កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ានបូក៣

កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ានបូក៣ក្នុងឆ្នាំ២០២៣ នឹងនៅតែមានកម្រិតទាប ទោះចិនបើកប្រទេសឡើងវិញក៏ដោយ


ការបើកប្រទេសឡើងវិញរបស់ចិននឹងផ្តល់ក្តីសង្ឃឹមឡើងវិញ ដល់ការជំរុញសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ាន+៣ ដែលរួមមាន ចិនខ្លួនឯង ជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលកំណើនសេដ្ឋកិច្ចតំបន់នេះនៅមួយរយៈចុងក្រោយបានធ្លាក់ចុះ ដោយសារភាពទន់ខ្សោយនៃប្រទេសធំៗទាំងបីក្នុងតំបន់នេះ។
កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ានបូក៣ក្នុងឆ្នាំ២០២៣
ដោយ

ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញថា ទោះចិនបើកទ្វារប្រទេសឡើងវិញ ក៏នៅតែមិនអាចជួយដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់នេះឱ្យបានខ្លាំងក្លាដែរ ពោលគឺកំណើនសេដ្ឋកិច្ចតំបន់នឹងកើនឡើងតែបន្តិចប៉ុណ្ណោះ ដោយសារតែឥទ្ធិពលវិបត្តិសាកល ដែលនឹងអូសបន្លាយពេញមួយឆ្នាំនេះទៀត ហើយចិនខ្លួនឯងក៏មិនទាន់បានងើបឡើងស្រួលបួល ពីបញ្ហានៅក្នុងស្រុករបស់ខ្លួនផង។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍។

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ហៅកាត់ថា AMRO ដែលមានមូលដ្ឋាននៅសិង្ហបុរី បានចេញផ្សាយរបាយការណ៍របស់ខ្លួននៅក្នុងខែមករានេះ ឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់តំបន់នេះនៅឆ្នាំ២០២២ គឺស្ថិតក្នុងរង្វង់ ៣,៣% ដែលធ្លាក់ចុះពីការព្យាករ ៣,៧% នោះគឺដោយសារតែកំណើនសេដ្ឋកិច្ចចុះខ្សោយនៅក្នុងប្រទេសចិន និងភាពទន់ខ្សោយដែលកំពុងបន្តកើតឡើងនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

ចំណែកនៅឆ្នាំ២០២៣នេះ កំណើននៅក្នុងតំបន់អាស៊ានបូក៣ត្រូវបានគេព្យាករថា នឹងឡើងដល់៤,៣%វិញ ខណៈសេដ្ឋកិច្ចរបស់ចិនត្រូវបានគេរំពឹងថា នឹងកើនឡើងខ្លាំងតាមរយៈការដកចេញនូវវិធានការសូន្យកូវីដ និងការបើកប្រទេសឡើងវិញ។

មែនទែនទៅទោះជាមានកំណើនដល់៤,៣% ក៏ពិតមែន តែវានៅតែជាកម្រិតទាបនៅឡើយ ក៏ដោយសារមិនត្រឹមតែសេដ្ឋកិច្ចធំៗក្នុងតំបន់នោះទេ សូម្បីសេដ្ឋកិច្ចធំៗក្រៅតំបន់ក៏បានជះឥទ្ធិពលមកលើតំបន់អាស៊ានបូក៣ដែរ។ ជាក់ស្តែង សកម្មភាពផលិតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប បានបន្តចុះទន់ខ្សោយ ជាមួយគ្នានេះ តម្រូវការក្រៅប្រទេសមានទាប ក៏នឹងនាំឱ្យមានកំណើនសេដ្ឋកិច្ចទាបនៅជប៉ុន និងកូរ៉េខាងត្បូងដូចគ្នា។

លោក ហូ អ៊ីខរ(Hoe Ee Khor) ប្រធានសេដ្ឋវិទូនៅ AMRO បាននិយាយថា បរិយាកាសសាកលដែលកំពុងចុះខ្សោយ បានកាត់បន្ថយនូវចលករពាណិជ្ជកម្មនៅតាមតំបន់។ វាក៏បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ដោយសារគោលនយោបាយរូបិយវត្ថុរឹតត្បិតនៅអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូ ដែលទំនងជានឹងកើតឡើងពេញមួយឆ្នាំ២០២៣នេះទៀត។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្តថា ជាមួយនឹងហានិភ័យការធ្លាក់ចុះសេដ្ឋកិច្ច ដែលកំពុងតែតាមលងបន្លាចអាមេរិក និងអឺរ៉ុបនោះ ការបើកឡើងវិញសេដ្ឋកិច្ចចិន មិនអាចធ្វើឱ្យស្ថានភាពប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះទេ។ យ៉ាងណាមិញលោករំពឹងថា ការវិលត្រឡប់របស់ភ្ញៀវទេសចរចិន នឹងជួយជំរុញដល់កំណើន ពោលគឺសេដ្ឋកិច្ចកាន់តែខ្លាំងរបស់ចិន នឹងផ្តល់នូវការគាំទ្រសកម្មភាពតំបន់។

លោក ហូ អ៊ីខរ បន្ថែមថា ប្រសិនបើតម្លៃថាមពលសាកល និងស្បៀងអាហារ ធ្លាក់ចុះនោះ អតិផរណាត្រូវបានរំពឹងថា នឹងធ្លាក់ចុះផងដែរក្នុងរង្វង់ ៤,៥% ប៉ុណ្ណោះ ទាបជាងការព្យារកណ៍លើកមុនដែលមាន៦,៣%៕




អត្ថបទបន្ទាប់


រុស្ស៊ីសម្រេចបានអតិរេកគណនីចរន្ដដល់ទៅ ២២៧ពាន់លានដុល្លារនៅឆ្នាំ២០២២ ទោះរងទណ្ឌកម្មពីលោកខាងលិច

យោងតាមរបាយការណ៍ធនាគារកណ្តាលរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃអង្គារ៍ទី១៧មករាថា អតិរេកគណនីចរន្តរបស់រុស្ស៊ី ដែលជាតុល្យភាពនៃសាច់ប្រាក់ដែលហូរចូលមក…

ជ័យលាភីទាំងបីនៃកម្មវិធី HEINEKEN SUSTAINATHON ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយនឹងការបណ្តុះបណ្តាលពីអ្នកជំនាញមកពីក្រុមហ៊ុន STARTUP FACTORY

កម្មវិធី HEINEKEN SUSTAINATHON ជុំដំបូងបានបញ្ចប់ ទៅដោយភាពរីករាយនៅអគារ Raintree Cambodia ខណៈដែលយុវជនដែលមានគំនិតច្នៃប្រឌិតនានាបានល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ