អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា គោលបំណងចម្បងនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ គឺដើម្បីប្រមូលផ្តុំថ្នាក់ដឹកនាំសភាពាណិជ្ជកម្មក្នុងតំបន់ និងធុរជនអន្តរជាតិ មកពិភាក្សាផ្លាស់ប្តូរមតិ ដើម្បីស្វែងរកដំណោះស្រាយរួមចំពោះការប្រែប្រួលយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចសកល។ ជាមួយគ្នានេះ កិច្ចប្រជុំក៏មានគោលដៅពន្លឿនការធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានឱ្យកាន់តែស៊ីជម្រៅ ជាពិសេសការដោះស្រាយភាពយឺតយ៉ាវ នៃពាណិជ្ជកម្មឆ្លងដែន។ អ្នកឧកញ៉ា រំពឹងថា នេះគឺជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការស្រូបយកការវិនិយោគថ្មីៗដែលផ្ដោតលើបច្ចេកវិទ្យា ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចសកលនេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងសម្ពាធនៃអត្រាការប្រាក់នាពេលបច្ចុប្បន្នបានធ្វើឱ្យពាណិជ្ជកម្មពិភពលោកថមថយ ហើយវិនិយោគិនមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះតាមរយៈការបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ គឺជាយុទ្ធសាស្រ្តសំខាន់ក្នុងការពង្រីកទីផ្សារក្នុងតំបន់ ការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបង្កើនភាពធន់ នៃសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ កិច្ចប្រជុំនេះនឹងក្លាយជាស្ពានភ្ជាប់រវាងអាជីវកម្មក្នុងស្រុក ជាមួយនឹងសហគ្រាសអន្តរជាតិធំៗក្នុងការចាប់ដៃគូសហការគ្នាស្របតាមចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើឡើងក្រោមមូលបទការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម៕