លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យល់ឃើញថា ជាទូទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានទំហំធំ និងមានសមត្ថភាពគ្រប់គ្រាន់ នឹងត្រូវបានគេរុញឱ្យក្លាយជាគ្រឹះស្ថានធនាគារពាណិជ្ជនៅក្នុងពេលណាមួយនាពេលខាងមុខ។ បើតាមអ្នកជំនាញរូបនេះ ការក្លាយជាធនាគារពាណិជ្ជនឹងបង្កភាពងាយស្រួលដល់ការប្រកួតប្រជែងនៅក្នុងទីផ្សារហិរញវត្ថុនៅកម្ពុជា។
បើតាមអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ ការណ៍ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានភាគទុនិកជាធនាគារអន្តរជាតិ ចូលរួម គឺនឹងធ្វើឱ្យគ្រឹះស្ថាននេះកាន់តែរីកចម្រើន និងជំរុញការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន ខណៈភាគទុនិក ដែលមកពីបរទេសដែលមានទុន បច្ចេកវិទ្យា និងសមត្ថភាពខ្ពស់ នឹងចូលរួមជួយពង្រីកគ្រឹះស្ថានហិរញ្ញវត្ថុឱ្យកាន់តែធំ។
ពាក់ព័ន្ធនឹងកិច្ចសហការរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងធនាគារ សាយណូផេក ( Bank SinoPac ) របស់កោះតៃវ៉ាន់នេះ សារព័ត៌មាន ខេមបូណូមីស ពុំទាន់អាចសុំការបញ្ជាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបាននៅឡើយទេ ប៉ុន្តែនៅលើបណ្ដាញសង្គមផ្លូវការណ៍របស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ បានគូសបញ្ជាក់ថា ធនាគារ សាយណូផេក បានចូលរួមជាភាគទុនិកធំថ្មីរបស់ អម្រឹត ខណៈធនាគារឈានមុខគេនេះមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមគាំទ្រ លើកកម្ពស់ជីវភាពរស់នៅ និងអាជីវកម្មរបស់អតិថិជន និងសហគមន៍ឲ្យកាន់តែប្រសើរឡើង និងរីកចម្រើនប្រកបដោយចីរភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានសង្កត់ធ្ងន់ថា កិច្ចសហការនេះ គឺជាការផ្លាស់ប្តូរភាគទុនិកតែប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបេសកកម្មស្នូល រចនាសម្ព័ន្ធថ្នាក់គ្រប់គ្រង បុគ្គលិក ឬសេវាកម្មណាមួយឡើយ៕
អត្ថបទ៖ បូ ដូឡា