វិស័យទេសចរណ៍កម្ពុជាជួបបញ្ហាក្រោយផ្ទុះកូរ៉ូណាវីរុស

ប្រមុខរាជរដ្ឋាភិបាលចាត់វិធានការស្រោចស្រង់ការធ្លាក់ចុះដុនដាបក្នុងវិស័យ ទេសចរណ៍កម្ពុជា


វិស័យទេសចរណ៍នៅកម្ពុជា និងនៅក្នុងតំបន់ សុទ្ធតែជួបប្រទះនូវវិបត្តិថមថយចុះនូវ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដោយសារតែការផ្ទុះឡើងនូវ វីរុសកូរ៉ូណា ឬហៅថា COVID 19 ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដល់អាជីវកម្មនៅក្នុងវិស័យនេះ និងចំណូលសេដ្ឋកិច្ចជាតិ។
ទេសចរណ៍​ដើរ​កម្សាន្ត​នៅ​មុខប្រាង្គ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ

ជុំវិញ​នឹង​បញ្ហា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ដាក់​ចេញ​នូវ វិធានការ​ពិសេស ជួយ​ស្រោចស្រង់​ដល់ វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​មានការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ សម្រាប់​សណ្ឋាគារ និង​ផ្ទះសំណាក់ ការ​ផ្តល់​កញ្ចប់​សេវាកម្ម​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ជម្រុញ​ការ​ធ្វើ​ទេសចរណ៍​ក្នុងស្រុក ជា​ជាង​ការ​ចេញ​ទៅ​កម្សាន្ត​នៅ​ក្រៅប្រទេស​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​ផ្ទុះ​ឡើង​នូវ មេរោគ​កូ​រ៉ូ​ណា បាន​ធ្វើ​ឲ្យ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ត​ធ្លាក់​ចុះ​ខ្លាំង ជាក់ស្តែង​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២០​នេះ គឺ​មានការ​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ៦០% ឯណោះ ដោយ​ភ្ញៀវ​ទេសចរ​ចិន ធ្លាក់​ចុះ​ប្រមាណ ៩០% ក្នុង​នោះ​ខេត្តសៀមរាប ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​។

ជា​វិធានការ​ចាំបាច់​ជួយ​ដល់ វិស័យ​ទេសចរណ៍​កម្ពុជា សម្តេច​តេ​ជោ បាន​ប្រកាស​សម្រេច លើកលែង​នូវ​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​របស់ អាជីវកម្ម​ផ្ទះសំណាក់ និង​សណ្ឋាគារ នៅ​ក្នុង​ខេត្តសៀមរាប ចំនួន ៤​ខែ ពី​ខែកុម្ភៈ ដល់​ខែឧសភា ឆ្នាំ ២០២០​នេះ ពោល​គឺ រដ្ឋ ទទួល​បង់ពន្ធ​ជំនួស​។

ជាមួយ​គ្នា​នេះ​ដែរ​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​សុទ្ធតែ​មើលឃើញ​ថា ការ​ធ្វើ​បែប​នេះ គឺជា​រឿង​ដ៏​ត្រឹមត្រូវ​សម្រាប់​ការ​ជួយ​ស្រោចស្រង់​អាជីវកម្ម​ពលរដ្ឋ ក៏​ដូច​ជា​សេដ្ឋកិច្ចជាតិ​។

បន្ថែម​ពីលើ​នេះ សម្តេច​តេ​ជោ ក៏​បាន​ស្នើ​ឲ្យ​មាន ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ កិច្ច​ការងារ​ចូលរួម​ប្រជុំ​នៅ​ក្រៅប្រទេស ដោយ​គ្រប់​ក្រសួង​ស្ថាប័ន​របស់ រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ងាក​មក​ចូលរួម​ជម្រុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ដូច​ជា​ការ​រៀបចំ​កិច្ចប្រជុំ សិក្ខាសាលា និង​កម្មវិធី​ផ្សេង​ៗ​ទៀត​របស់ រដ្ឋ វិស័យ​ឯកជន អង្គការ​នានា គួរតែ​ធ្វើ នៅ​តាម​បណ្តា​ខេត្ត​សំខាន់​ៗ ជា​ពិសេស​នៅ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប​។

ក្នុង​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក ងាក​មក​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុងស្រុក​វិញ ដើម្បី​ជួយ​ស្រោចស្រង់​ដល់ វិស័យ​ទេសចរណ៍​ជាតិ ហើយ​សម្តេច ក៏​អំពាវនាវ​ឲ្យ ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ បន្ធូរ​បន្ថយថ្លៃ សម្រាប់​បន្ទប់​ស្នាក់​នៅ ល្អ​ជាង ការ​ទុក​ឲ្យ​បន្ទប់​នៅ​ទំនេរ ចោល​។

លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ឲ្យ​ចូល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប បាន​កាន់តែ​ច្រើន និង​ស្នាក់​នៅ​កាន់តែ​យូរ​នោះ សម្តេច​តេ​ជោ បាន​បង្គាប់​ឲ្យ​មាន ការ​ផ្តល់​កញ្ចប់​ទេសចរណ៍​ពិសេស សម្រាប់​សំបុត្រ​ចូល​កម្សាន្ត​រមណីយដ្ឋាន​អង្គរ ដោយ​រក្សា​តម្លៃ​សំបុត្រ​នៅ​ដដែល តែ​បន្ថែមចំនួន​ថ្ងៃ​ចូល​ទស្សនា សម្រាប់​ប្រភេទ​សំបុត្រ​នីមួយ​ៗ ។

ជា​ចុង​ក្រោយ សម្រាប់​ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បង្កើត​ឡើង​នូវ យុទ្ធនាការ​រៀបចំ​សកម្មភាព និង​ព្រឹត្តិការណ៍​ទាក់ទាញ​បន្ថែម​ទៀត​ដូច​ជា អង្គ​រស​ង្គ្រា​ន ពិធីបុណ្យ​ប្រពៃណី​សាសនា ការ​ប្រកួត​កីឡា និង​ការ​ប្រគុំ​តន្ត្រី​ជាដើម សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រី​ចំណាស់​ជាង​គេ​បំផុត លោក មហាធៀ មហាម៉ាត់ លាលែង​ពីមុខ​តំណែង​ហើយ

ព័ត៌មាន
បន្ទាប់ពី​កាន់​អំណាច​បានជិត​ពីរឆ្នាំ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បាន​ដាក់ពាក្យ​លាលែង​ពីមុខ​តំណែង​ហើយ នៅថ្ងៃចន្ទ ទី២៤…

ពន្ធប្រថាប់ត្រាចំពោះតម្លៃផ្ទះក្រោម៧ម៉ឺនដុល្លារត្រូវបានលើកលែងរយៈពេល១ឆ្នាំ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសលើកលែងពន្ធប្រថាប់ត្រាចំពោះតម្លៃផ្ទះក្រោម៧ម៉ឺន ដុល្លារអាមេរិក នៅក្នុងរយៈពេល១ឆ្នាំ ដោយគិតត្រឹមពីខែកុម្ភៈឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ