នាវាការពារជើងទឹកជប៉ុនចូលចតនៅកម្ពុជា

នាវាការពារជើងទឹកជប៉ុន២គ្រឿងបានចូលចត នៅកំពង់ផែខេត្តព្រះសីហនុ


នាវាការពារជើងទឹករបស់ជប៉ុនចំនួន ២គ្រឿង ដែលមានរួមដំណើរប្រតិភូកងស្វ័យការពារជើងទឹករបស់ជប៉ុនផងនោះ បានចូលចតនៅកំពង់ផែពហុបំណង ខេត្តព្រះសីហនុ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ខែមីនា រហូតដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២។ គោលបំណងសំខាន់នៃការចូលចតនាវាជប៉ុន នៅកំពង់ផែព្រះសីហនុ នាពេលនេះ គឺដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា ។ក្រុមការងារខេមបូណូមីសលម្អិតរឿងនេះដូចតទៅ។
នាវា JS URAGA លេខ៤៦៣

ថ្លែងនាឱកាសទទួលស្វាគមន៍ និងសំណេះសំណាលជាមួយប្រតិភូកងស្វ័យការពារជើងទឹកជប៉ុន នៅបញ្ជាការដ្ឋានកងទ័ពជើងរាម ខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមីនា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយកសាង និងរក្សាសន្តិភាព និងការពារ ជនស្លូតត្រង់នៅលើសកលលោក និងនៅតែបន្តខិតខំកិច្ចប្រឹងប្រែងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបដោះស្រាយបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងកងស្វ័យការពារជប៉ុន ដែលបានជួយគាំទ្រឧបត្ថម្ភដល់កងរក្សាសន្តិភាពកម្ពុជា ដូចជា ឧបករណ៍ សម្ភារៈសិក្សា ការហ្វឹកហ្វឺន ក្នុងនិងក្រៅប្រទេសលើជំនាញបច្ចេកទេសវិស្វកម្ម និងវាស់ស្ទង់។ ពិសេស នៅអំឡុងជំងឺកូវីដ-១៩ ភាគីជប៉ុនបានផ្ដល់ការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជាតាមរយៈប្រព័ន្ធអេឡិចត្រូនិកផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចពិជ័យសេនា ទៀ បាញ់។

ជាមួយគ្នានោះ លោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានគូបញ្ជាក់ថា ឆ្នាំ២០២២នេះ ជាខួបលើកទី៣០ ដែលជប៉ុន បានបញ្ចេញកងទ័ពលើកដំបូងបំផុតមកកាន់ប្រទេសកម្ពុជា។ លោក Noguchi បានបង្ហាញក្ដីរំពឹងខ្ពស់ថា ការចូលចតបំពេញទស្សនៈកិច្ចនៅកម្ពុជាលើកនេះ នឹងរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនងរវាងកម្លាំងស្វយ័តជប៉ុន និងកងទ័ពជើងទឹកកម្ពុជា ក៏ដូចជា ទំនាក់ទំនងទ្វេរភាគី ផងដែរ។

នាវា JS URAGA លេខ៤៦៣ ជាប្រភេទនាវាប្រឆាំងមីនមានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ មានទម្ងន់ផ្ទុកជិត ៦ពាន់តោន និងមាននាវិកចំនួន ១២៦នាក់ ។ ដោយឡែកនាវា JS HIRADO លេខ៣០៥ មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២,៧ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន ៥៤នាក់។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ បានទទួលកងនាវាជើងទឹកបរទេស ក្នុងគោលបំណងបំពេញទស្សនៈកិច្ច បង្កើនកិច្ចសហប្រតិបត្តិការ ការហ្វឹកហ្វឺនដកពិសោធន៍ លើកកម្ពស់សាមគ្គីភាព និងផ្ដល់ជំនួយមនុស្សធម៌នានា។ ដោយឡែក ការសុំចូលចតរបស់នាវាកងស្វ័យការពារជើងទឹកជប៉ុន នៅកម្ពុជា គិតមកដល់ពេលនេះ មានចំនួន ១២លើក ដែលស្មើនឹងនាវា ២៧គ្រឿង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែនអាចនឹងបិទបញ្ចប់ពេលណា?

ព័ត៌មាន
លោកទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក អូលេកស្គី អារ៉េសស្តូវិច(Oleksiy Arestovich) បានធ្វើការវាយតម្លៃថា សង្រ្គាមឈ្លានពានរុស្ស៊ីទៅលើ …

សង្គ្រាមឈ្លានពាននៅអ៊ុយក្រែន នឹងធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីដើរថយក្រោយ៣០ឆ្នាំ

ព័ត៌មាន
ក្រុមអ្នកសេដ្ឋកិច្ច វិនិយោគិន និងអ្នកការទូតបាននិយាយថា សង្គ្រាមរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន និងការឆ្លើយតបជាសក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ