
កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ ដោយមានការសហការរៀបចំដោយសមាគមស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន យូ-ធី ក្រប ប្រឹថេកសិន ដែលជាក្រុមហ៊ុនផ្ដល់នូវដំណោះស្រាយកសិកម្មដ៏ល្អសម្រាប់ប្រជាកសិករខ្មែរ។
បើតាមអ្នកជំនាញរបស់ក្រុមហ៊ុន យូ-ធី ក្រប ប្រឹថេកសិន បានអះអាងនៅក្នុងសិក្ខាសាលាថា ការប្រែប្រួលអាកាសធាតុ ដូចជាភ្លៀងធ្លាក់ច្រើនពេក ឬសីតុណ្ហភាពកើនឡើងខ្លាំង បានបង្កើតជាបញ្ហាប្រឈមជាច្រើន ដល់ការដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា ដែលធ្វើឱ្យទិន្នផល និង គុណភាពគ្រាប់ស្វាយចន្ទីធ្លាក់ចុះ និងរងផលប៉ះពាល់ពីសត្វល្អិត និងជំងឺជាច្រើនផ្សេងទៀត។

បើតាមអ្នកជំនាញ សម្រាប់ដំណោះស្រាយសម្រិតសម្រាំងធាតុចូល ក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុ លើដំណាំស្វាយចន្ទីនេះ មានកត្តាសំខាន់ៗមួយចំនួន ដែលម្ចាស់ចម្ការត្រូវយកចិត្តទុកដាក់ ដើម្បីថែទាំដំណាំស្វាយចន្ទីឱ្យបានល្អ រួមមាន៖
- ជ្រើសរើធាតុចូលកសិកម្មសម្រាប់ភាពធន់នឹងអាកាសធាតុ ពិសេសការប្រើប្រាស់ជីថ្នាំត្រឹមត្រូវតាមបច្ចេកទេស
- ជ្រើសរើសដាំពូជស្វាយចន្ទី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ តួយ៉ាង ពូជM-23
- ការគ្រប់គ្រងសុខភាពដី និងទឹកឱ្យបានគ្រប់គ្រាន់សម្រាប់ដំណាំ
- ការគ្រប់គ្រងសត្វល្អិត និងជំងឺ តាមរយៈការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិត និងការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស។

ក្រោយពីបានចូលរួមស្ដាប់ដោយយកចិត្តទុកដាក់ នៅក្នុងសិក្ខាសាលានេះ ម្ចាស់ចម្ការស្វាយចន្ទី បានបង្ហាញនូវក្ដីរំភើបរីករាយ ដែលបានទទួលនូវចំណេះដឹងបន្ថែម អំពីបច្ចេកទេសកសិកម្មថ្មីៗ ដើម្បីអាចយកទៅអនុវត្តសម្រាប់ការថែទាំដំណាំស្វាយចន្ទីរបស់ពួកគាត់ឱ្យទទួលបានទិន្នផលខ្ពស់។
លោកស្រី កាក់ ថាវរី ម្ចាស់ចម្ការស្វាយចន្ទី និងទុរេន នៅខេត្តពោធិ៍សាត់ បានលើកឡើងថា មុននឹងចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះ ចម្ការស្វាយចន្ទី និងទុរេន របស់លោកស្រី ធ្លាប់ជួបបញ្ហាជាច្រើន ដោយសារតែការប្រើប្រាស់ជីថ្នាំមិនបានត្រឹមត្រូវតាមបច្ចេកទេស។ បន្ទាប់ពីទទួលបានការណែនាំពីអ្នកជំនាញកសិកម្មរបស់ក្រុមហ៊ុន យូ-ធី ក្រប ប្រឹថេកសិន នៅក្នុងកម្មវិធីសិក្ខាសាលា លោកស្រីរំពឹងថា នឹងអាចនាំយកបច្ចេកទេសទាំងនេះ សម្រាប់ការថែទាំចម្ការស្វាយចន្ទី និងទុរេន ដើម្បីទទួលបានទិន្នផលខ្ពស់នៅឆ្នាំខាងមុខ។

ជាមួយគ្នានេះ វង្ស ស៊ីថា ម្ចាស់ចម្ការស្វាយចន្ទី នៅខេត្តកំពង់ធំ បានគូសបញ្ជាក់ដែរថា បានលើកទឹកចិត្តឱ្យម្ចាស់ចម្ការផ្សេងទៀត ចូលរួមក្នុងសិក្ខាសាលានានា ទាក់ទងនឹងបច្ចេកទេសកសិកម្ម ព្រោះការចូលរួមនេះ ពិតជាបានផ្ដល់នូវចំណេះដឹងថ្មីៗបន្ថែម ដើម្បីយកទៅអនុវត្តនៅក្នុងការងារកសិកម្មប្រកបដោយប្រសិទ្ធភាព។ លោកក៏បានស្នើឱ្យក្រុមហ៊ុន យូ-ធី ក្រប ប្រឹថេកសិន រៀបចំកម្មវិធីសិក្ខាសាលាអំពីបច្ចេកទេសកសិកម្មនេះឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជួយដល់កសិករ ដោះស្រាយក្នុងការថែទាំដំណាំផ្សេងៗ ចំពេលមានការប្រែប្រួលអាកាធាតុ។

របាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជារកចំណូលបានប្រមាណ ៧៥៣លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីជិត ៦០ម៉ឺនតោន កើនឡើងប្រមាណជាង ៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដោយក្នុងនោះ ប្រទេសវៀតណាម គឺជាទីផ្សារធំជាងគេរបស់កម្ពុជា។
ទោះយ៉ាងណា របាយការណ៍របស់អង្គការ GIZ របស់អាល្លឺម៉ង់ បានព្រមានថា បញ្ហាប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថ្នាំសត្វល្អិតមិនបានត្រឹមត្រូវ នៅតែជាកត្តាប្រឈមសម្រាប់ឧស្សាហកម្មស្វាយចន្ទីកម្ពុជា ហើយការដោះស្រាយលើបញ្ហាទាំងនេះ ចាំបាច់ត្រូវមានការបណ្ដុះបណ្ដាលបន្ថែមទៀត ដល់កសិករទាក់ទងនឹងការប្រើប្រាស់ជីថ្នាំឱ្យបានត្រឹមត្រូវស្របតាមស្ដង់ដារបច្ចេកទេស៕


