អ្នកជំនាញក្នុងវិស័យអាកាសចរណ៍ និងដឹកជញ្ជូនបានចាត់ទុកកំណើននេះ គឺជាសញ្ញាល្អមួយ ដែលបានបង្ហាញពីភាពល្អប្រសើរនៃសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយប្រទេសដៃគូ។
បើតាមការអះអាងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានការងើបឡើងវិញជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងនៅក្នុងរយៈពេល៧ខែឆ្នាំនេះ ការដឹកជញ្ជូនទំនិញទ្វេទិសតាមផ្លូវអាកាស មានចំនួនជាង៤ម៉ឺន២ពាន់តោន មានការកើនឡើងប្រមាណ៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ មន្ត្រីជាន់ខ្ពស់រូបនេះ បានចាត់ទុកការកើនឡើងនេះ គឺជាសញ្ញាល្អមួយដែលបានបង្ហាញពីការរើបឡើងវិញរបស់វិស័យអាកាសចរណ៍កម្ពុជា។ មិនត្រឹមតែទំនិញនោះទេ ចរន្តអ្នកដំណើរចេញចូលកម្ពុជាតាមផ្លូវអាកាសក្នុងរយៈពេលដូចគ្នានេះ ក៏មានការកើនឡើងប្រមាណ២០%ផងដែរ។
ពាក់ព័ន្ធបញ្ហានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា ដែលជាអ្នកជំនួញក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម កត់សម្គាល់ឃើញថា ការដឹកជញ្ជូនតាមផ្លូវអាកាសនៅមួយរយៈចុងក្រោយពិតជាមានការកើនឡើងពិតប្រាកដមែន។ អ្នកជំនាញរូបនេះ អះអាងថា ការកើនឡើងលំហូរទំនិញចេញចូលតាមផ្លូវអាកាសនេះ គឺដោយសារមានតម្រូវការទំនិញបន្ទាន់ពីបណ្ដាប្រទេសឆ្លងទ្វីប គួបផ្សំការដឹកជញ្ជូនបែបនេះចំណេញពេលវេលា និងលឿនជាងការដឹកជញ្ជូនតាមផ្លូវទឹក។ អ្នកជំនាញចាស់វស្សាក្នុងវិស័យដឹកជញ្ជូននេះ បានចាត់ទុកការកើនឡើងនេះ គឺជាសញ្ញាល្អសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងបានបង្ហាញពីភាពល្អប្រសើរនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្ដាប្រទេសនានាលើពិភពលោក។
ស្រដៀងគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា កត់សម្គាល់ឃើញថា សញ្ញារីកចម្រើននៃការដឹកជញ្ជូនតាមផ្លូវអាកាសនេះ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងចំពោះវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ខណៈការវិនិយោគនានា នៅកម្ពុជា ក៏កំពុងកើតមានជាបន្តបន្ទាប់។ ការណ៍នេះ មិនត្រឹមតែធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវអាកាសទទួលបានភាពវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក ក៏មានការកើនឡើងដូចគ្នាដែរ ដែលនេះបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានការកើនឡើង ហើយនឹងបន្តនិរន្តរភាពដល់ឆ្នាំ២០២៥ ផងដែរ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានវាយតម្លៃថា មកទល់ពេលនេះ វិស័យដឹកជញ្ចូនតាមអាកាសចរណ៍របស់កម្ពុជា បានងើបឡើងវិញប្រមាណ៦៧% បើធៀបនឹងពេលមិនទាន់ផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយរំពឹងថា វិស័យនេះនឹងអាចងើបឡើងវិញដូចឆ្នាំ២០១៩ នៅក្នុងឆ្នាំ២០២៦ ខាងមុខ៕
ដោយៈ សរ សុជាតិ