យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន បានរកឃើញថា ទស្សនរបស់ប្រជាជនអាម៉េរិក កាន់តែមានភាពអវិជ្ជមានចំពោះប្រទេសចិន។ លទ្ធផលស្រាវជ្រាវរបស់មជ្ឈមណ្ឌលនេះបានបង្ហាញថា ប្រជាជនអាម៉េរិក ចំនួន៤២% ចាត់ទុកប្រទេសចិន ជាសត្រូវ ខណៈ៦% ចាត់ទុកចិន ជាដៃគូពាណិជ្ជកម្ម និងពាក់កណ្តាលនៃប្រជាជនដែលបានសម្ភាសចាត់ទុកចិន ជាគូប្រកួតប្រជែងដ៏ស្រួចស្រាវបំផុត។
លទ្ធផលនៃការស្ទង់មតិនេះ គឺគេបានធ្វើឡើងក្នុងចំណោមមនុស្សពេញវ័យ៣ពាន់៦រយនាក់ នៅចន្លោះពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ ការស្ទង់មតិបានរកឃើញថា ប្រជាជនអាម៉េរិកដែលចូលរួមឆ្លើយចំនួន៨១% មានទស្សនមិនសូវចូលចិត្តតចិន ហើយក្នុងចំណោមពួកគេទាំងនេះរហូតដល់៤២% មានទស្សនប្រឆាំងចិន។ ស្ថាប័នស្រាវជ្រាវមិនគិតចំណូលនេះបានលើកឡើងថា លទ្ធផលដែលបានរកឃើញខាងលើ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០២០ ដោយនៅពេលនោះពលរដ្ឋអាម៉េរិក ត្រឹមតែ៦៦%ប៉ុណ្ណោះ ដែលបានចាត់ទុកចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមានភាពអវិជ្ជមានសម្រាប់ពូកគេ។
ប្រភពដដែលបានលើកឡើងថា ប្រហែល៧០%នៃជនជាតិអាម៉េរិក យល់ស្របថា ប្រទេសចិន កំពុងរីកចម្រើនកាន់តែខ្លាំង ហើយអារម្មណ៍បែបនេះត្រូវបានអមដោយក្តីបារម្ភអំពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន ក្នុងនោះមានអ្នកឆ្លើយសំណួរចំនួន៦១% បានបង្ហាញការព្រួយបារម្ភពីជម្លោះដណ្តើមទឹកដីរវាងចិនជាមួយប្រទេសជិតខាង។
យោងតាមការស្ទង់មតិ ប្រជាជនអាម៉េរិក បានរិះគន់យ៉ាងខ្លាំងចំពោះផលប៉ះពាល់របស់ចិនទៅលើសេដ្ឋកិច្ចអាម៉េរិក ហើយពួកគេមានការព្រួយបារម្ភចំពោះឥទ្ធិពលរបស់ចិន ក្នុងការជះផលអវិជ្ជមានដល់សហរដ្ឋអាម៉េរិក ជាពិសេសជំរុញកំណើនអត្រាអតិផរណាតែម្តង។
ទោះបីមិនមានការពាក់ព័ន្ធនឹងរបាយការណ៍នៃការស្ទង់មតិនេះ លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិកត្រូវសារព័ត៌មាននានាដកស្រង់សម្តី ដោយលោកបាននិយាយពីចរិតពិតរបស់ពលរដ្ឋ អាម៉េរិកថា អាម៉េរិកខុសពីចិន ជប៉ុន និងឥណ្ឌាត្រង់ថា អាម៉េរិកមិនដែលស្អប់ជនចំណាកស្រុកនោះឡើយ។ លោកបានបញ្ជាក់ថា ការធ្វើចំណាកស្រុក គឺជាចំណុចល្អសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ដ្បិតជនចំណាកស្រុកជាផ្នែកមួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ៕
ដោយៈ សរ សុជាតិ