំរាមកំហែងដល់តម្រូវការធនធានប្រកបដោយនិរន្តរភាព។ ផលិតកម្មស្បៀងអាហាររបស់កម្ពុជា មានលក្ខណៈច្រើនតែជាបែបធម្មជាតិបៃតង ដែល ចាំបាច់ត្រូវការបញ្ជ្រាបគោលការណ៍នេះ ដើម្បីបង្កើនទីផ្សារចំណីអាហារ និងផ្ដល់ផលប្រយោជន៍ដល់កសិករឱ្យបានច្រើនជាងមុន ដោយគួរតែបង្កើននូវមធ្យោបាយដំណោះស្រាយបែបកសិកម្មអាកាសធាតុឆ្លាតវៃ និងភ្ជាប់នូវចន្លោះប្រហោងលើផ្នែកចំណេះដឹង ដោយការសិក្សាស្រាវជ្រាវ និងការចែករំលែកព័ត៌មាន។ ឯកឧត្ត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបំពេញនូវកិច្ចសហប្រតិបត្តិការពហុភាគីក្នុងសកម្មភាពជាក់ស្តែងនានា ក៏ដូចជាការរៀបចំផែនការ ការកៀរគរធនធាន និងការគាំទ្រគោលនយោបាយផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ក៏មាននូវការដាក់ឱ្យដំណើរការគម្រោងផ្តួចផ្តើមកសិកម្មអាកាសធាតុឆ្លាតវៃ តាមរយៈគម្រោង GRAISEA2 របស់អង្គការ Oxfam ប្រចាំតំបន់ ដែលជាគម្រោងក្រោមការផ្ដល់ទុនដោយស្ថានទូតស្វីសបាំងកក (SIDA)៕




អត្ថបទបន្ទាប់


ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន សន្យាជំរុញឱ្យក្រុមហ៊ុន និងវិនិយោគិនអាមេរិកមកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត

ព័ត៌មាន
គណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិច-អាស៊ាន (US-ABC) ដឹកនាំដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត Michael Michalak អនុប្រធានជាន់ខ្ពស់ និង…

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនព្រីនខ្នាតធំក្នុងទីផ្សារកម្ពុជា

ព័ត៌មាន
Epson ជាក្រុមហ៊ុនម៉ាស៊ីនព្រីនដែលមានបច្ចេកវិទ្យាឈានមុខគេ បានបញ្ចេញលក់ម៉ាស៊ីនព្រីនផ្លាកសញ្ញាខ្នាតធំ Epson SureColor S-Series ចំនួនពីរម៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ