លោក អារុលកុមារ ស៊ីនហ្គារ៉ាវេឡូ (Arulkumar Singaraveloo) ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃវេទិកាធនធានមនុស្សម៉ាឡេស៊ី បានប្រាប់សារព័ត៌មាន the Sun Daily ថ្មីៗនេះថា បញ្ហាសិប្បនិម្មិត (AI) កំពុងធ្វើបដិវត្តសេដ្ឋកិច្ច និងទីផ្សារការងាររបស់ប្រទេសម៉ាឡេស៊ី ដោយនាំមកនូវរលកនៃការបង្កើនផលិតភាព និងការបើកទ្វារទៅកាន់ឱកាសថ្មីៗ ។
លោកបានបញ្ជាក់ថា ដោយសារសក្តានុពលក្នុងការផ្លាស់ប្តូរឧស្សាហកម្ម និងការជំរុញការច្នៃប្រឌិត បញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីយ៉ាងឆាប់រហ័ស។
របាយការណ៍ថ្មីៗស្តីពីឧស្សាហកម្មទិន្នន័យ និងការវិភាគមួយចំនួន បានអះអាងថា ទំហំសេដ្ឋកិច្ចនៃបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានព្យាករថានឹងកើនឡើងពីជាង១ពាន់លានដុល្លារនៅឆ្នាំ២០២១ ដល់ជិត២ពាន់លានដុល្លារនៅឆ្នាំ២០២៥។
ប្រភពដដែលបានអះអាងថា នៅពេលដែលបញ្ញសិប្បនិម្មិតកាន់តែរីកចម្រើន ជាទូទៅ ទាំងអាជីវកម្ម និងកម្មករ កំពុងត្រៀមខ្លួនដើម្បីទទួលបានអត្ថប្រយោជន៍ ទោះបីជាមានបញ្ហាប្រឈមមួយចំនួននឹងកើតឡើងក៏ដោយចុះ។
លោក អារុលកុមារ បានគូសបញ្ជាក់ពីផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត នៅលើទីផ្សារការងារ ដោយព្រមានថា មុខតំណែងមួយចំនួនអាចត្រូវបានជំនួសដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម ឬឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់។
លោកបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា បញ្ញាសិប្បនិម្មិតទំនងជានឹងបង្កើនសមត្ថភាពរបស់មនុស្សជាជាងជំនួសបុគ្គលិកជាមនុស្សទាំងស្រុងចេញពីប្រព័ន្ធការងារ។
លោកបានបន្តថា បញ្ញាសិប្បនិម្មិតនឹងនាំមកនូវការបង្កើនតម្រូវការសម្រាប់ការពង្រឹងពង្រីកជំនាញ និងការពង្រឹងកម្លាំងពលកម្មម៉ាឡេស៊ីឡើងវិញ ដើម្បីការងារ និងការប្រកួតប្រជែងលើទីផ្សារការងារក្នុងសេដ្ឋកិច្ចដែលជំរុញដោយបញ្ញសិប្បនិម្មិត៕