សមាជិកសភាសហរដ្ឋអាមេរិកមកដល់កោះតៃវ៉ាន់ជាបន្តបន្ទាប់

ក្រុមសមាជិកសភាអាមេរិកបន្ដមកទស្សនកិច្ចកោះតៃវ៉ាន់ជាថ្មីទៀត ទាំងដែលស្ថានការណ៍តៃវ៉ាន់នៅមិនទាន់ត្រជាក់នៅឡើយ


គណៈប្រតិភូនៃសមាជិកសភាអាមេរិកបានទៅដល់កោះតៃវ៉ាន់ ជាថ្មីទៀតហើយកាលពីថ្ងៃអាទិត្យ ទី១៤ សីហានៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលពួកគេក៏នឹងជួបជាមួយមេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wenផងដែរ។ ដំណើរទស្សនកិច្ច ហាក់ដូចជាកំពុងបន្ថែមសាំងទៅលើភ្លើង ខណៈដែលស្ថានការណ៍ក្ដៅគគុកនៅតៃវ៉ាន់នៅមិនទាន់ចុះត្រជាក់នៅឡើយទេ តាំងតែពីមានដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាអាមេរិក មកកាន់កោះនេះ កាលពីសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ក្រុមសមាជិកសភាអាមេរិកបន្ដមកទស្សនកិច្ចកោះតៃវ៉ាន់ជាថ្មីទៀត ទាំងដែលស្ថានការណ៍តៃវ៉ាន់នៅមិនទាន់ត្រជាក់នៅឡើយ

ស្ថានបេសសកម្មពិសេសសហរដ្ឋអាមេរិកប្រចាំទីក្រុងតៃប៉ិ បាននិយាយថា គណៈប្រតិភូសភាកំពុងដឹកនាំដោយសមាជិកព្រឹទ្ធសភា លោកអេដ ម៉ាកគី (Ed Markey) ដែលត្រូវបាន​អមដោយសមាជិកសភាចំនួន​បួន​រូប​ផ្សេងទៀត បានធ្វើដំណើរទស្សនកិច្ចម​ក​កាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមានកោះតៃវ៉ាន់ផងដែរ។

ជុំវិញដំណើរទស្សនកិច្ច​នេះ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃទី ១៤ សីហាដែរថា «សមាជិកនៃសភាសហរដ្ឋអាមេរិក​គួរតែធ្វើសកម្មភាពស្របតាម «គោលនយោបាយចិនតែមួយ» តែបើមើលឲ្យមែនទែនទៅ ក្រោយការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី និងសមាជិកសភានាពេលឥឡូវនេះ បានសរបង្ហាញថា អាមេរិកមិនចង់ឃើញស្ថិរភាព​ក្នុងច្រក​សមុទ្រ​តៃវ៉ាន់នោះទេ​ ដោយបានជំរុញឲ្យមានកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងទៅវិញ»។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយដែរថា សមាជិកសភារបស់ខ្លួន តែងតែបានធ្វើដំណើរទៅកោះតៃវ៉ាន់អស់​ជាច្រើន​ទសវត្សរ៍កន្លងមកហើយ ហើយនឹងបន្តធ្វើដូច្នេះ ព្រោះដំណើរទស្សនៈកិច្ចបែបនេះ គឺមិនបានប្រាសចាកពីគោលនយោបាយចិនតែមួយនោះទេ។

ជាការពិត ក្រោមន័យ «គោលនយោបាយចិនតែមួយ» នោះ សហរដ្ឋអាមេរិកត្រូវមានទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងប៉េកាំង មិនមែនតៃវ៉ាន់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនមិនបញ្ជាក់ពីជំហរថា តើទីក្រុងប៉េកាំង​មានអធិបតេយ្យភាព​លើកោះតៃវ៉ាន់ ឬយ៉ាងណានោះទេ តែសហរដ្ឋអាមេរិកបែរជាបង្កើតច្បាប់​គាំទ្រ​ដែលត្រូវផ្តល់​មធ្យោបាយការពារខ្លួនទៅឲ្យ​តៃវ៉ាន់ទៅវិញ បើថ្ងៃណាមួយទីក្រុងប៉េកាំងប្រហារដោយកម្លាំងយោធាមែន។

យ៉ាងណាក៏ដោយ ការិយាល័យរបស់លោក Markey ដែលជាសមាជិកព្រឹទ្ធសភាអាមេរិក បាននិយាយថា ដំណើរទស្សនកិច្ចនេះ «នឹងបញ្ជាក់នូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ឡើងវិញ ដែលត្រូវបានចែងច្បាស់ក្នុងច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ និងសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិកនិងចិន ព្រមទាំងការធានាការពារប្រាំមួយ​ចំណុច​រវាងអាមេរិក និងតៃវ៉ាន់ ដែលវានឹងលើកទឹកចិត្ត​ឱ្យមាន​ស្ថិរភាព និងសន្តិភាព​នៅទូទាំង​ច្រក​សមុទ្រតៃវ៉ាន់»។

ស្ថានបេសសកម្មពិសេសសហរដ្ឋអាមេរិកប្រចាំទីក្រុងតៃ​បានបញ្ជាក់ថា «គណៈប្រតិភូនឹងជួបជាមួយមេដឹកនាំជាន់ខ្ពស់​តៃវ៉ាន់ ដើម្បីពិភាក្សាអំពី​ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ សន្តិសុខក្នុងតំបន់ ពាណិជ្ជកម្ម និងការវិនិយោគ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ការប្រែប្រួលអាកាសធាតុ និងបញ្ហាសំខាន់ៗផ្សេងទៀតនៃផលប្រយោជន៍រវាងគ្នាទៅវិញទៅមក»៕​




អត្ថបទបន្ទាប់


ក្រុមហ៊ុនបរទេសគ្រាក់ៗជិត៥០ក្រុមហ៊ុន នៅតែមិនព្រមចាកចេញពីប្រទេសរុស្ស៊ី

ព័ត៌មាន
ក្នុងរយៈពេលជាងប្រាំមួយខែ ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ក្រុមហ៊ុនរកស៊ីធំៗរបស់ពិភពលោកប្រហែល ៣០០ បានចាកចេញពីទីផ្សាររុស្ស៊ី ហើយ ៧…

មានគំនិត និងជំនាញ តែខ្វះដើមទុន សូមអានអត្ថបទនេះ

ព័ត៌មាន
មនុស្សម្នាក់ៗមានគំនិត និងជំនាញរៀងៗខ្លួនក្នុងការបង្កើតនូវប្រភពចំណូលសម្រាប់គ្រួសារ។ អ្នកខ្លះចង់បង្កើតមុខរបររកស៊ីផ្ទាល់ខ្លួន អ្នកខ្លះចង់បន្ដការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ