ចិន-អាមេរិក-សមុទ្រចិនខាងត្បូង

ចិន និងអាមេរិកសាចទឹកដាក់គ្នាជុំវិញរឿងទំនាស់រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល នៅសមុទ្រចិនខាងត្បូង


ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនបានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២០ ខែធ្នូថា បានជំរុញឱ្យមានជម្លោះរវាងហ្វីលីពីន និងទីក្រុងប៉េកាំងក៏ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនបានចាត់ទុកការចោទប្រកាន់នេះថា គ្មានមូលដ្ឋានច្បាស់លាស់ ហើយក៏បានចោទប្រទេសចិនវិញថា ជាអ្នកដែលបានព្យាយាមបង្កបញ្ហានៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ចិន និងអាមេរិកសាចទឹកដាក់គ្នាជុំវិញរឿងទំនាស់រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល

សមុទ្រចិនខាងត្បូងបានក្លាយជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងងាយនឹងប្រេះឆារវាងចិន និងសហរដ្ឋអាមេរិកដោយសារទីក្រុងវ៉ាស៊ីនតោនបានច្រានចោលនូវអ្វីដែលខ្លួនបានហៅថា ជាការទាមទារទឹកដីដោយខុសច្បាប់របស់ទីក្រុងប៉េកាំងនៅក្នុងដែនទឹកដែលសម្បូរទៅដោយធនធានមួយនេះ។

ទីក្រុងប៉េកាំងកំពុងប្រតិកម្មទៅនឹងរបាយការណ៍មួយដែលអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណិត ប្រ៉ាយ (Ned Price) បាននិយាយកាលពីថ្ងៃទី១៩ ខែធ្នូដោយបានសម្តែងពីការព្រួយបារម្ភថា មានការកើនឡើងនូវចំនួននាវារបស់ចិននៅក្នុងផ្លូវទឹកមានជម្លោះ និងឧប្បត្តិហេតុពាក់ព័ន្ធនឹងបំណែកគ្រាប់រ៉ុក្កែតអណ្ដែតទឹកមួយផងដែរ។

លោក ប្រ៉ាយ បាននិយាយថា សកម្មភាពរបស់ចិននេះបានឆ្លុះបញ្ចាំងពីការបន្តមិនខ្វល់ខ្វាយពីបណ្ដារដ្ឋ និងក្រុមអ្នកទាមទារសមុទ្រចិនខាងត្បូងផ្សេងទៀត ដែលធ្វើប្រតិបត្តិការដោយស្របច្បាប់នៅក្នុងតំបន់នេះ ហើយលោកក៏បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកឈរគាំទ្រហ្វីលីពីនក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើផ្លូវច្បាប់។

ជុំវិញរឿងនេះ សេចក្តីថ្លែងការណ៍មួយរបស់ ស្ថានទូតចិននៅទីក្រុងម៉ានីលបាននិយាយថា វាជារឿងធម្មតាសម្រាប់អ្នកជិតខាងដែលតែងមានការខ្វែងគំនិតគ្នា ប៉ុន្តែបានបន្ថែមថា សហរដ្ឋអាមេរិកបានបន្តជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូង និងព្យាយាមជំរុញឲ្យមានជម្លោះរវាងប្រទេសនានាក្នុងតំបន់ បង្កើតភាពតានតឹង និងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

សេចក្ដីថ្លែងការណ៍នេះបាននិយាយថា អ្វីដែលសហរដ្ឋអាមេរិកបានធ្វើ គឺមិនមែនដើម្បីជួយនរណាម្នាក់ទេ ប៉ុន្តែគឺដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រទេសចិនបានទាមទារយកតំបន់ដ៏ធំនៃសមុទ្រចិនខាងត្បូង ដែលត្រួតលើគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងហ្វីលីពីន។ លំហូរពាណិជ្ជកម្មរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំតាមរយៈផ្លូវទឹកនេះដែលសម្បូរទៅដោយកន្លែងនេសាទ និងជង្រុកធនធានឧស្ម័ន។

ប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុនបានសម្តែង«ការព្រួយបារម្ភយ៉ាងខ្លាំង»ពីរបាយការណ៍ស្ដីពីការបើកឆ្វែលរបស់ហ្វូងនាវាចិនចូលទៅក្នុងតំបន់ថ្មប៉ប្រះទឹក និងច្រាំងថ្មចោទនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។

ទង្វើនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងការបរទេសហ្វីលីពីនបានធ្វើការតវ៉ាផ្លូវទូតប្រឆាំងនាវាឆ្មាំឆ្នេរសមុទ្រចិន ដែលយោធាហ្វីលីពីនបាននិយាយថា បានប្រើកម្លាំងដណ្ដើមយកបំណែកគ្រាប់រ៉ុក្កែតអណ្តែតក្នុងសមុទ្រ ដែលនាវាហ្វីលីពីនកំពុងអូសនៅសមុទ្រចិនខាងត្បូង។

ប្រទេសចិនបានបដិសេធថា ខ្លួនមិនបានចាប់យកវត្ថុនោះដោយបង្ខំទេ ដោយនិយាយតាំងពីខែមុនថា នេះគឺជាបំណែករ៉ុក្កែតរបស់យានអវកាសដែលបាញ់បង្ហោះដោយទីក្រុងប៉េកាំងដែលបានធ្លាក់តែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


Apple នឹងបើកការផលិត Macbook នៅវៀតណាមនៅពាក់កណ្ដាលឆ្នាំ២០២៣

ព័ត៌មាន
ប្រទេសវៀតណាម បាននឹងកំពុងក្លាយជាទិសដៅពង្រីកការវិនិយោគកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ុនអាមេរិក ដែលមានបំណងរើផលិតកម្មចេញពីប្រទេសចិន។ ក្នុ…

សេដ្ឋកិច្ចចិនត្រូវបានធនាគារពិភពលោកបន្ទាបការព្យាករកាន់តែទាបនៅឆ្នាំនេះ និងឆ្នាំក្រោយ

ព័ត៌មាន
ធនាគារពិភពលោកនៅថ្ងៃអង្គារទី២០ខែធ្នូ បានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចប្រទេសចិនមកកម្រិតកាន់តែទាបជាងមុនបន្ថែមទៀត សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ