មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង

មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងប្តេជ្ញាធ្វើសហប្រតិបត្តិការលើវិស័យសន្តិសុខ ស្របពេលមានការគំរាមពីកូរ៉េខាងជើង


នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស្ស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល បានគូសបញ្ជាក់កាលពីថ្ងៃអាទិត្យថា ប្រទេសទាំងពីរនឹងរួមដៃគ្នាដើម្បីប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ី ដូចជាការគំរាមរបស់ប្រទេសកូរ៉េខាងជើងជាដើម។ ការថ្លែងបែបនេះបានកើតឡើងនៅពេលដែលលោក គីស្ស៊ីដា កំពុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងបានប្រជុំកំពូលជាមួយសមភាគីរបស់លោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ។
មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងប្តេជ្ញាធ្វើសហប្រតិបត្តិការលើវិស័យសន្តិសុខ ស្របពេលមានការគំរាមពីកូរ៉េខាងជើង

លោកនាយករដ្ឋមន្ត្រីជប៉ុន គីហ្ស៊ីដា ដែលគ្រោងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសឧស្សាហកម្មជឿនលឿនទាំងប្រាំពីរនៅទីក្រុង ហ៊ីរ៉ូស្ស៊ីម៉ា នៅចុងខែឧសភានេះ បានខ្នះខ្នែងក្នុងការផ្សះផ្សាជាមួយកូរ៉េខាងត្បូង ខណៈដែលសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ពួកគេ កាន់តែប្រុងប្រយ័ត្នចំពោះស្ថានភាពសន្តិសុខនៅអាស៊ី។

នៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយលោក គីស្ស៊ីដា, លោក យូន បាននិយាយថា កិច្ចសហប្រតិបត្តិការជប៉ុន-កូរ៉េខាងត្បូងគឺ«មានសារៈសំខាន់ មិនត្រឹមតែសម្រាប់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សន្តិភាពនិងវិបុលភាពពិភពលោក ក្នុងការប្រឈមមុខនឹងស្ថានភាពអន្តរជាតិបច្ចុប្បន្ននិងវិបត្តិសាកល»។

ក្រៅពីបញ្ហាសន្តិសុខ កិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរក៏គ្របដណ្តប់លើវិស័យឧស្សាហកម្មបច្ចេកវិទ្យាទំនើប វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការលើកិច្ចការយុវជននិងវប្បធម៌ផងដែរ។ នេះបើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។ ការិយាល័យនេះបានឱ្យដឹងទៀតថា ប្រទេសកូរ៉េខាងជើងជាចំណុចដ៏សំខាន់មួយក្នុងរបៀបវារៈនៃកិច្ចប្រជុំ នៅពេលដែលកូរ៉េខាងត្បូងជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាទ្វេភាគីជាមួយជប៉ុន និងជាត្រីភាគីជាមួយសហរដ្ឋអាមេរិកមួយទៀត ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។

នៅក្នុងសន្និសីទសារព័ត៌មានរួមនោះដែរ លោក គីស្ស៊ីដា បាននិយាយថា កិច្ចសន្ទនារវាងជប៉ុននិងកូរ៉េខាងត្បូង«បាននិងកំពុងមានដំណើរការយ៉ាងស្វាហាប់»ក្នុងរយៈពេលពីរខែកន្លងមកនេះ។ លោកបានបន្ថែមថា មេដឹកនាំនៃប្រទេសទាំងពីរបានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីបានស្ថិតនៅលើ«ផ្លូវប្រសើរឡើង»។

នាយករដ្ឋមន្ត្រីជប៉ុនក៏បានថ្លែងទៅដល់បញ្ហាពលកម្មដោយបង្ខំក្នុងសម័យសង្គ្រាមដែលបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងអាណត្តិលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេ អ៊ីន ដែលមានជំហរនយោបាយឆ្វេងនិយម។ លោក គីស្ស៊ីដា បាននិយាយថាបេះដូងរបស់គាត់«ឈឺផ្សា» ខណៈដែលមនុស្សជាច្រើនមិនបានបំភ្លេចការចងចាំដ៏ឈឺចាប់ពីអតីតកាល ទោះបីជាពួកគេមើលទៅអនាគតក៏ដោយ។

សូមរម្លឹកថា អំឡុងកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីររូបក្នុងខែមីនាកន្លងទៅនៅឯទីក្រុងតូក្យ លោក គីស្ស៊ីដា និងលោក យូន បានយល់ព្រមឱ្យមានដំណើរទស្សនកិច្ចទៅវិញទៅឡើងវិញ រវាងមេដឹកនាំជប៉ុននិងមេដឹកនាំកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានផ្អាកតាំងពីឆ្នាំ ២០១១ មក។ ក្រោយមក លោក គីស្ស៊ីដា បានសម្រេចចិត្តធ្វើដំណើរលើកដំបូងមកកូរ៉េខាងត្បូង ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ ២០២១៕

អត្ថបទ ៖ ឯម មាឃ




អត្ថបទបន្ទាប់


សកម្មភាពសេវាកម្មរបស់ជប៉ុននៅខែមេសាកើនឡើងក្នុងល្បឿន ដែលគេបានកំណត់

ព័ត៌មាន
សកម្មភាពក្នុងវិស័យសេវាកម្មនៅប្រទេសជប៉ុនកាលពីខែមេសាបានកើនឡើងក្នុងល្បឿនមួយដែលខ្ពស់បំផុត ដោយសារមានកំណើនក្នុងការចំណាយរបស់អ្នកប្រើប្រាស់ បន្ទ…

ចំនួនភ្ញៀវទេសជនជាតិចិនមកកម្សាន្តនៅខេត្តព្រះសីហនុធ្លាក់ចុះ៧០% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
តាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅត្រីមាសទី១ឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរបរទេសសរុបជាង៩ម៉ឺន៣ពាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ