
បន្ទាប់ពីសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារតាមមផ្លូវអាកាសដោយយន្តហោះបំបាំងកាយដ៏កំណាច Air Force B-2 ទៅលើទីតាំងនុយក្លេអ៊ែសំខាន់ៗរបស់អ៊ីរ៉ង់ កាលពីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃអាទិត្យ ទី២២ ខែមិថុនា សភាអ៊ីរ៉ង់ បានបោះឆ្នោតគាំទ្រការបិទច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលជាច្រកឆ្លងកាត់ប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ទោះជាយ៉ាងណា ការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខកំពូលរបស់ប្រទេសអ៊ីរ៉ង់ និងមេដឹកនាំកំពូលរបស់ខ្លួនគឺលោក អាយ៉ាតូឡា អាលី ខាមិនី (Ayatollah Ali Khamenei) ព្រោះការការបោះឆ្នោតខាងលើគ្រាន់តែជាការផ្ដល់អនុសាសន៍ប៉ុណ្ណោះ។
ច្រកសមុទ្រហ័រម៉ូស (Strait of Hormuz) ដែលជាផ្លូវទឹកដ៏តូចចង្អៀតមានភូមិសាស្ត្រស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់ គឺជាច្រកដឹកប្រេងឆ្លងកាត់ដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដោយរហូតដល់ទៅប្រមាណ២០%នៃប្រេងឆៅទូទាំងពិភពលោក ឬស្មើនឹងប្រមាណ២០លានបារ៉ែលក្នុងមួយថ្ងៃត្រូវឆ្លងកាត់ច្រកសមុទ្រមួយនេះ។
ទិន្នន័យផ្លូវការបានបង្ហាញទៀតថា ជាង៨០%នៃប្រេងឆៅទាំងនោះមានគោលដៅដឹកជញ្ជូនមកកាន់តំបន់អាស៊ី ជាពិសេសចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង។ ទោះបីជាសហរដ្ឋអាម៉េរិកសព្វថ្ងៃនាំចូលប្រេងតិចពីតំបន់ខាងលើនេះក្ដី ក៏ការបិទច្រកសមុទ្រហ័រម៉ូស នឹងធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងថ្លៃ ដោយក្នុងនោះតម្លៃប្រេងសាំងរបស់អាម៉េរិក អាចនឹងឡើង៧៥សេនក្នុងមួយបារ៉ែល។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានអំពាវនាវឱ្យមហាយក្សចិន ដាក់សម្ពាធលើអ៊ីរ៉ង់ ដោយព្រមានថា ការបិទច្រកសមុទ្រហ័រម៉ូស នឹងក្លាយជាអត្តឃាតសេដ្ឋកិច្ច និងអាចបង្កឱ្យមានការឆ្លើយតបខាងយោធា។
ក្រុមអ្នកជំនាញព្រមានថា ប្រសិនបើអ៊ីរ៉ង់ពិតជាបិទច្រកសមុទ្រនេះមែន តម្លៃប្រេងឆៅអាចហក់ឡើងថ្លៃពី៧៣ដុល្លារក្នុងមួយបារ៉ែលឈានដល់ទៅជាង១០០ដុល្លារក្នុងមួយបារ៉ែល ដែលនឹងធ្វើឱ្យអតិផរណាកើនឡើង និងធ្វើឱ្យទីផ្សារពិភពលោកអស្ថិរភាព។ ប្រទេសអ៊ីរ៉ង់ ជាយូរមកហើយបានមើលឃើញថា ច្រកសមុទ្រហ័រម៉ូស គឺជាឧបករណ៍ ឬជាស្នៀតអាវុធយុទ្ធសាស្ត្រដែលខ្លួនអាចនឹងយកមកប្រើដើម្បីយកប្រៀបលើគេ ជាពិសេសក្នុងពេលមានវិបត្តិ។
នៅទសវត្សរ៍ឆ្នាំ១៩៨០ ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រម៉ូស ត្រូវបានរអាក់រអួលអំឡុងសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់។ ប៉ុន្តែការបិទច្រកសមុទ្រនេះទាំងស្រុង វាមិនត្រឹមតែបំផ្លាញសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងបណ្ដាលឱ្យមានការសងសឹកពីសំណាក់សហរដ្ឋអាម៉េរិក និងបណ្ដាសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិកទៀតផង។
សរុបមក ច្រកសមុទ្រហ័រម៉ូស គឺជាចំណុចក្ដៅដ៏រំជើបរំជួលមួយរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ព្រោះវាស្ថិតនៅចំណុចផ្លូវបំបែកដែលអាចនាំទៅរកអស្ថិរភាពថាមពល ហានិភ័យផ្នែកយោធា និងស្ថិរភាពសេដ្ឋកិច្ចពិភពលោក ហើយការគំរាមកំហែងណាមួយចំពោះច្រកសមុទ្រនេះសុទ្ធតែអាចធ្វើឱ្យពិភពលោកទាំងមូលជ្រួលច្របល់៕
ដោយ: តែម សុខុម