នៅថ្ងៃបិទនៃកិច្ចកំពូលអាស៊ានបីថ្ងៃនេះ ភាពតានតឹងបានស្តែងឡើង ចាប់ពីបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា ជម្លោះនៅសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ាដែលមិនទទួលយកផែនការសន្តិភាពរបស់អាស៊ាន ក៏ដូចជាសង្គ្រាមនៅអ៊ុយក្រែន និងគ្រោងការរបស់កូរ៉េខាងជើងក្នុងការលក់អាវុធទៅឱ្យប្រទេសរុស្ស៊ីជាដើម។ នេះបើតាមការចុះផ្សាយដោយាសារព័ត៌មានអន្តរជាតិធំៗ។
លោក Joko Widodo ក្នុងនាមជាប្រធានអាស៊ានដែលមានសមាជិកទាំង១០ប្រទេស បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាថា៖ «យើងទាំងអស់គ្នាមានទំនួលខុសត្រូវក្នុងការមិនបង្កើតជម្លោះថ្មី ភាពតានតឹងថ្មី សង្រ្គាមថ្មី ហើយក្នុងពេលជាមួយគ្នានេះ យើងក៏មានទំនួលខុសត្រូវក្នុងការកាត់បន្ថយភាពតានតឹងផងដែរ»។ កិច្ចសហប្រតិបត្តិការ និងការចូលរួមពហុភាគីនិយម កំពុងត្រូវបានជំនួសដោយ «ច្បាប់របស់អ្នកខ្លាំង«។ លោកចូកូ បានសង្កត់ធ្ងន់ពេលបញ្ចប់កិច្ចប្រជុំថា «ពិភពលោកនឹងត្រូវបំផ្លាញ ប្រសិនបើជម្លោះនិងភាពតានតឹងនៅកន្លែងមួយ ត្រូវបានយកទៅកន្លែងផ្សេងទៀត»។
គួរជម្រាបថា ការថ្លែងរបស់លោក Joko Widodo នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះ គឺមានការចូលរួមពីអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នាយករដ្ឋមន្ត្រីចិនលោក Li Qiang និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ជាមួយនឹងមេដឹកនាំអាស៊ាន រួមទាំងមេដឹកនាំប្រទេសដៃគូអាស៊ានផ្សេងទៀត។ នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ានបូកបី ដែលមានចិន ជប៉ុន និងកូរ៉េខាងត្បូងនៅទីក្រុងហ្សាកាតានៅថ្ងៃទី៧ខែកញ្ញានោះដែរ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានព្រមានអាស៊ានអំពី «សង្រ្គាមត្រជាក់ថ្មី» ដោយបញ្ជាក់ថា ការខ្វែងគំនិតគ្នា និងវិវាទអាចកើតឡើងរវាងប្រទេសនិងប្រទេស ដោយសារតែការយល់ខុស ផលប្រយោជន៍ខុសគ្នា ឬការជ្រៀតជ្រែកពីខាងក្រៅ។ ប៉ុន្ដែ ដើម្បីរក្សាភាពខ្វែងគំនិតគ្នាឱ្យស្ថិតក្រោមការគ្រប់គ្រងបាន អ្វីដែលចាំបាច់នៅពេលនេះគឺមិនត្រូវការចាប់យកម្ខាង ហើយប្រឆាំងម្ខាងទៀត ដែលនាំឱ្យមានសង្គ្រាមត្រជាក់ថ្មីនោះឡើយ»។
ជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលបានជួបមេដឹកនាំអាស៊ានក្នុងជំនួបដាច់ដោយឡែកមួយទៀត កាលពីថ្ងៃព្រហស្បតិ៍ បានបន្តការអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ដើម្បីស្វែងរកយុទ្ធសាស្រ្តរួម បញ្ចប់វិបត្តិកាន់តែអាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកក៏បានលើកឡើងបញ្ហាមួយចំនួនទៀត រួមការប្រកួតប្រជែងរវាងប្រទេសមហាអំណាចផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកតាមរយៈលោកស្រី Kamala Harris បានបញ្ជាក់ឡើងវិញនូវ «ការប្តេជ្ញាចិត្តការពារ» របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និងកោតសរសើរប្លុកដែលគោរពតាមសណ្តាប់ធ្នាប់អន្តរជាតិលើបញ្ហាជម្លោះក្នុងសមុទ្រចិនខាងត្បូង និងការរទាមទារដោយខុសច្បាប់របស់ទីក្រុងប៉េកាំងផងដែរ។ លោកស្រីក៏បានប្រកាសពីផែនការបង្កើត «មជ្ឈមណ្ឌលអាមេរិក-អាស៊ាន» ដំបូងនៅទីក្រុងវ៉ាស៊ីនតោន ដែលនឹងជួយសម្រួលដល់ទំនាក់ទំនងរវាងអាស៊ាននិងអាមេរិក ក្នុងការផ្លាស់ប្តូររវាងប្រជាជន អាជីវកម្ម និងស្ថាប័នសិក្សារវាងភាគីទាំងពីរ។