APEC បារម្ភពីវិបត្តិសេដ្ឋកិច្ចសាកល

រដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC បារម្ភពីវិបត្តិសេដ្ឋកិច្ចសាកល និងសម្រេចរើសយកឌីជីថលនីយកកម្ម ជាឧបករណ៍ដោះស្រាយ


រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិក APEC បានរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាសេដ្ឋកិច្ចសកល ដែលកើតឡើងបន្ត នៅក្រោយពីវិបត្តិកូវីដ-១៩ ជាពិសេសគឺបញ្ហាអតិផរណា ដែលជាក្តីកង្វល់រួមនៅទូទាំងពិភពលោក និងការកើនឡើងការប្រែប្រួលអាកាសធាតុជាដើម។រដ្ឋមន្រ្តីទាំងអស់ បានតាំងចិត្តរួមគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ចទាំងនេះ និងបានសម្រេចជ្រើសរើសយក ឌីជីថលនីយកម្ម ធ្វើជាឧបករណ៍ដំណោះស្រាយដ៏សំខាន់។
រដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC សម្រេចប្រើឧបករណ៍ថ្មី ដោះស្រាយសេដ្ឋកិច្ចសាកល

កិច្ច​ប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC លើកទី២៩ ដែលបាន​ធ្វើឡើង​​នៅ​ក្រុងបាងកក ប្រទេសថៃ ក្រោម​មូលបទ «ឌីជីថលនីយកម្មឈានមុខ សមិទ្ធផល​ប្រកបដោយ​ចីរភាព» រយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ​២០២២ បានលើកឡើង​​ពី​បញ្ហា​ប្រឈម​​ម៉ាក្រូសេដ្ឋកិច្ច មានដូចជា ការឡើង​ថ្លៃស្បៀង​អាហារ និងថាមពល និង​​ឥទ្ធិពល​​ដែល​នៅបន្តរាលដាល​ពី​ជំងឺ​កូវីដ១៩ ដែល​បង្អាក់​ដល់​​ការផ្គត់ផ្គង់ ព្រមទាំង​​ការកើនឡើង​​នូវអតិផរណា​ និង​ការរឹតត្បិត​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ជាដើម។ នេះបើយោងតាម​សេចក្តីថ្លែងការណ៍ ​ដែលប្រកាស​​ដោយ​លោក Arkhom Termpittayapaisith រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​​នៃ​ប្រទេសថៃ ក្នុង​នាម​​ជា​ប្រធាន​កិច្ចប្រជុំ​នេះ។

ឆ្លើយតប​នឹង​បញ្ហាខាងលើនេះ រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ APEC បានបង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្តគោលនយោបាយ​​សារពើពន្ធបត់បែន ដើម្បីគាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច និង​ការបង្កើត​ការងារ។ ពួកគេ​បាន​សន្យាថា នឹង​ប្រើប្រាស់ឱ្យអស់​លទ្ធភាព​នូវគោលនយោបាយ​ដែលមាន​ដើម្បីគ្រប់គ្រង​សម្ពាធ​អតិផរណា និង​ជួយ​ឱ្យសេដ្ឋកិច្ច​មានកំណើន​ឡើងវិញ ក៏ដូចជា​រក្សាស្ថិរភាព​​នៃ​​ប្រព័ន្ធ​​រូបិយវត្ថុ​អន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍​​ដដែល​​បាន​លើកឡើង​​ពី​ការសង្កត់ធ្ងន់​របស់​​ប្រទេស APEC ទៅលើ​សារៈសំខាន់​​នៃសេរីភាព ការបើកចំហរ ការ​ស្មើភាពគ្នា តម្លាភាព ពាណិជ្ជកម្មអន្តរជាតិ​​ដែល​អាចកំណត់ទុកបាន និង​បរិយាកាស​​វិនិយោគ ដែល​ជាកត្តាគួបផ្សំ​​ក្នុង​កំណើន​​សេដ្ឋកិច្ច​តំបន់ និងសាកល។

សូម​ជម្រាប​ដែរថា ដើម្បីជំរុញ​ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចសាកល ក៏ដូចជា​​ស្របតាម​​មូលបទ​នៃកិច្ចប្រជុំ​​រដ្ឋមន្រ្តី​​ហិរញ្ញវត្ថុ APEC នេះ គឺ​ពួកគេ​​បាន​យល់ព្រមជាឯកច្ឆ័ន្ទ​ លើ​ឌីជីថលនីយកម្ម​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល ដែលនឹងក្លាយ​ជា​គន្លឹះមួយ​សម្រាប់​​វិបុលភាពរបស់ APEC​។ ប្រទេស​ APEC បាន​ទទួលស្គាល់​ថា ឌីជីថលនីយកម្ម​គឺ​ជាឧបករណ៍​ដ៏សំខាន់មួយ​ក្នុងការបញ្ជូន​ការគាំទ្រ​ហិរញ្ញវត្ថុ​ផ្ទាល់ដល់ប្រជាជន ជាពិសេសក្នុងអំឡុងពេលផ្ទុះខ្លាំងជំងឺកូវីដ-១៩ និង​ជួយសម្រួល​ដល់​ការប្រមូលពន្ធ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Arkhom ថ្លែងថា ឌីជីថល​នីយកម្ម បានបង្ហាញ​ឱ្យ​ឃើញ​ពី​សារៈសំខាន់​​របស់វា​​ក្នុងការ​នាំ​មកនូវ​​កំណើន​សេដ្ឋកិច្ច ជាពិសេស​​​នៅក្នុងការ​បង្កើន​​បរិយាកាស​សាកលភាវូបនីយកម្ម។

បើតាម​ការលើកឡើង​របស់​លោក Arkhom បាន​ឱ្យ​ដឹងក្នុងសន្និសីទកាសែត​ក្រោយកិច្ចប្រជុំ​នេះថា ការព្យាករពីកំណើន​សេដ្ឋកិច្ច​​សាកល​របស់ IMF គឺ​កើនឡើង​​ក្នុងរង្វង់ ៣,២% នៅឆ្នាំ​២០២២នេះ ហើយ​ឆ្នាំ​ក្រោយ​​នឹងធ្លាក់ចុះ​កំណើន​បន្តិច​វិញ​​ក្នុង​រង្វង់ ២,៧%។ សម្រាប់​សេដ្ឋកិច្ចរបស់ APEC ឆ្នាំនេះ​​ត្រូវបា​ន​ព្យាករថា នឹងមានកំណើន ២,៥% ហើយ​នឹងឡើងបន្តិចនៅឆ្នាំក្រោយ គឺក្នុងរង្វង់ ២,៦%៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


អគ្គិសនីកម្ពុជាចំណាយ ៦លានដុល្លារ ដើម្បីតភ្ជាប់បណ្ដាញអគ្គិសនីឥតគិតថ្លៃសម្រាប់ពលរដ្ឋតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក

បើតាមសម្តេចតេជោ ហ៊ុន សែន ពលរដ្ឋដែលបានរើលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង នឹងទទួលបានអត្ថប្រយោជន៍…

អាល្លឺម៉ង់រិះគន់ធ្ងន់ៗពីការប្រើ «យុទ្ធវិធីយោធាពិសពុល» របស់ពូទីនក្នុងសង្គ្រាម ខណៈសហភាពអឺរ៉ុបកំពុងសិក្សាពីការកំណត់តម្លៃប្រេង

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃទី ២០ ខែតុលា បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននឹងកំពុងប្រើប្រាស់យុទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ