វិស័យសេដ្ឋកិច្ច

តើទឡ្ហីករណ៍អ្វីខ្លះជំរុញឱ្យការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥,៨% នៅឆ្នាំ២០២៥?


ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់៥,៨% នៅក្នុងឆ្នាំ២០២៥ នេះ។ ការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នេះ ធ្វើឡើងក្រោយស្ថាប័នជំនាញនេះមើលឃើញពីកំណើនងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ និងកំណើនផលិតកម្មក្នុងវិស័យមិនមែនកាត់ដេរ រួមជាមួយការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍។ តើអ្នកជំនាញមានការវាយតម្លៃបែបណាចំពោះកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ?
វិស័យសេដ្ឋកិច្ច
ដោយ

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តងើបឡើងបន្តិចជាមួយនឹងកំណើនក្នុងរង្វង់៥,៨% នៅក្នុងឆ្នាំ២០២៥ នេះ ដែលនឹងជួយគាំទ្រដោយកំណើនក្នុងវិស័យកាត់ដេរ ដែលត្រូវបានគេរំពឹងថា នឹងងើបឡើងវិញជាលំដាប់នៅឆ្នាំ២០២៥ ដែលជំរុញដោយតម្រូវការកាន់តែខ្លាំងឡើងសម្រាប់ទំនិញប្រើប្រាស់នៅក្នុងទីផ្សារសំខាន់ៗ ខណៈវិស័យមិនមែនកាត់ដេរត្រូវបានព្យាករថា នឹងរក្សាបាននូវសន្ទុះកំណើនដ៏រឹងមាំ ដែលគាំទ្រដោយលំហូរវិនិយោគផ្ទាល់ពីបរទេស។

បើតាមរបាយការណ៍ទស្សនៈរបស់សិក្សាស្រាវជ្រាវហិរញ្ញវត្ថុនេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំនេះ ក៏នឹងជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលត្រូវបានជំរុញដោយកំណើនជើងហោះហើរ ការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរបរទេស ជាពិសេសពីប្រទេសចិន និងការប្រើប្រាស់ក្នុងស្រុក។ តែយ៉ាងណា AMRO បានអះអាងថា វិស័យសំណង់អាចប្រឈមនឹងការស្ទុះងើបឡើងវិញយឺត ដោយកំណើនបន្តធ្លាក់ចុះក្រោមកម្រិតមុនមានជំងឺរាតត្បាត ដោយសារការធ្លាក់ចុះនៃវិស័យអចលនទ្រព្យរយៈពេលយូរ។ ទន្ទឹមនឹងនេះ ការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដោយផែនការមេដ៏ស៊ីជម្រៅរបស់រដ្ឋាភិបាលសម្រាប់វិស័យដឹកជញ្ជូន និងភស្តុភារកម្ម នឹងជួយសម្រាលបន្ទុកក្នុងវិស័យអចលនទ្រព្យមួយផ្នែក។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់៥,៨% នៅឆ្នាំ២០២៥ នេះ គឺបានបង្ហាញពីសញ្ញាណល្អប្រសើររបស់សេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែកំណើននេះហាក់មិនសូវខុសគ្នានោះទេ បើធៀបនឹងឆ្នាំមុន ហើយកំណើននេះ ក៏ហាក់មិនបានឆ្លុះបញ្ចាំពីជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបានគ្រប់កម្រិតនោះទេ ពោលគឺកំណើននេះ ភាគច្រើនកើតចេញពីអ្នកដែលមានធនធាន និងមុខជំនួញធំៗ។

ការវាយតម្លៃបែបនេះរបស់លោក យង់ គិមអេង ក៏ដោយសារបច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួននៅតែជាប់បំណុលច្រើន ហើយវិស័យអចលនទ្រព្យមិនទាន់មានភាពល្អប្រសើរឡើងវិញគួរឱ្យកត់សម្គាល់នៅឡើយ។ អ្នកជំនាញរូបនេះអះអាង ការជំរុញការអភិវឌ្ឍវិស័​យកសិកម្ម និងកសិឧស្សាហកម្ម ឱ្យកាន់តែរីកចម្រើន គឺជាមូលដ្ឋានគ្រឹះសំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បន្ថែមលើកំណើននៃវិស័យទេសចរណ៍។

​ជាមួយគ្នានេះ លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា យល់ឃើញថា ទោះបីមានការព្យាករពីភាពប្រសើរឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក៏ដោយ ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្ន ការប្រកបមុខរបររបស់ពលរដ្ឋទូទៅនៅពុំទាន់ល្អដូចមុននៅឡើយទេ ដោយសារកំណើនសេដ្ឋកិច្ចនៅពុំទាន់មានការរាយប៉ាយ និងពុំទាន់ផ្ដល់ផលដល់ពលរដ្ឋបានគ្រប់គ្នា។ កត្តានេះហើយដែលធ្វើពលរដ្ឋ ដែលជាអ្នករកស៊ីក្នុងវិស័យ ដែលមិនទាន់មានភាពរីកចម្រើនដូចជាវិស័យអចលនទ្រព្យ និងទេសចរណ៍ជាដើមតែងប្រតិកម្មនៅពេលមានការព្យាករពីកំណើនសេដ្ឋកិច្ចម្តងៗ។ ទន្ទឹមនឹងនេះលោក លី សូដេត បានចាត់ទុកវិស័យកសិកម្ម ជាវិស័យដែលផ្ដល់ផលដល់ពលរដ្ឋច្រើន ដោយសារតែវិស័យនេះត្រូវបានដាំដុះ និងផលិតក្នុងស្រុក ប៉ុន្តែត្រូវទាមទារឱ្យមានការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់បន្ថែមទៀត។

​ជុំវិញការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៥ បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២៥នេះ នឹងសម្រេចបានកំណើនក្នុងរង្វង់៦,៣% ដែលនឹងជួយគាំទ្រដោយសារកំណើនក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម៕




អត្ថបទបន្ទាប់


ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ - ថ្មីៗនេះ ក្រុមហ៊ុន Emirates បានប្រកាសពីការផ្តល់ជូនកាដូពិសេសថ្មីសម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងទៅទ…

ធនាគារ ហត្ថា នឹងរៀបចំវេទិកាស្ដីពី ហុង ស៊ុយ ឆ្នាំ២០២៥ សម្រាប់អតិថិជន ដើម្បីជាគន្លឹះបន្ថែមសម្រាប់គ្រប់គ្រងអាជីវកម្មដោយមានទំនុកចិត្ត

ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ