
គម្រោងបោះទុនវិនិយោគដ៏មហិមារបស់ក្រុមហ៊ុនយក្ស Apple នេះធ្វើឡើងក្រោយប្រព័ន្ធផ្សព្វផ្សាយធំៗបានចុះផ្សាយថា នាយកប្រតិបត្តិ Apple លោក Tim Cook បានចូលជួបសម្ដែងការគួរសមជាមួយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។ សូមបញ្ជាក់ថា ផលិតផលជាច្រើនរបស់ក្រុមហ៊ុន Apple ដែលដំឡើងនៅក្នុងប្រទេសចិន អាចប្រឈមនឹងការបង់ពន្ធ១០% ដែលដាក់ដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមខែនេះ ទោះបីជាក្រុមហ៊ុនដែលផលិត iPhone មួយនេះធ្លាប់ទទួលបានការលើកលែងពន្ធខ្លះពីលោក ដូណាល់ ត្រាំ អំឡុងអាណត្តិទី១ នៃការកាន់អំណាចរបស់លោកយ៉ាងណាក្ដី។
លោក ហ្គីល លូរៀ (Gil Luria) អ្នកវិភាគនៅក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុអាម៉េរិក D.A. Davidson បានលើកឡើងថា ការសន្យារបស់ក្រុមហ៊ុន Apple ថា នឹងបោះទុនវិនិយោគរហូតដល់ទៅ៥០០ពាន់លានដុល្លារនេះ ជាការបន្ទន់ឥរិយាបថផ្នែកនយោបាយចំពោះលោក ដូណាល់ ត្រាំ ហើយបានប៉ាន់ប្រមាណថា ក្រុមហ៊ុន Apple ចំណាយរហូតដល់ទៅជាង១៥០ពាន់លានដុល្លាររួចទៅហើយក្នុងមួយឆ្នាំៗនៅលើទឹកដីសហរដ្ឋអាម៉េរិក រួមទាំងថ្លៃទំនិញ និងការចំណាយមូលធនផងដែរ។
ជាការកត់សម្គាល់ ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្នុងអាណត្តិទី២នេះ ក្រៅពីការសន្យារបស់ក្រុមហ៊ុន Apple ថា នឹងបោះទុនវិនិយោគ៥០០ពាន់លានដុល្លារ ប្រទេសមហាអំណាចធំបំផុតទី១របស់ពិភពលោកមួយនេះ ក៏ទទួលបានការសន្យាបោះទុនវិនិយោគក្នុងទំហំដ៏មហាសាលជាច្រើនទៀតផងដែរ។
ក្នុងនោះក្រុមហ៊ុនដែកថែបជប៉ុន Nippon Steel បានស្នើសុំទិញយកក្រុមហ៊ុនដែកថែបអាម៉េរិក US Steel ក្នុងតម្លៃ១៤,៩ពាន់លានដុល្លារ, មហាសេដ្ឋីអារ៉ាប់លោក ហ៊ូសេន សាចវ៉ានី (Hussain Sajwani) បានសន្យាបោះទុនវិនិយោគ២០ពាន់លានដុល្លារ, ក្រុមហ៊ុន Stargate Project ដែលជាការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន OpenAI ក្រុមហ៊ុន SoftBank និងក្រុមហ៊ុន Oracle បានសន្យាបោះទុនវិនិយោគ៥០០ពាន់លានដុល្លារ ហើយព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានសន្យាបោះទុនវិនិយោគរហូតដល់ទៅ៦០០ពាន់លានដុល្លារផងដែរនៅលើទឹកដីសហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម