មីយ៉ាន់ម៉ា-ថៃ

ប្រជុំក្រៅផ្លូវការអាស៊ានស្តីពីមីយ៉ាន់ម៉ានៅថៃ បញ្ចប់ទៅដោយគ្មានផ្លែផ្កា ខណៈសមាជិកមួយចំនួនមិនទៅចូលរួម


ដូចការគ្រោងទុក ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូ បានរៀបចំកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការមួយស្តីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កិច្ចប្រជុំកាលពីថ្ងៃម្សិលមិញនេះ ជាការបង្ហាញខ្លួនដ៏កម្រពីភាគីរដ្ឋមន្ត្រីការពារជាតិរបបសឹកភូមា ក្រោយមីយ៉ាន់ម៉ាតែងត្រូវបានផាត់ចេញពីជំនួបផ្លូវការថ្នាក់តំបន់នានា ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំ២០២១មក។
ប្រជុំក្រៅផ្លូវការអាស៊ានស្តីពីមីយ៉ាន់ម៉ាគ្មានផ្លែផ្កា!

ទោះយ៉ាងណា សមាជិកអាស៊ានមួយចំនួនមិនបានអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រៅផ្លូវការ​នៅបាងកកឡើយ ទោះបីជាមានការអញ្ជើញពីរដ្ឋាភិបាលលោកប្រាយុទ្ធក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី កញ្ចនា ផាតារ៉ាឈូក(Kanchana Patarachoke) ប្រាប់អ្នកយកព័ត៌មានថា ជំនួបក្រៅផ្លូវការកាលពីថ្ងៃព្រហស្បតិ៍មានតែ៥ប្រទេសប៉ុណ្ណោះបានចូលរួម ដូចជាវត្តមានរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា កម្ពុជា ឡាវ វៀតណាម និងថៃខ្លួនឯង។ ក្រៅពីនោះ ពុំមានឡើយវត្តមានរដ្ឋមន្ត្រីការបរទេស ឬតំណាងពីភាគីប្រទេស ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលសុទ្ធសឹងជាអ្នកមានជំហររិះគន់ខ្លាំងលើរបបសឹក បើធៀបនឹងសមាជិកអាស៊ានឯទៀត។

មិនមានលទ្ធផលជាក់ស្តែងណាមួយទទួលបានពីការពិភាក្សានេះទេ ដោយអ្នកនាំពាក្យក្រសួងការបរទេសថៃអះអាងថា ពួកគេបានផ្តោតការពិភាក្សាលើជំនួយមនុស្សធម៌ និងការស្វែងរកវិធី​ ដើម្បីជំរុញការអនុវត្តផែនការដំណោះស្រាយ​ទាំង៥ចំណុចជា​ឯកច្ឆន្ទរបស់អាស៊ាន។

ដោយឡែក បើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសលោក វូនណា ម៉ងល្វីន បានទទូចឱ្យរដ្ឋសមាជិកអាស៊ានបរិហារសកម្មភាពរបស់រដ្ឋាភិបាលស្រមោល NUG ថាជាភេរវករ ហើយមីយ៉ាន់មិន​លើកទឹកចិត្តឱ្យមានការគាំទ្រ​ទាំងស្មារតី សម្ភារៈ និងហិរញ្ញវត្ថុសម្រាប់អង្គការភេរវករមួយនេះឡើយ។

ទន្ទឹមនេះ បើតាមសេចក្តីប្រកាសព័ត៌មាន​ពីក្រសួងការបរទេសកម្ពុជានៅថ្ងៃទី ២២ខែធ្នូ បានអះអាងថាកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ​មានលក្ខណៈបើកចំហ ស្មោះត្រង់ ស្របទៅតាមចំណុចទី១៤ នៃការត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ាន​លើការអនុវត្តកិច្ចព្រមព្រៀងជា​ឯកច្ឆន្ទប្រាំចំណុច។ បើតាមភាគីកម្ពុជា អង្គប្រជុំបានផ្លាស់ប្តូរ​ទស្សនៈលើវិធីសាស្ត្រជាក់ស្តែង ដែលអាចពន្លឿនការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច រួមទាំងយុទ្ធសាស្ត្រច្រកចេញ (Exit Strategy) ដែលអាច ជួយមីយ៉ាន់ម៉ាត្រឡប់រកភាពប្រក្រតីវិញ និងសន្តិភាពឱ្យបានឆាប់បំផុត។

មែនទែនទៅ ការមិនបានមកចូលរួមពីសមាជិកអាស៊ានដទៃ ទំនងជាកំពុងបង្ហាញថា សមាជិកអាស៊ានទាំង១០ អាចមានភាពមិននចុះសម្រុងផ្ទៃក្នុងខ្លះ ទៅលើថា​តើគេត្រូវមានទំនាក់ទំនង​ជាមួយរបបយោធា ដែលបានដណ្តើម​អំណាច​កាលពីខែកុម្ភៈឆ្នាំមុន ឬយ៉ាងណា ខណៈដែលជិត២ឆ្នាំមកនេះ រដ្ឋប្រហារបានបង្អាក់ដំណើរការលទ្ធិប្រជាធិបតេយ្យ​នៅមីយ៉ាន់ម៉ា ហើយបានធ្វើឱ្យប្រទេសមួយនេះ​ធ្លាក់ចូលទៅក្នុងជម្លោះ និងការដាំក្បាលចុះនៃសេដ្ឋកិច្ច។

សូមជម្រាបថា មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង ត្រូវបានគេផាត់ចេញពីកិច្ចប្រជុំអាស៊ានដោយសារមិនបានគោរពការសន្យាកាលពីឆ្នាំ​មុន​ក្នុងការចាប់ផ្តើមការចរចា​ជាមួយរដ្ឋាភិបាលស្រមោល របស់លោកស្រី អ៊ុង សានស៊ូជី ដែលកំពុងជាប់ពន្ធនាគារ និងមិនបានអនុវត្តតាមកិច្ចព្រមព្រៀង​ដំណោះស្រាយទាំង៥ចំណុច៕




អត្ថបទបន្ទាប់


ឯកឧត្តម ថោង ខុន៖ វត្តមានរបស់បារាំង បានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានអះអាង នាពេលថ្មីៗនេះថា ការចូលរួមរបស់ប្រទេសបារាំងពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៃការដំណើរការអភិវឌ្ឍសង្គមស…

ព្រឹទ្ធសភាអាមេរិកកោះហៅក្រុមហ៊ុនរថយន្ដធំៗមកសួរនាំ ជុំវិញការប្រើប្រាស់គ្រឿងបង្គុំពីចិន ដែលមានការរំលោភសិទ្ធិពលកម្ម

ព័ត៌មាន
គណៈកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភាអាមេរិក បានចោទសួរទៅកាន់ក្រុមហ៊ុនរថយន្តធំៗដូចជា Tesla, Toyota, Ford និង GM ជាដើម អំពីថាតើការផ្គត់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ