ព្រឹទ្ធសភាអាមេរិក

ព្រឹទ្ធសភាអាមេរិកកោះហៅក្រុមហ៊ុនរថយន្ដធំៗមកសួរនាំ ជុំវិញការប្រើប្រាស់គ្រឿងបង្គុំពីចិន ដែលមានការរំលោភសិទ្ធិពលកម្ម


គណៈកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភាអាមេរិក បានចោទសួរទៅកាន់ក្រុមហ៊ុនរថយន្តធំៗដូចជា Tesla, Toyota, Ford និង GM ជាដើម អំពីថាតើការផ្គត់ផ្គង់គ្រឿងបង្គុំសម្រាប់រថយន្តពួកគេពីប្រទេសចិន មានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ឬសិទ្ធិពលកម្មនៅក្នុងខេត្តស៊ីនជាំង ប្រទេសចិន ដែរឬក៏អត់។
ក្រុមហ៊ុនរថយន្តនៅអាមេរិក ត្រូវបានសួរនាំរឿងការផ្គត់ផ្គង់ពីចិនពាក់ព័ន្ធការរំលោភសិទ្ធិ

ការសួរដេញដោល​នេះ ក្រោយមានរបាយការណ៍​ស្រាវជ្រាវ​ថ្មីមួយ​ដែលសង្ស័យពីការរំលោភបំពាន​នេះ ហើយរកឃើញថាមានការបំពានច្បាប់មែននោះ ​ក្រុមហ៊ុន​រថយន្តធំៗទាំងអស់នោះ ត្រូវប្រឈម​មុខនឹងប​ញ្ហា​​លក់រថយន្ត​​នៅលើ​ទឹកដី​អាមេរិកជាក់ជាមិនខានឡើយ។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​អន្តរជាតិធំៗ។

លោក Ron Wyden ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នៃព្រឹទ្ធសភាអាមេរិក បាន​សរសេរសំបុត្រផ្ញើ​ទៅកាន់​នាយក​ក្រុមហ៊ុនរថយន្តធំៗ អំពីខ្សែចង្វាក់ផ្គត់ផ្គង់​គ្រឿងបង្គុំ​របស់ពួកគេ​មកពីប្រទេសចិន ដែល​វាមាន​សារៈសំខាន់​ខ្លាំងណាស់​​ក្នុងការ​ត្រួតពិនិត្យ​​ឱ្យហ្មត់ចត់​​នូវទំនាក់ទំនង​របស់ក្រុមហ៊ុនរថយន្ត ជាមួយនឹង​ប​ណ្តាញ​ផ្គត់ផ្គង់​ទាំងអស់​ពាក់ព័ន្ធ​នឹង​ខេត្ត​ស៊ីនជាំង ដ្បិតថា តំបន់នេះ គឺស្ថិតនៅក្នុង​ការហាមឃាត់​ការនាំចូលផលិតផល​ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដោយសារតែមានករណីរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។

តាមរយៈ​សំបុត្រ​ដែលត្រូវបាន​ផ្ញើទៅកាន់ក្រុមហ៊ុន​ Toyota, Volkswagen, Stellantis និង Mercedes-Benz បាន​បង្ហាញ​ថា ប្រសិនបើគ្មា​នការបញ្ជាក់​ថា គ្រឿង​បង្គុំរបស់ពួកគេ​មិនពាក់ព័ន្ធនឹងការរំលោភ​បំពាន​​នៅក្នុងខេត្ត​ស៊ីនជាំងទេនោះ ក្រុមហ៊ុនរថយន្ត​មិនអាច និងមិនគួរលក់​​រថយន្ត​​របស់ពួកគេ​នៅលើទឹកដីអាមេរិកឡើយ។

ក្នុងខ្លឹមសារសំបុត្រ​របស់​សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ គឺ​បាន​ដកស្រង់​របាយការណ៍ថ្មីមួយ​ដែល​បាន​ចេញផ្សាយ​កាលពីដើមខែ​ធ្នូនេះ​ ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ Sheffield Hallam នៅប្រទេស​អង់គ្លេស ទៅលើ​ការប្រើប្រាស់​ដែកថែប អាលុយមីញ៉ូម ទង់ដែង អាគុយ អេឡិចត្រូនិច និង​គ្រឿង​បង្គុំ​ដទៃទៀត​ សម្រាប់​បម្រើឱ្យឧស្សាហកម្មរថយន្ត ដែលត្រូវបាន​រកឃើញថា គឺបានផលិត​នៅក្នុងតំបន់ស៊ីនជាំងប្រទេសចិន។ ក្នុងរបាយការណ៍នេះ អ្នកស្រាវជ្រាវ​បានជំរុញ​ឱ្យ​ត្រួតពិនិត្យហ្មត់ចត់​​ចំពោះវត្ថុធាតុដើម និង​គ្រឿង​បង្គុំរថយន្ត​ ដើម្បីធានាថា ​​គ្មា​នការបំពាន​សិទ្ធិពលកម្មឡើយ។

សូម​រំលឹកថា កាលពីខែមិថុនា ច្បាប់អាមេរិក​មួយ​បានចូល​ជាធរមាន​​ដោយ​ហាមឃាត់​ការនាំចូល​ទំនិញ​របស់​ក្រុមហ៊ុន​ណា​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិពលកម្ម​ក្នុងតំបន់ស៊ីនជាំង ប្រទេសចិន ដើម្បីប្រឆាំង​នឹង​ការយាយី​របស់​ក្រុងប៉េកាំង​ទៅលើ​ជនជាតិភាគតិចអ៊ុយហ្គួរ។

ទីក្រុងប៉េកាំង តែងតែ​​ច្រានចោល​​ការចោទ​ប្រកាន់​នានា​អំពីការបំពានសិទ្ធិមនុស្ស​នៅក្នុងតំបន់ស៊ីនជាំង និង​បានអះអាង​ថា ខ្លួន​បាន​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បីកាត់​បន្ថយ​ភេរវកម្ម ការផ្តាច់ខ្លួន និង​ក្រុមជ្រុលនិយម​សាសនា​ក្នុងខេត្តនេះជាដើម។

ជុំវិញ​ការចោទ​សួរខាងលើនេះដែរ ក្រុមហ៊ុន​រថយន្តដូចជា GM, Honda និង Volkswagen សុទ្ធតែបាន​ធានា​អះអាងថា ​ខ្សែចង្វាក់ផ្គត់ផ្គង់​​របស់ពួកគេ មិនជាប់​ពាក់ព័ន្ធ​នឹង​ការបង្ខិតបង្ខំ​កម្លាំងពលកម្មណាមួយឡើយ។

ថ្មីៗនេះ សហជីពកម្មករ​រថយន្តអាមេរិក បាន​អំពាវនាវឱ្យ​ក្រុមហ៊ុនផលិត​រថយន្ត​ ផ្លាស់ប្តូរ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ទាំងអស់​ចេញពី​តំបន់ស៊ីនជាំង ប្រទេសចិន ដើម្បី​ការពារ​សិទ្ធិពលកម្ម និងសិទ្ធិមនុស្ស ព្រមទាំងបរិស្ថាន​ផងដែរ៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


ប្រជុំក្រៅផ្លូវការអាស៊ានស្តីពីមីយ៉ាន់ម៉ានៅថៃ បញ្ចប់ទៅដោយគ្មានផ្លែផ្កា ខណៈសមាជិកមួយចំនួនមិនទៅចូលរួម

ព័ត៌មាន
ដូចការគ្រោងទុក ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូ បានរៀបចំកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការមួយស្តីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កិច្ចប្រជ…

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា សម្រេចចិត្តចូលជាមួយគណបក្សថ្មីមួយ ដើម្បីឈរឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានប្រកាសនៅថ្ងៃសុក្រ ទី២៣ ខែធ្នូនេះថា លោកបានចូលរួមជាមួយគណបក្សរួមថៃសាងជាតិ (Ruam Thai Sang Cha…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ