ដំឡូងមីកម្ពុជា

ក្រៅពីវៀតណាម និងថៃ ក្រុមហ៊ុនចិន និងឥណ្ឌាកំពុងចរចាទិញដំឡូងមីកម្ពុជាដោយផ្ទាល់


ឈ្មួញចិន និងឥណ្ឌា កំពុងចរចាប្រមូលទិញដំឡូងមីពីកម្ពុជាដោយផ្ទាល់ ដែលអាចឈានដល់ការពង្រីកទីផ្សារបន្ថែមទៀតនាពេលខាងមុខ ខណៈបច្ចុប្បន្នទីផ្សារធំសម្រាប់ដំឡូងមីកម្ពុជា គឺប្រទេសវៀតណាម និងថៃ។ នេះបើតាមការគូសបញ្ជាក់របស់ប្រធានសមាគមកសិករដំឡូងមីខ្មែរ ដែលបានបន្ថែមថា បច្ចុប្បន្នកសិករកំពុងសម្រិតសម្រាំងពូជដំឡូងមី ដើម្បីឱ្យការដាំដុះទទួលបានទិន្នផលខ្ពស់ និងស្របតាមការចង់បានពីទីផ្សារបរទេស។
2
ដោយ

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានប្រាប់ខេមបូណូមីសថា មានក្រុមហ៊ុនចិន និងឥណ្ឌា កំពុងចរចាទិញដំឡូងមីរបស់កសិករ ដែលជាសមាជិករបស់សមាគម ចំនួន១០ម៉ឺនតោន ដើម្បីជាការសាកល្បងសម្រាប់ការនាំចេញលើកដំបូងដោយផ្ទាល់ទៅកាន់ប្រទេសទាំងពីរ។ ប៉ុន្តែការចរចាពុំទាន់ទទួលបានលទ្ធផលល្អនៅឡើយទេ ដោយសារភាគីក្រុមហ៊ុនបញ្ចាទិញបានតម្រូវឱ្យអ្នកផ្គត់ផ្គង់ត្រូវអនុវត្តតាមលក្ខខណ្ឌ តែកសិករពុំទាន់អាចធ្វើតាមលក្ខខណ្ឌ ដែលអ្នកបញ្ជាទិញចង់បាន។ យ៉ាងណាក៏ដោយប្រធានសមាគមរូបនេះជឿជាក់ថា ដើម្បីអាចពង្រីកទីផ្សារដំឡូងមីទៅកាន់ទីផ្សារបរទេសដោយផ្ទាល់ គឺវាទាមទារឱ្យមានការចូលរួមវិនិយោគពីវិនិយោគិនជាតិ និងអន្តរជាតិ បើពុំនោះទេដំឡូងមីកម្ពុជាទំនងជាមិនអាចហក់ចូលទីផ្សារបរទេសធំៗបានឡើយ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំសមាគមរូបនេះ បច្ចុប្បន្នដំឡូងមីខ្មែរមានសក្តានុពលខ្ពស់ទាំងទីផ្សារ និងតម្លៃ។

យ៉ាងណាក៏ដោយបើតាមការអះអាងរបស់លោក អិល ឈិញ បច្ចុប្បន្នសមាគមកសិករដំឡូងមីខ្មែរ កំពុងពង្រឹងលើការបន្សុតពូជ ការជ្រើសរើសពូជ និងបច្ចេកទេសដាំដុះឱ្យបានទិន្នផលខ្ពស់ និងស្របតាមស្តង់ដាតម្រូវរបស់ប្រទេសបញ្ជាទិញ។ បច្ចុប្បន្នសមាគមនេះមានកសិករជាសមាជិកជាង១ពាន់នាក់ និងមានផ្ទៃដីដាំដុះដំឡូងមីប្រមាណ២ម៉ឺនហិកតា។

សូមបញ្ជាក់ថា នៅក្នុងគោលនយោបាយដំឡូងមីឆ្នាំ២០១៨-២០២២ របស់រាជរដ្ឋាភិបាលកម្ពុជាបានចងក្រងថា ផលិតកម្មដំឡូងមីនឹងរួមចំណែករវាង៣% ទៅ ៤% នៃផលិតផលក្នុងស្រុកសរុប។ ជារៀងរាល់ឆ្នាំថវិកាស្ទើរតែ៣០០លានដុល្លារអាម៉េរិកត្រូវបានគេវិនិយោគ ដើម្បីដាំដុះដំឡូងមីលើផ្ទៃដីដាំដុះចំនួន៥០ម៉ឺនហិកតា ខណៈដែលការនាំចេញភាគច្រើននៅក្នុងទម្រង់ជាផលិតផលមិនទាន់កែច្នៃ និងជាចំណិតដំឡូងមីក្រៀម ដែលមានទំហំប្រមាណ៧២៨លានដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


IMF កែប្រែការព្យាករកំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះ និងបន្ទាបការព្យាករនៅឆ្នាំក្រោយ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចចិន ដោយបង្កើនពី៥ភាគរយ ទៅ៥,៤ភាគរយនៅឆ្នាំនេះ ដោយសារការងើបឡើងវិញដ៏រ…

ទំហំឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុថយចុះ ខណៈឥណទានមានហានិភ័យកើនជិត៦% នៅត្រីមាសទី៣ឆ្នាំនេះ

វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានចាត់ទុកជាវិស័យដ៏សំខាន់មួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច តែវិស័យនេះបានជួបប្រឈមបញ្ហាជាច្រើន ក្រោយពិភពលោកជួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ