សំណុំរឿងហាមឃាត់បច្ចេកវិទ្យាផលិតឈីប

ចិនដាក់ពាក្យប្ដឹងអាមេរិកដល់WTO ជុំវិញសំណុំរឿងហាមឃាត់បច្ចេកវិទ្យាផលិតឈីបទៅកាន់ទីផ្សារចិន


ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ពួកគេបានចាប់ផ្តើមបញ្ជូនពាក្យបណ្តឹងក្នុងជម្លោះពាណិជ្ជកម្មជាមួយអាមេរិកទៅអង្គការពាណិជ្ជកម្មពិភពលោកហើយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជុំវិញជម្លោះពាណិជ្ជកម្មក្នុងវិស័យផលិតបន្ទះឈីបរវាងប្រទេសទាំងពីរ។
ចិនរុញសំណុំរឿងបន្ទះឈីបជាមួយអាមេរិកទៅWTO!

ការឈានដល់​ការប្ដឹងទៅកាន់ WTO ពីសំណាក់ភាគីចិននេះ គឺធ្វើឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​ថ្មីៗនេះ បានចេញច្បាប់​ហាមប្រាម​ការនាំចេញ​បច្ចេកវិទ្យា​ផលិតបន្ទះឈីប​ទំនើបៗទៅកាន់ទីផ្សារប្រទេសចិន ហើយការហាមឃាត់នេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុនទាំងសងខាងនៃប្រទេសប្រទេសទាំងពីរផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

សហរដ្ឋ​អាមេរិក កាលពីខែតុលា បាន​អនុម័ត​បទប្បញ្ញត្តិ​ដ៏​សំខាន់មួយ​របស់ខ្លួន​ ​ក្នុង​គោល​បំណងសង្កត់សង្កិន​លើ​ឧស្សាហកម្ម​បន្ទះឈីបរបស់​ប្រទេស​ចិន។ តាំងពីពេលនោះមក ​មាន​ការ​ត្អូញត្អែរយ៉ាងច្រើន​ពី​ក្រុម​ពាណិជ្ជកម្ម​កំពូល​ៗរបស់​ប្រទេស​ចិន ក៏ដូចជាក្រុមហ៊ុនអាមេរិក​ដែលផ្គត់ផ្គង់ផលិតផល​ផ្នែកនេះទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ សូម្បីតែ ជនជាតិអាមេរិកាំង ដែលធ្វើការងារនៅរោងចក្រ​ផលិតបន្ទះឈីបមួយចំនួន​នៅប្រទេសចិន ក៏ត្រូវបាន​បញ្ឈប់ពីការងារដែរ ដោយសារតែមានត្រូវអនុវត្តតាម​បទប្បញ្ញត្តិដ៏តឹងរ៉ឹងនោះ។

ជាការឆ្លើយតបវិញ ក្រសួងពាណិជ្ជកម្មចិនរៀបរាប់​នៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ ប្រទេសចិននឹងចាត់វិធានការផ្លូវច្បាប់ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក WTO ដែលជាមធ្យោបាយចាំបាច់ក្នុងការដោះស្រាយកង្វល់របស់ចិន និងដើម្បីការពារផលប្រយោជន៍ស្របច្បាប់។ សេចក្តីថ្លែងការណ៍ដដែលចោទថា វិធានការរបស់សហរដ្ឋអាមេរិកបានគំរាមកំហែងដល់ស្ថិរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មសកល។

ចំណែក លោក អាដាម ហ៊ូច(Adam Hodge) អ្នក​នាំពាក្យ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក បាននិយាយថា ពួកគេធ្លាប់ទទួលសំណើសម្រាប់ការពិគ្រោះយោបល់​ពីប្រទេសចិន ទាក់ទងនឹងសកម្មភាពមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលប៉ះពាល់ដល់វិស័យឧបករណ៍​អេឡិចត្រូនិក​របស់ពួកគេដែរ ប៉ុន្តែការិយាល័នេះ បានប្រាប់ទៅកាន់ភាគីចិនវិញថា វិធានការរបស់អាមេរិក គឺមានគោលដៅទាក់ទងនឹងការរក្សាសន្តិសុខជាតិតែប៉ុណ្ណោះ ហើយ WTO មិនមែនជាវេទិកាសមរម្យ ដើម្បីពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងសន្តិសុខជាតិនោះទេ។

គួរជម្រាបថា មកទល់នឹងពេលនេះជម្លោះបច្ចេកវិទ្យា ពិសេសលើវិស័យបន្ទះឈីបលែងជារឿងរវាងចិននិងអាមេរិកតែពីរនាក់ទៀតហើយ។ នៅថ្ងៃអង្គារទី១៣ធ្នូនេះ ប្រទេសជប៉ុន និងហូឡង់បានព្រមព្រៀងជាគោលការណ៍ ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញគ្រឿងម៉ាស៊ីន បច្ចេកវិទ្យា​បម្រើដល់​ការផលិតបន្ទះឈីបទំនើបៗ​ទៅកាន់ប្រទេសចិនផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍។

បើតាមសេចក្តីរាយការណ៍ដដែល ក្រុមហ៊ុនរបស់ជប៉ុនគឺ Tokyo Electron និងរបស់ហូឡង់ ASML Holding នឹងដើរតួនាទីសំខាន់ក្នុងការចូលរួមវិធានការជាមួយអាមេរិកលើកនេះ ធ្វើយ៉ាងណាឱ្យការរឹតត្បិតការនាំចេញ​ទៅចិន មានប្រសិទ្ធភាព។ វិធានការរបស់ប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងប្រកាសនៅក្នុងប៉ុ​ន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន ក៏ដូចជាក្រសួងការបរទេសរបស់ប្រទេសហូឡង់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញរឿងនេះពីអ្នកសារព័ត៌មាននៅឡើយទេ៕




អត្ថបទបន្ទាប់


ចិនច្រានចោលការលើកឡើងថាខ្លួនដាក់អន្ទាក់បំណុលអាហ្វ្រិក និងថាបស្ចិមលោកទៅវិញទេទើបជាម្ចាស់បំណុលធំ

ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក ឈីន កាង (Qin Gang) កាលពីថ្ងៃចន្ទទី ១២ធ្នូបានចេញមុខមកច្រានចោលការចោទប្រកាន់ដែលថា ទីក្រុងប៉េកាំងបា…

Apple វិនិយោគជាង ១០០ពាន់លានដុល្លារនៅជប៉ុន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ក្រុមហ៊ុន Apple បានប្រកាសឱ្យដឹងថា ខ្លួនបានវិនិយោគជាង ១០០ពាន់លានដុល្លារសម្រាប់បណ្តាញផ្គត់ផ្គង់នៅក្នុងប្រទេសជប៉ុន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ