

ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២% ត្រូវនឹងទឹកប្រាក់សរុប ៤៤៤លានដុល្លារអាមេរិច(ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

លោក គា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានថ្លែងថា៖ «គ្រឹះស្ថាន អេ អឹម ខេ យើងខ្ញុំពិតជាមានមោទនភាពដែលបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្តុដំបូងគេលើការវិនិយោគសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ។ មិនតែប៉ុណ្ណោះ យើងក៏បានចូលរួមជំរុញទៅលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា» ។
ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម៕