កុមារី ហ៊ុន ពេជ្រមុន្នីវល្ល័ក កូនសិស្សនៅសាលាតន្ត្រី និង សិល្ប Simphony ឲ្យដឹងថា នាងបានយកឧបករណ៍ព្យ៉ាណូមកប្រកួតក្នុងមហោស្រពសិល្បអាស៊ីប៉ាស៊ីហ្វិក ដើម្បីបញ្ចេញនូវទេពកោសល្យរបស់ខ្លួន សម្រាប់ដណ្ដើមយកពាននៅក្នុងកម្មវិធីអន្តរជាតិមួយនេះ។
កុមារី ហ៊ុន ពេជ្រមុន្នីវល្ល័ក បាននិយាយទាំងរីករាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ពីព្រោះ បានមកដល់សៀមរាប ដោយបានប្រឡងជាមួយប្រទេសច្រើនណាស់។ ខ្ញុំមានសង្ឃឹមថា ខ្ញុំអាចបានល្អ ហើយខ្ញុំត្រូវខំប្រឹងចេញពីបេះដូងទាំងអស់ ដើម្បីទទួលបានពិន្ទុល្អ»។
អ្នកស្រី ហ៊ុន ជាឡេង អ្នកគ្រប់គ្រងសាលាតន្រ្តី និង សិល្ប Simphony ដែលបង្កើតឡើងតាំងពីឆ្នាំ២០១០ក្នុងខេត្តសៀមរាប ដោយមានបង្រៀនជំនាញជាច្រើន ដូចជា៖ ហ្គីតា ព្យ៉ាណូ វ៉ាយូឡុង ស្គរ ចម្រៀង និង សិល្បគំនូរ ហើយគ្រោងបើកសាខាមួយទៀត នៅផ្សារអ៊ីអន២ រាជធានីភ្នំពេញ នៅក្នុងខែមេសាខាងមុន បានមានប្រសាសន៍ថា នៅក្នុងឆ្នាំនេះ អ្នកស្រីបាននាំយកកូនសិស្សចំនួន១៥នាក់ដែលមានអាយុចន្លោះពី ៧ទៅ ១៥ឆ្នាំ ចូលរួមប្រកួតក្នុងមហោស្រពសិល្បៈអាស៊ីបាស៊ីហ្វិក ដែលមានប្រភេទឧបករណ៍ភ្លេងដូចជា៖ ព្យ៉ាណូ ហ្គីតា ស្គរ និងសិល្បចម្រៀង។
អ្នកស្រីបញ្ជាក់ប្រាប់ខេមបូណូមីសនៅកន្លែងប្រកួតយ៉ាងដូច្នេះថា៖ «ការមកប្រកួតប្រជែងនៅថ្ងៃនេះ ដោយសារយើងចង់ឲ្យពួកគាត់បានផ្លាស់ប្ដូរបទពិសោធ ចង់មើលសមត្ថភាពរបស់ពួកគាត់ ព្រមទាំងចង់ឲ្យពួកគេបញ្ចេញសមត្ថភាព ដើម្បីយកជ័យលាភីដែលគេកំណត់ ដូចជា ពានមាស ប្រាក់ និង សំរឹទ្ធិ»។
ទាក់ទងនឹងមហោស្រពសិល្បអាស៊ីបាស៊ីហ្វិក លោក Stanley Chin អ្នកគ្រប់គ្រងកម្មវិធីនេះ បានថ្លែងថា ការប្រារព្ធមហោស្រពនេះនៅប្រទេស កម្ពុជា គឺដើម្បីឲ្យប្រជាជននៃបណ្តាប្រទេសផ្សេងៗ ជាពិសេសតន្ត្រីករ និង សិល្បករវ័យក្មេង បានស្វែងយល់កាន់តែច្រើនពីវប្បធម៌ និង សិល្បរបស់កម្ពុជា។ ជាក់ស្តែង ថ្ងៃនេះ នៅក្នុងកម្មវិធីរបស់យើង មានកូនសិស្សខ្មែរម្នាក់ បានយកបទអារ៉ាប់ពីយ៉ាមកប្រកួតផងដែរ។
លោកបន្តថា មហោស្រពសិល្បអាស៊ីប៉ាស៊ីហ្វិក បានធ្វើឡើងនៅបណ្តាប្រទេសផ្សេងៗជាច្រើន ហើយនេះ ជាលើកទី១ដែលកម្មវិធីអន្ដរជាតិមួយនេះ បានមកដល់កម្ពុជា ដោយមានការអ្នកចូលប្រហែល២០០នាក់ មកពីប្រទេសចំនួន ១០ប្រទេស រួមមាន៖ កម្ពុជា កាណាដា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ចិន ថៃ និង វៀតណាម។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរៀបចំមហោស្រពសិល្បនេះឡើង គឺដើម្បីឲ្យប្រជាជនវ័យក្មេងបានបង្កើតនូវចំណងមិត្តភាព បង្កើតសហគមន៍មួយប្រកបដោយសន្ដិភាព តាមរយៈសកម្មភាពសិល្ប»៕