ការផឹកស្រាបៀរជាមធ្យមក្នុងមនុស្សម្នាក់នៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយបានកើនឡើងពីត្រឹម២,៦លីត្រក្នុងមួយឆ្នាំក្នុងឆ្នាំ២០០៥ ឈានរហូតដល់ជាង៥៧លីត្រឯណោះក្នុងមួយឆ្នាំគិតត្រឹមឆ្នាំ២០២៤ នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ អាស្ទូត អែនណលលីទិកខា (Astute Analytica) ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា។
ស្ថាប័ននេះព្យាករថា ទីផ្សារស្រាបៀរនៅកម្ពុជានឹងហក់ឡើងដល់ជាងជាង២ពាន់២៣០លានដុល្លាអាម៉េរិកនៅត្រឹមឆ្នាំ២០៣២ ដោយកើនឡើងពីជាង១ពាន់៦០លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣។
ជុំវិញរបាយការណ៍ស្រាវជ្រាវរបស់ស្ថាប័នអន្តរជាតិនេះដែរ លោក ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា លោកមិនហ៊ានវាយតម្លៃថាតើរបាយការណ៍នេះមានភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវកម្រិតណានោះទេ ដោយសារលោកមិនបានឃើញមូលដ្ឋាន ឬ វត្ថុតាងនៃការស្រាវជ្រាវ។ តែយ៉ាងណាលោកយល់ថា ប្រសិនបើការសិក្សាស្រាវជ្រាវនេះពិតជាអាចកើតឡើងពិតប្រាកដមែននោះ វាគឺជាបញ្ហាមួយដែលក្រសួងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង។ សម្រាប់លោក ឈត ប៊ុនថង ទោះបីការហក់ឡើងទំហំទីផ្សារស្រាបៀរ វាអាចជួយបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុន និងថវិការដ្ឋក៏ពិតមែន តែអាចបង្កហានិភ័យដល់សុខភាព និងសង្គមជាតិ ក៏ដូចជាប៉ះពាល់ផលដល់ផែនការអភិវឌ្ឍន៍ប្រទេសជាតិ ដោយសារការកើនឡើងចំនួនអ្នកទទួលទានស្រាបៀរ។
បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ អាស្ទូត អែនណលលីទិកខា ទំហំសរុបនៃការផឹកស្រាបៀរសរុបនៅក្នុងប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងឈានដល់ជាង ៩៥ម៉ឺនតោន នៅក្នុងឆ្នាំ២០២៤ នេះ ហើយក្នុងនោះឃើញថា បុរសផឹកស្រាបៀរច្រើនជាងស្ត្រី ដែលស្របទៅនឹងនិន្នាការពិភពលោក។
បើតាមរបាយការណ៍នេះ មានកត្តាចម្បងធំៗ២ ដែលធ្វើឱ្យទីផ្សារស្រាបៀរនៅកម្ពុជា មានសន្ទុះហក់ឡើងខ្លាំងដូចផ្លេកបន្ទោរបែបនេះ រួមមានកត្តាផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងសម្បើម និងបន្តដូចភ្លៀងរលឹមដូចជាការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុង ផ្ទាំងប៉ាណូ ការប្រគំតន្ត្រី និងការផ្សាយតាមទូរទស្សន៍ និងបណ្ដាញទំនាក់ទំនងសង្គម និងកត្តាច្បាប់ ជាដើម។
របាយការណ៍ដដែលបានបន្តថា ខុសពីបណ្ដាប្រទេសជិតខាង កម្ពុជានៅមិនទាន់អនុវត្តវិធានតឹងរ៉ឹងលើការផ្សព្វផ្សាយអំពីគ្រឿងស្រវឹងនៅឡើយទេ ហើយការខ្វះចន្លោះនេះនឹងធ្វើឱ្យទីផ្សារស្របៀរនៅកម្ពុជាបន្តសម្រេចបានកំណើនជាលំដាប់គួរឱ្យកត់សម្គាល់៕
ដោយ: តែម សុខុម