ទីផ្សារអចលនទ្រព្យ

អ្នកជំនាញរំពឹងថា ទីផ្សារអចលនទ្រព្យនឹងកាន់តែល្អប្រសើរ ប្រសិនបើរដ្ឋបន្តពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ២ឆ្នាំទៀត


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗបានលើកសំណើរទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសុំពន្យារពេលពីរឆ្នាំបន្ថែមក្នុងការអនុវត្តការយកពន្ធលើចំណេញមូលធន ខណៈមកទល់ពេលនេះ មិនទាន់មានការឆ្លើយយ៉ាងណានោះទេ។ ទោះយ៉ាងណា អ្នកជំនាញក្នុងវិស័យអចនលនទ្រព្យបានចាត់ទុកការស្នើរបស់ក្រសួងសេដ្ឋកិច្ច គឺជាការរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយជំរុញ និងស្តារសេដ្ឋកិច្ចកិច្ចកម្ពុជា។
សំណង់អាគារខ្ពស់ៗកំពុងសាងសង់ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ខេមបូណូមីស)

អ្នកជំនាញ​ជឿជាក់​ថា វិស័យ​អចលនទ្រព្យ និង​សំណង់​របស់​កម្ពុជា ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ នឹង​អាច​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ប្រសិនបើ​ទទួល​បានការ​អនុគ្រោះ​ពន្ធ​លើ​ចំណេញ​មូលធន​ពីរ​ឆ្នាំ​បន្ថែម​ទៀត​។ 

ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​ចាត់​ទុក​ការ​ស្នើ​សុំ​ពន្យារពេល​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​ពី​សំណាក់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៅ​កាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​លើ​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​នៅ​កម្ពុជា​។ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ​សង្កេត​ឃើញ​ថា វិស័យ​សំណង់ អចលនទ្រព្យ និង​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​របស់​កម្ពុជា​នៅ​តែ​បន្ត​រង​ការ​គំរាមកំហែង​ពី​វិបត្តិ​កូ​វី​ដ​-១៩ នៅឡើយ ទោះបី​កម្ពុជា​បាន​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើង​វិញ និង​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក៏​ដោយ​។

អ្នកជំនាញ​មានបទពិសោធន៍​ជាង​២០​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ​ជឿជាក់​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​លើកលែង​ការ​យកពន្ធ​លើ​ចំណេញ​មូលធន​ពីរ​ឆ្នាំ​បន្ថែម​ទៀត​មែន វា​នឹង​ធ្វើ​ឲ្យ​វិស័យ​សំណង់​និង​ទីផ្សារ​អចល​ទ្រព្យ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។ លើស​ពី​នេះ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​ទាក់ទាញ​បន្ថែម​សម្រាប់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ដាក់​សំណើរ​មួយ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​សុំ​ពន្យារពេល​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​ចំនួន​ពីរ​ឆ្នាំ​បន្ថែម​ទៀត ក្រោយ​ក្រសួង​សង្កេត​ឃើញ​អាជីវកម្ម​មួយ​ចំនួន​បន្ត​រង​ផល​ប៉ះពាល់​នៅឡើយ​។ 

គោលបំណង​នៃ​ការ​ស្នើ​សុំ​នេះ គឺ​ដើម្បី​ជំរុញ​ការ​វិនិយោគ កែ​លម្អ​បរិយាកាស​ធុរកិច្ច និង​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​។ បន្ថែម​លើ​នេះ គឺ​ដើម្បី​ចូលរួម​អនុវត្ត​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី សម្រាប់​ឆ្នាំ​២០២១-២០២៣ ដែល​រាជរដ្ឋាភិបាល​ទើប​ដាក់​ចេញ​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម នុប សុ​ធន​វិចិត្រ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ 

ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា​យល់​ស្រប​តាម​សំណើរ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការ​យកពន្ធ​លើ​ចំណេញ​មូលធន នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២៤​តទៅ ខណៈ​តាម​គម្រោង​យន្តការ​ពន្ធ​នេះ​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០២២ នេះ ក្រោយ​ពន្យារពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាល្លឺម៉ង់ កំពុងសិក្សាលទ្ធភាពដើម្បីនាំចេញស្វាយកែវរមៀតកម្ពុជា ទៅទីផ្សារអាល្លឺម៉ង់ និងអឺរ៉ុប

ព័ត៌មាន
ក្រោយពីកម្ពុជា នាំចេញផ្លែស្វាយកែវរមៀតត្រង់ទៅកាន់ទីផ្សារចិន និងកូរ៉េខាងត្បូងរួចមក ពេលនេះផ្លែស្វាយកម្ពុជា ហាក់កាន់តែមានសក្ដានុពលទីផ្សារសម្រ…

ជប៉ុនបង្ហាញបំណងវិនិយោគនិងចង់សាងសង់សួនមិត្តភាពកម្ពុជា-ជប៉ុន នៅកម្ពុជា

ព័ត៌មាន
ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញពីបំណងនិយោគធុនកណ្ដាលនៅប្រទេសកម្ពុជា និងចង់សាងសង់សួនមិត្តភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ