ក្នុងឆ្នាំ២០២០ប្រទេសណាខ្លះក្នុងតំបន់ មានកម្ចីមិនដំណើរការឬកម្ចីខូចកើនឡើងខ្ពស់ជាងគេ?


កម្ចីមិនដំណើរការ Nonperforming loans ឬ ហៅថាកម្ចីខូចដែលមានការសងត្រឡប់យឺតយ៉ាវ ឬ មិនអាចសងត្រឡប់បាននៅក្នុងប្រព័ន្ធធនាគារនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០២០ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែវិបត្តិនៃមេរោគកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់វិស័យសហគ្រាសខ្នាតតូច និងមធ្យមក្នុងតំបន់នេះ ក៏ដូចជាជីវភាពប្រជាពលរដ្ឋទូទៅផងដែរ។
ក្នុងឆ្នាំ២០២០ ប្រទេសណាខ្លះក្នុងតំបន់ មានកម្ចីមិនដំណើរការ ឬ កម្ចីខូចកើនឡើងខ្ពស់ជាងគេ?
ដោយ

តាមការរាយការណ៍មួយដោយសារព័ត៌មានជប៉ុន Nikkei បានឲ្យដឹងថា នៅក្នុងតំបន់អាស៊ាននេះ ប្រទេសហ្វីលីពីនមានការជួបប្រទះនឹងបញ្ហាឥណទានមិនដំណើរការ nonperforming Loans​ នេះ ខ្លាំងជាងគេធៀបទៅនឹងបណ្ដាប្រទេសផ្សេងទៀត។

ការរាយការណ៍របស់ Nikkei ដដែលបានឲ្យដឹងទៀតថា នៅឆ្នាំ២០២០ បានធ្វើការសិក្សាស្រាវជ្រាវលើធនាគារធំៗចំនួន១៦ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ ដោយប្រទេសទាំងនេះ សរុបប្រាក់ចំណេញរួមគ្នាទៅឃើញថាមានដល់ជិត២០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ តែមានធ្លាក់ចុះ៣៤% ធៀបនឹងឆ្នាំ២០១៩ ដែលវាគឺជាស្ថានភាពប្រាក់ចំណេញអាក្រក់បំផុតមិនធ្លាប់មានឡើយតាំងពីឆ្នាំ២០១១មក។ 

ចំនួនឥណទានមិនដំណើរសរុបរបស់បណ្ដាធនាគារធំៗទាំង១៦ នៃប្រទេសអាស៊ានទាំង៥នេះ មានការកើនឡើង១៧% ដោយមានតម្លៃជាទឹកប្រាក់ជិត៤០ពាន់លានដុល្លារអាមេរិក ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេលប្រមាណ១ទសវត្សរ៍កន្លងមកនេះ។

ស្របពេលដែល សេដ្ឋកិច្ចប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ចាប់ផ្ដើមស្ទុះងើបឡើងវិញក្រុមអ្នកវិភាគក៏បានព្រមានថា ឥណទានអាក្រក់ ឬឥណទានមិនដំណើរការ នឹងបន្តកើនឡើងទៀតនៅឆ្នាំនេះ ខណៈដែលរដ្ឋាភិបាលកំពុងដកចេញវិញនូវការគាំទ្រហិរញ្ញវត្ថុ ហើយនេះ គឺជាហានិភ័យធ្លាក់ចុះសម្រាប់ធនាគារ ដែលកំពុងមានការផ្ដល់អត្រាការប្រាក់ទាបរយៈពេលយូរ និងការលេចឡើងនៃការប្រកួតប្រជែងខ្លាំងនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ នៅឆ្នាំ២០២០ ឥណទានមានបញ្ហានៅក្នុងធនាគារធំៗចំនួន២ នៅហ្វីលីពីន មានការកើនឡើងដល់ទៅ១២០% ហើយការពន្យារពេលនៃការចាក់សោរបិទប្រទេសក៏បានធ្វើឲ្យសេដ្ឋកិច្ចហ្វីលីពីនដាំក្បាលចុះដល់ទៅ៩,៥%ផងដែរ។

ប្រទេសថៃវិញក៏ត្រូវបានមើលឃើញថា មានស្ថានភាពសេដ្ឋកិច្ចអាក្រក់ខ្លាំងណាស់ដែរ ដោយសារតែមានការប៉ះពាល់ខ្លាំងលើវិស័យទេសចរណ៍ ដោយមានធនាគារធំៗចំនួន៣បានរាយការណ៍ថាមានការកើនឡើងនូវបំណុលអាក្រក់កាលពីឆ្នាំ២០២០។ ក្នុងនោះ ឥណទានមិនដំណើរការរបស់ធនាគារទាំង៣នេះ មានដល់ទៅប្រមាណ៤% ស្របពេលដែលសេដ្ឋកិច្ចប្រទេសថៃ ក៏មានសេដ្ឋកិច្ចដាំក្បាលចុះជាង៦%ផងដែរកាលពីឆ្នាំមុន។

ដោយឡែកប្រទេសឥណ្ឌូនេស៊ីឯណោះវិញ កាលពីឆ្នាំ២០២០មានសេដ្ឋកិច្ចដាំក្បាលចុះជាង២%ដែរ ខណៈដែលឥណទានមិនដំណើរការនៅក្នុងធនាគារធំៗចំនួន៤របស់ប្រទេសនេះ បានកើនឡើងដល់ទៅ ៣៣% ធៀបនឹងឆ្នាំមុន។ ឥណទានមិនដំណើរការក្នុងធនាគារទាំង៤នៅឥណ្ឌូនេស៊ី មានកើនឡើងដូចជាវិស័យផលិតកម្មកើនជាង១៣០% ខណៈដែលវិស័យពាណិជ្ជកម្មភោជនីយដ្ឋាន និងសណ្ឋាគារ កើនឡើងជាង១៥០%។

នៅប្រទេសសិង្ហបុរីវិញ ឥណទានមិនដំណើរការនៅក្នុងធនាគារធំៗចំនួន៣ មានការកើនឡើងតិចតួចប៉ុណ្ណោះ គឺកើនពី១,៥% នៅឆ្នាំ២០១៩មកដល់១,៦% នៅឆ្នាំ២០២០។

បើមើលជារួមនៃអត្រាឥណទានមិនដំណើរការនៅក្នុងធនាគារនៃប្រទេសអាស៊ានទាំង៥ រួមមានហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី និងម៉ាឡេស៊ី គឺមានចន្លោះពី ០,៣៦% ទៅដល់៤,២% នៅឆ្នាំ២០២០។

ជុំវិញទៅនឹងឥណទានមិនដំណើរការនេះដែរ សម្រាប់កម្ពុជាយើងឯណេះវិញ បើតាមលោកបណ្ឌិត អិុន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានលើកឡើងថា លោកមិនមានទិន្នន័យជាក់លាក់ចំពោះវិស័យធនាគារទាំងមូលនោះទេ ប៉ុន្ដែ លោកថាចំពោះ ធនាគារអេស៊ីលីដាផ្ទាល់ ទំហំឥណទានមិនដំណើរការនេះកម្ចីខូចមានការសងត្រឡប់យឺតយ៉ាវ ឬ មិនអាចសងត្រឡប់បាននៅក្នុងប្រព័ន្ធធនាគារ មានការកើនឡើងតិចតួចប៉ុណ្ណោះនៅឆ្នាំ២០២០ ដោយមានប្រមាណជាង២% ខណៈដែលកាលពីឆ្នាំ២០១៩មានប្រមាណ១,៨%។ ការរក្សាបាននូវទំហំឥណទានមិនដំណើរមានទាបនេះ គឺដោយសារតែធនាគារមានការរៀបចំឥណទានឡើងវិញសម្រាប់អតិថិជនរបស់ខ្លួន។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថាសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯណេះវិញ​ គិតត្រឹមខែមករាឆ្នាំ២០២១ ឥណទានមិនដំណើរការស្ថិតនៅក្នុងអត្រាប្រមាណ១,៦៩% ដែលអត្រាមួយមានទាបជាកាលពីអំឡុងខែ៤ និងខែ៥ នៃឆ្នាំ២០២០ ដែលធ្លាប់មានដល់ទៅជិត៣%។

បើតាមលោក កាំង តុងងី ការរៀបចំឥណទានឡើងវិញគឺជាកត្តាមួយដ៏សំខាន់នៅពីក្រោយ ក្នុងការជួយ កុំឲ្យឥណទានខូច ឬឥណទានមិនដំណើរការមានការកើនឡើងខ្ពស់។ ជាក់ស្ដែង គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ ចំនួនអ្នកដែលបានមកដាក់ពាក់ស្នើសុំរៀបចំឥណទានឡើងវិញមានជាង៣០ម៉ឺន៧ពាន់នាក់ ដោយក្នុងនោះ មានជិត២៤ម៉ឺននាក់ ត្រូវបានអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់សរុបប្រមាណជិត១ពាន់៤រយលានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Thai Airways បង្ហាញជំនឿចិត្តលើផែនការអាជីវកម្មថ្មីរបស់ខ្លួនក្រោយដាក់ទៅតុលាការក្ស័យធនថៃ

ព័ត៌មាន
ដូចការកំណត់ទុក ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុ និង កំពុងហ៊ុមជិតទៅដោយបំណុលយ៉ាងច្រើននោះ បានដាក់ផែ…

របបសឹកភូមាឆ្លើយតបទៅUN យ៉ាងម៉ឺងម៉ាត់ថា «យើងមិនខ្លាចទណ្ឌកម្មទេយើងនៅតែរស់បាន យើងទម្លាប់ហើយ»

ព័ត៌មាន
តំណាងក្រុមយោធាភូមាបានធ្វើការឆ្លើតបទៅកាន់ ប្រេសិតពិសេស ឬហៅថាអ្នកជំនាញការពិសេស របស់អង្គការសហប្រជាជាតិប្រចាំប្រទេសភូមាថា ខ្លួនបានត្រៀមខ្លួន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ