MacBook បានក្លាយជាឧបករណ៍ថ្មីមួយទៀត ដែលផលិតនៅវៀតណាម បន្ទាប់ពី Airpod, iPad និង Apple Watch ដែលកំពុងផលិតនាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន Apple បានដកការផលិតកុំព្យូទ័រ MacBook របស់ខ្លួនមួយចំនួនពីរោងចក្ររបស់ក្រុមហ៊ុន Foxconn នៅប្រទេសចិន ដើម្បីរើទៅផលិតនៅប្រទេសវៀតណាមវិញ ដោយអាចនឹងចាប់ផ្តើមផលិតនៅអំឡុងខែឧសភា ឆ្នាំ២០២៣។
គួរដឹងដែរថា Apple បានធ្វើការបន្ថែមទីតាំងផលិតនៅក្រៅប្រទេសចិន សម្រាប់ខ្សែចង្វាក់ផលិតកម្មសំខាន់ៗរបស់ខ្លួនរួចមកហើយ ចំពោះឧបករណ៍ផ្សេងៗ ប៉ុន្តែសម្រាប់កុំព្យូទ័រ MacBook គឺត្រូវចំណាយពេលយូរបន្តិចដោយសារតែខ្សែចង្វាក់ផ្គត់ផ្គង់គ្រឿងបង្គុំស្មុគស្មាញ។
បើយោងតាមប្រភពបានបង្ហាញឱ្យដឹងទៀតថា បន្ទាប់ពីការផ្ទេរការផលិត MacBook នោះហើយ មានន័យថា រាល់ផលិតផលរបស់ Apple គឺសុទ្ធតែមានទីតាំងផលិតមួយទៀតនៅក្រៅប្រទេសចិន ពោលគឺទូរសព្ទ iPhone ផលិតនៅឥណ្ឌា ហើយកុំព្យូទ័រ MacBook នាឡិកា Apple Watch និង iPad ផលិតនៅវៀតណាម។ នោះហើយគឺជាអ្វីដែល Apple ចង់បានជម្រើសចាកចេញពីប្រទេសចិន។
Apple បានផលិតកុំព្យូទ័រប្រមាណពី ២០លាន ទៅ ២៤លានគ្រឿងក្នុងមួយឆ្នាំ ពីរោងចក្រនៅប្រទេសចិន។
មែនទែនទៅ Apple មានគម្រោងផលិត MacBook នៅវៀតណាមជិត ២ឆ្នាំមកហើយ ដោយបានបង្កើតការផលិតសាកល្បងមួយក្នុងប្រទេសអាស៊ាននេះ។ ការរើផលិតកម្មទៅវៀតណាម មិនមែនដោយសារតែភាពតានតឹងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែគោលនយោបាយសូន្យកូវីដកាលពីកន្លងទៅរបស់រដ្ឋអំណាចចិនផងដែរ។
សូមជម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ បានចាប់ផ្តើមផលិតកម្មរបស់ខ្លួននៅប្រទេសវៀតណាមលើកដំបូង ជាមួយនឹង AirPod កាលពីឆ្នាំ២០២០ បន្ទាប់មកក៏បន្ថែមការផលិត iPad និង Apple Watch នៅឆ្នាំ២០២២នេះទៀត។
ថ្មីៗនេះ ក្រុមហ៊ុន Apple ក៏កំពុងសម្លឹងឃើញការរើផលិតកម្ម iPad ពីចិន ទៅកាន់ប្រទេសឥណ្ឌាបន្ថែមទៀតដែរ បន្ទាប់ពី iPhone ដោយសារមានការបារម្ភខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសចិន ដែលមានការរាំងស្ទះដោយសារការធ្វើបាតុកម្មនិងការបិទខ្ទប់ នាពេលកន្លងមក៕