លោក Tim Cook បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា លោកបានធ្វើទស្សនកិច្ចនៅក្នុងខេត្ត Kumamoto ប្រទេសជប៉ុន ដែលជាកន្លែងបណ្តុំរោងចក្របច្ចេកវិទ្យា និងបន្ទះសៀគ្វីជាច្រើន ក្នុងនោះរួមមាន ទាំងក្រុមហ៊ុនឈីបយក្សតៃវ៉ាន់ TSMC ដែលកំពុងសាងសង់ផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនាយកប្រតិបត្តិ Apple រូបនេះ ក៏បានទៅទស្សនកិច្ចនៅរោងចក្ររបស់ក្រុមហ៊ុន Sony និងបានលើកឡើងថា ក្រុមហ៊ុននេះ គឺជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតមួយនៅក្នុងប្រទេសជប៉ុន សម្រាប់ប្រព័ន្ធសេនស័រកាមេរ៉ា ដែលបំពាក់នៅលើ iPhone ជាង១ទសវត្សរ៍មកហើយ។
សូមរំលឹកថា យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei កាលពីចុងខែវិច្ឆិកាកន្លងទៅបានឱ្យដឹងថា ក្រុមហ៊ុន Sony នឹងផ្គត់ផ្គង់ឱ្យ Apple នូវសេនស័ររូបភាពជំនាន់ក្រោយបង្អស់សម្រាប់បំពាក់លើ iPhone ស៊េរីឆ្នាំ២០២៣ ឬអាចជា iPhone 15។ កិច្ចសហការគ្នានេះ នឹងជួយឱ្យ Sony មានឧត្តមភាពប្រកួតប្រជែងក្នុងបច្ចេកវិទ្យាថតរូប ទៅលើក្រុមហ៊ុនយក្សកូរ៉េ Samsung។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Apple បានបញ្ជាក់ថា ក្រុមហ៊ុនយក្សអាមេរិកនេះ បានជំរុញនូវការចំណាយរបស់ខ្លួនទៅលើក្រុមហ៊ុនផ្គត់ផ្គង់ក្នុងប្រទេសជប៉ុន ដល់ជាង ៣០% ចាប់តាំងពីឆ្នាំ២០១៩ ជាមួយនឹងបណ្តាញដែលមានជិត ១ពាន់ក្រុមហ៊ុន។
បើតាម Apple បានឱ្យដឹងទៀតថា ក្រុមហ៊ុនផ្គត់ផ្គង់ជប៉ុនចំនួន២៩ បានប្តេជ្ញាប្រើប្រាស់ថាមពលកកើតឡើងវិញសម្រាប់អាជីវកម្មរបស់ពួកគេ ដែលពាក់ព័ន្ធផលិតផល Apple នៅត្រឹមឆ្នាំ២០៣០ ដោយរួមមាន Sony, Murata, Keiwa, Fujikura និង Sumitomo Electric Industries ជាដើម៕