ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូ នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ បានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារតារាអ៊ែរផត ដោយមានការចូលរួមដោយគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកា ស្ថាប័នទាំងពីរ។
បច្ចុប្បន្ន ធនាគារ ប្រៃសណីយ៍កម្ពុជា មានបណ្តាញម៉ាស៊ីន ATM សរុប ៨៩ទីតាំងនៅទូទាំងប្រទេស ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានបណ្តាញម៉ាស៊ីន ATM សរុប ៧០ទីតាំងទូទាំងប្រទេស។ នេះមានន័យថា អតិថិជនទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អាចដកប្រាក់ពីម៉ាស៊ីន ATM សរុប ១៥៩ទីតាំងទូទាំងប្រទេស ដោយឥតគិតថ្លៃសេវា។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមនស្សជាខ្លាំងដែលបានក្លាយជាដៃគូសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ហើយកិច្ចសហប្រតិបត្តិការមួយនេះ គឺជាយុទ្ធសាស្រ្តរបស់ស្ថាប័នទាំងពីរ ដែលធ្វើឡើងក្នុងគោលដៅរួម គឺដើម្បីពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួនឱ្យកាន់តែរហ័ស ងាយស្រួល និងខិតជិតអតិថិជន។»
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា៖ «គោលបំណងសំខាន់នៃកិច្ចសហការនេះគឺផ្តោតសំខាន់លើអតិថិជនជាចម្បង ដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុ តាមរយៈការដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹម របស់ស្ថាប័នទាំងពីរ បានយ៉ាងងាយស្រួល មានប្រសិទ្ធិភាព និងចំណេញពេលវេលា។ យើងនឹងនៅតែបន្តពង្រីក និងពង្រឹងសក្តានុពលការគ្រងគ្រងហិរញ្ញវត្ថុ ឲ្យបានកាន់តែទូលំទូលាយ និងបំពេញតម្រូវការអតិថិជន តាមរយៈការចាប់ដៃគូសហការជាមួយស្ថាប័នដែលមានគុណភាព និងមានកេរឈ្មោះដូចជាធនាគារ ប្រៃសណីយ៍កម្ពុជាជាដើម។ បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈគំរាមកំហែងពីជំងឺកូវីដ-១៩ យ៉ាងណាក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរតាមរយៈការបង្កើតឲ្យមានផលិតផល និងសេវាកម្មថ្មីៗដើម្បីបំពេញតម្រូវការរបស់ អ្នកប្រើប្រាស់ ស្របតាមសម័យកាលឌីជីថល ដូចជាសេវាបើកគណនីធនាគារដោយខ្លួនឯង សេវាធនាគារចល័ត AMK Mobile កម្ចីឌីជីថល ឬ កម្ចីអនឡាញ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត ដែលកំពុងបម្រើដល់តម្រូវការរបស់អ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា»។