
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម ប្រធានប្ដូរវេនអាស៊ានបានសរសេរបង្ហោះលើគណនីហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ដោយបានអំពាវនាវដល់មេដឹកនាំប្រទេសកម្ពុជា និងថៃកាត់បន្ថយកម្តៅជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនេះ។ ការអំពាវនាវនេះធ្វើឡើងក្រោយលោកបានជួបជជែកជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីរបស់ថៃលោក Phumtham Wechayachai នៅថ្ងៃដដែលនោះ។
បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ លោកបានអំពាវនាវឱ្យមេដឹកនាំទាំងពីរឱ្យចរចាឈានដល់បទឈប់បាញ់ជាបន្ទាន់ ដើម្បីទប់ស្កាត់អរិភាពបន្ថែមទៀត និងដើម្បីបង្កើតឱកាសសម្រាប់ការសន្ទនាដោយសន្តិវិធី និងដោះស្រាយតាមផ្លូវការទូត។ ជាមួយគ្នានេះលោកបង្ហាញការស្វាគមន៍ចំពោះសញ្ញាវិជ្ជមាន និងឆន្ទៈដែលបង្ហាញដោយទីក្រុងបាងកក និងក្រុងភ្នំពេញ លើការពិចារណាចរចាដើម្បីឈានទៅរកបទឈប់បាញ់ ហើយម៉ាឡេស៊ី ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្របសម្រួលដំណើរការចរចានេះក្នុងស្មារតីឯកភាពអាស៊ាន និងការទទួលខុសត្រូវរួមគ្នា។
ប្រធានអាស៊ានប្តូរវេនរូបនេះបានសង្កត់ធ្ងន់ថា ភាពខ្លាំង និងភាពរឹងមាំរបស់អាស៊ាន ស្ថិតលើសាមគ្គីភាព ហើយថា សន្តិភាពត្រូវតែជាជម្រើសសមូហភាពក្នុងតំបន់ជានិច្ច និងមិនផ្លាស់ប្តូរ។
ទន្ទឹមនឹងការអំពាវនាវរបស់លោក អានវ៉ា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រ ទី២៥ ខែកក្កដា នេះតាមសំណើរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា ដែលជាការបំពានច្បាប់អន្តរជាតិ និងច្បាប់របស់អាស៊ានយ៉ាងធ្ងន់ធ្ងរ៕
ដោយ: តែម សុខុម