អ្នកវិភាគព្រមានថា អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាម៉េរិក នឹងកើនឡើងទ្វេដងនៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ ហើយការធ្លាក់ចុះសេដ្ឋកិច្ច គឺពិបាកនឹងជៀសរួចណាស់។
លោក ដូមីនិក ខុនស្ទែម (Dominic Konstam) អ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន មីហ្ស៊ូហូ (Mizuho) បានប្រាប់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា ស្ថានភាពលំបាកនៃសេដ្ឋកិច្ចនឹងកាន់តែកើនឡើងខ្លាំង ហើយអត្រាគ្មានការងារនៅសហរដ្ឋអាម៉េរិក អាចនឹងកើនឡើងយ៉ាងហោចណាស់ពី៦% ទៅ៧%ដែរនៅចុងឆ្នាំនេះ។
លោកបានបន្តថា ទីផ្សារការងារកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការជជែកដេញដោលអំពីស្ថានភាពសេដ្ឋកិច្ច ខណៈការជ្រើសរើសបុគ្គលិកនៅតែជាប់គាំង ហើយការជម្រុះបុគ្គលិកចេះតែកើនឡើង។
ខណៈដែលអត្រាគ្មានការងារធ្វើកំពុងស្ថិតក្នុងកម្រិតទាបជាប្រវត្តិសាស្ត្រក្នុងរង្វង់៣,៧% អ្នកជំនាញសេដ្ឋកិច្ច ដែលធ្លាប់បម្រើការងារនៅធនាគារកណ្ដាលអាម៉េរិក និងអ្នកជំនាញសេដ្ឋកិច្ចនៅធនាគារវិនិយោគពហុជាតិសាសន៍របស់សហរដ្ឋអាម៉េរិក ហ្គូលមែន ស្សាក (Goldman Sachs) បានព្រមានអំពីការកើនឡើងនូវហានិភ័យបាត់បង់ការងារកាន់តែច្រើននៅសហរដ្ឋអាម៉េរិក ខណៈដែលទិន្នន័យថ្មីៗ ស្ដីពីស្ថានភាពទីផ្សារការងារនឹងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។
ជុំវិញបញ្ហានេះ លោក ដូមីនិក ខុនស្ទែម (Dominic Konstam) បានថ្លែងថា ប្រាកដណាស់ថា ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ទំនិញនឹងឡើងថ្លៃ ហើយការឡើងថ្លៃទំនិញមានផលប៉ះពាល់ជាអវិជ្ជមានលើប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ហើយជាការឆ្លើយតប អាជីវកម្មនានានឹងកាត់បន្ថយបុគ្គលិកដែលនឹងជំរុញអត្រានៃភាពគ្មានការងារធ្វើកើនឡើង៕
ដោយៈ សរ សុជាតិ