អាមេរិកដាក់ទ័ពទៅអឺរ៉ុបខាងកើត

អាមេរិកបញ្ជូនកងទ័ព ៣ពាន់នាក់ទៅអឺរ៉ុបខាងកើតត្រៀមទប់ទល់ការវាយប្រហារពីរុស្សី


សហរដ្ឋអាមេរិក បានសម្រេចបញ្ជូនទ័ពជិត៣ពាន់នាក់បន្ថែមទៀតពីលើកម្លាំងដែលខ្លួនកំពុងមានស្រាប់នៅតំបន់អឺរ៉ុបខាងកើត។ កងទ័ពទាំងនេះ នឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសប៉ូឡូញ និងរ៉ូម៉ានី ដើម្បីជាខ្សែត្រៀមការពារក្រែងមានការវាយប្រហាររាលដាលណាមួយកើតឡើងក្នុងតំបន់អឺរ៉ុបខាងកើត ករណីដែលរុស្សីឈ្លានពានអ៊ុយក្រែន។ នេះបើតាមការគូសបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោន។
សហរដ្ឋអាមេរិក បានសម្រេចបញ្ជូនទ័ពជិត៣ពាន់នាក់បន្ថែមទៀតពីលើកម្លាំងដែលខ្លួនកំពុងមានស្រាប់នៅតំបន់អឺរ៉ុបខាងកើត

មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​ក បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​ទ័ព​ទាំង​ជិត​៣​ពាន់​នាក់ មាន​១​ពាន់​នាក់​នឹង​ត្រូវ​បញ្ជូន​ចេញពី មូលដ្ឋាន​កងអនុសេនាធំ Stryker មាន​មូលដ្ឋាន​នៅ​ទីក្រុង Vilseck ប្រទេស​អា​ល្លឺ​ម៉​ង់ ឆ្ពោះទៅ​កាន់​ប្រទេស​រ៉ូ​ម៉ា​នី​។ ខណៈ​ដែល​កងទ័ព ប្រហែល ១​ពាន់​៧​រយ​នាក់​ទៀត ភាគច្រើន​មក​ពី​កងពលធំ​លេខ​៨២ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ ខា​រ៉ូ​ឡាយ​ណា​ខាងជើង (North Carolina) នឹង​ត្រូវ​ដាក់​ពង្រាយ​ទៅ​កាន់​ប្រទេស​ប៉ូ​ឡូញ​។ ដោយឡែក កងទ័ព​ដែល​នៅ​សេសសល់ ៣០០​នាក់​ផ្សេង​ទៀត នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ជា​កង​ត្រៀម​ជំនួយ នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ជំនួស​វិញ​។

សម្រាប់​សហរដ្ឋអាមេរិក ការ​សម្រេច​ដាក់​ពង្រាយ​កងទ័ព​ទៅ​តំបន់​អឺរ៉ុប​ខាងកើត​ដែល​កំពុង​មាន​ភាព​តានតឹង​ក្នុង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន គឺជា​រឿង​ដែល​គេ​គួរ​ធ្វើ ទុកជា​ការ​ឆ្លើយ​តប​នឹង​សកម្មភាព​របស់​ប្រទេស​រុ​ស្សី​។ ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន និយាយ​ថា ការ​សម្រេច​ប​ញ្ចូ​ន​ទ័ព​លើក​នេះ ជា​រឿង​ស្រប​ដូច​ទៅ​នឹង​អ្វី​ដែល​លោក​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​លោកពូ​ទី​ន ប្រធានាធិបតី​រុ​ស្សី​រួច​ហើយ​។ លោក បៃ​ឌិន ធ្លាប់​បាន​គូសបញ្ជាក់​ប្រាប់​ក្រុង​ម៉ូ​ស្កូ​ថា ដរាបណា​រុ​ស្សី​បន្ត​មាន​សកម្មភាព​យោធា​បែប​គំរាមកំហែង នោះ​អា​មេ​រិ​ក អង្គការ​ណា​តូ និង​សម្ព័ន្ធមិត្ត​នឹង​បន្ត​មាន​វត្ត​មាននៅ​អឺរ៉ុប​ខាងកើត​ដូច​គ្នា​។

ចំនួន​ទ័ព​បន្ថែម ៣​ពាន់​នាក់ បូក​រួម​កងទ័ព​មួយ​ចំនួន ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាងកើត គឺ​នៅ​មាន​តិច​នៅឡើយ បើ​ធៀប​នឹង​យោធា​រុ​ស្សី​ដែល​ធ្លាប់​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ដល់​ជាង​១០​ម៉ឺន​នាក់​ឡោម​ព័ទ្ធ​អ៊ុយ​ក្រែ​ន​ជា ៣​ទិស​។ ប៉ុន្តែ​បើ​តាម​ការ​អះអាង​ពី​មន្ទីរ​បញ្ជ​កោណ វត្តមាន​យោធា​អា​មេ​រិ​ក​ដែល​បញ្ជូន​បន្ថែម​នេះ ជា​សារ​ដ៏​រឹង​មាំ​ផ្ញើ​ទៅ​កាន់​លោកពូ​ទី​ន​ថា ទាំង NATO ទាំង​សម្ព័ន្ធមិត្ត សុទ្ធតែ​មាន​សារៈសំខាន់​ចំពោះ​សហរដ្ឋអាមេរិក​។

សម្រាប់​ប្រទេស​រុ​ស្សី ការ​បញ្ជូន​ទ័ព​អា​មេ​រិ​កមក​ក្នុង​តំបន់ គឺ​ដូច​ជា​ការ​យក​សាំង​មក​ចាក់​ស្រោច​លើ​ភ្លើង​អ​ញ្ចឹ​ង​ដែរ​។  អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក មី​ត​ទ្រី ភី​ស្គូ​វ (Dmitry Peskov) ប្រាប់​CNN​ថា សហរដ្ឋអាមេរិក​កំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ក្តៅ​ឡើង​ៗ​ហើយ​។ យ៉ាងណា​ក៏​ដោយ លោក​កត់សម្គាល់​ឃើញ​ថា ការ​ដាក់​ពង្រាយ​កងទ័ព​នេះ គឺជា​ភស្តុ​តាង​ដ៏​ច្បាស់​បំផុត​បញ្ជាក់​ពី​ការ​ព្រួយបារម្ភ​នៃ​សន្តិសុខ​ជាតិ​រុ​ស្សី​កន្លង​មក​។

សូម​ជម្រាប​ថា ការ​សម្រេច​បញ្ជូន​ទ័ព​ក្រោម​បញ្ជា​របស់​លោក​ចូ បៃ​ឌិន ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​ចោទប្រកាន់​ប្រទេស​លោក​ខាងលិច​ជា​សាធារណៈ​ថា មាន​ចេតនា​បង្កើត​សេណា​រី​យ៉ូ​រៀបចំ​អូស​ទាញ​រុ​ស្សី​ឱ្យធ្វើ​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសាធារណការស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារនៅកម្ពុជា ប្រើប្រាស់ម៉ូតូអគ្គិសនីជំនួសម៉ូតូប្រើសាំង

ព័ត៌មាន
ក្រសួងសាធារណៈការ និងដឹកជញ្ជូន មានបំណងស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារនៅកម្ពុជា ពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយ ថាមពលអគ្គិសនី …

ថៃរំពឹងកំណើនទំហំពាណិជ្ជកម្មតាមព្រំដែនបន្ដកើនឡើង ៥-៧% នៅឆ្នាំ២០២២

ព័ត៌មាន
ប្រទេសថៃ រំពឹងថា ពាណិជ្ជកម្មតាមព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសជិតខាងរួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា អាចនឹងបន្ដកើនឡើងពី ៥ ទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ