កូវីដ១៩នៅថៃ

៥រឿងរ៉ាវសំខាន់ៗ ជុំវិញស្ថានការណ៍វិវត្តចុងក្រោយនៃកូវីដ-១៩នៅថៃ


ប្រទេសថៃ និងកម្ពុជា នៅមួយរយៈពេលចុងក្រោយនេះ កំពុងទទួលរងនូវរលកឆ្លងកូវីដ-១៩ វាយប្រហារខ្លាំងមិនចាញ់គ្នាប៉ុន្មានទេ ដោយនៅប៉ុន្មានថ្ងៃកន្លងមកនេះ ចំនួនអ្នកឆ្លងកូវីដនៅប្រទេសថៃបានកើនឡើងដល់ជាង១ពាន់នាក់ក្នុងមួយថ្ងៃៗ ខណៈដែលកម្ពុជាចំនួនឆ្លងក៏បានកើនឡើងដល់រាប់រយនាក់ក្នុងមួយថ្ងៃផងដែរ។
ពលរដ្ឋថៃឈរតម្រង់ជួររងចាំយកសំណាកទៅពិនិត្យកូវីដ១៩ - Xinhua
ដោយ

តាម​រយៈ​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​ថៃ  ដែល ខេ​ម​បូ​ណូ​មី​ស សូម​សង្ខេប​នូវ​រឿងរ៉ាវ​សំខាន់​ៗ​ចំនួន​៥ ជុំវិញ​នឹង​ស្ថានភាព​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ថៃ ថា​តើ​ប្រទេស​ថៃ​កំពុង​ជួប​ប្រឈម​បញ្ហា​អ្វីខ្លះ ហើយ​ថៃ​កំពុង​ដោះស្រាយ​បញ្ហា​ទាំងអស់​ដោយ​របៀប​ណាខ្លះ​នៅ​ពេល​នេះ?

រឿងរ៉ាវ​សំខាន់​ទី ១ គឺ​ប្រទេស​ថៃ​នឹង​អនុម័ត​ឲ្យ​ប្រើប្រាស់​លិខិតឆ្លងដែន ដែល​មានការ​បញ្ជាក់​ពី​ការ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ រួចរាល់  

រាជរដ្ឋាភិបាល​ថៃ បាន​ប្រកាស​ថា នឹង​អនុម័ត​លិខិតឆ្លងដែន​បញ្ជាក់​ពី​ការ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​នៅ​ក្នុង​ប្រទេស​ថៃ អាច​ប្រើប្រាស់​ឯកសារ​ទាំងនោះ ដើម្បី​ចេញ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​បាន​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​អ្វី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ច្បាប់​ចម្លង​នៃ​ទម្រង់​លិខិតឆ្លងដែន ដែល​បញ្ជាក់​ពី​ការ​វ៉ាក់សាំង​នោះ ក៏​មាន​ភ្ជាប់​ជាមួយ​បទបញ្ជា​របស់​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​ផង​ដែរ​។

សម្រាប់​ប្រភេទ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​ត្រូវ​ទទួលស្គាល់​សម្រាប់​លិខិតឆ្លងដែន ដែល​បញ្ជាក់​ពី​ការ​បាន​ចាក់​វ៉ាក់សាំង​នេះ ត្រូវ​តែ​ជា​វ៉ាក់សាំង​ដែល​បាន​ចុះ​ប​ញ្ចី​ឲ្យ​មាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ថៃ ឬ​មួយ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផ្ដល់​ការ​បញ្ជាក់​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​។

លិខិតឆ្លងដែន ដែល​បញ្ជាក់​ពី​ការ​បាន​ចាក់​វ៉ាក់សាំង​នេះ គឺ​ត្រូវ​ប្រើ​សម្រាប់​បុគ្គល​ម្នាក់​ៗ​ប៉ុណ្ណោះ មិន​អាច​ប្រើ​ជា​ក្រុម​បាន​ទេ​។

រឿងរ៉ាវ​សំខាន់​ទី​២ គឺ​ការ​ធានា​រ៉ាប់រង​កូ​វី​ដ​-១៩ កំពុង​មានការ​ពេញ​និយម​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ ពិសេស​នៅ​ចំ​ពេល​ដែល​មានការ​រីក​រាលដាល​នៃ​រលក​ឆ្លង​ទី​៣​នេះ​

ធានា​រ៉ាប់រង​កូ​វី​ដ​-១៩ ដែល​បាន​ដាក់​ចេញ​កាលពី​ឆ្នាំ​មុន​នោះ កំពុង​មានការ​ពេញ​និយម​ប្រើប្រាស់​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ថៃ ពិសេស​នៅ​ពេល​មាន​មានការ​ឆ្លង​រាលដាល​ខ្លាំង មនុស្ស​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង និង ស្លាប់​ដោយសារ​តែ​កូ​វី​ដ​-១៩​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាជីវកម្ម TQM ដែល​មាន​ប្រតិបត្តិការ​លើ​សេវា​ធានា​រ៉ាប់រង​នៅ​ក្នុង​ប្រទេស​ថៃ បាន​និយាយ​ថា ចំនួន​សរុប​នៃ​កិច្ចសន្យាធានា​រ៉ាប់រង​កូ​វី​ដ​១៩ រួម​ទាំង​អតិថិជន​ថ្មី​ៗ និង​អតិថិជន​បង់​ធានា​រ៉ាប់រង​បន្ដ តាម​រយៈ​ក្រុមហ៊ុន​នេះ នឹង​កើន​ដល់ ១​លាន​កិច្ចសន្យា​នៅ​ចុង​ខែមេសា​នេះ​។

បន្ទាប់​ពី​មានការ​ផ្ទុះ​ឆ្លង​រីក​រាលដាល​ខ្លាំង​ថ្មី​ៗ​នេះ ក្រុមហ៊ុន​សាជីវកម្ម​ធានា​រ៉ាប់រង TQM បាន​លក់​កញ្ចប់​ធានា​រាប់​រង​កូ​វី​ដ​១៩ បាន​ចន្លោះ​ពី ៣​ម៉ឺន ទៅ​៥​ម៉ឺន​កិច្ចសន្យា ក្នុង​មួយ​ថ្ងៃ​។

យោង​តាម​ការិយាល័យ​គណៈកម្មការ​ធានា​រ៉ាប់រង​របស់​ថៃ បាន​ឲ្យ​ដឹង​ថា ការ​ទាមទារ​ទឹកប្រាក់​ធានា​រ៉ាប់រង​កូ​វី​ដ​-១៩ បាន​កើនឡើង​ជាង ៣​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ខែមករា នឹង​កើន​ដល់​ជាង​៥​លាន​ដុល្លារ នៅ​ខែមីនា ដែល​ចំនួន​នេះ បាន​កើនឡើង​ខ្លាំង​បំផុត ខណៈ​គិត​ត្រឹម​ចុងខែ​ធ្នូ​ឆ្នាំ​២០២០ មាន​ត្រឹមតែ​២​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

រឿងរ៉ាវ​សំខាន់​ទី​៣ គឺ​គណៈរដ្ឋមន្ត្រី​ថៃ អនុម័ត​កញ្ចប់​ថវិកា​ប្រមាណ ៩៦​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​កូ​វី​ដ​-១៩​

គម្រោង​កញ្ចប់​ថវិកា​នេះ ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​កាលពី​ថ្ងៃ​អង្គារ​ទី​២ ខែមេសា ដែល​អាច​នឹង​ជួយ​ឧបត្ថម្ភ​ធន​ដល់​ពលរដ្ឋ​ប្រមាណ ៣​លាន​៤​សែន​នាក់​បន្ថែម​ទៀត ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​-១៩​។ កន្លង​មក​មាន​ពលរដ្ឋ​ថៃ​ប្រមាណ​ជាង ៣១​លាន​នាក់​ហើយ ទទួល​បានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋ​ថៃ ក្រោម​គម្រោង​កញ្ចប់​ថវិកា​សរុប​ជាង ៦​ពាន់​៧​រយ​លាន​ដុល្លារ​។

តាម​រយៈ​សំណើ​កញ្ចប់​ថវិកា​នេះ រដ្ឋាភិបាល​ថៃ​នឹង​ផ្ដល់​ជូន​ប្រាក់​ឧបត្ថម្ភ​ធន​ចំនួន​ជាង ២២៣ ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ពលរដ្ឋ​ម្នាក់​ៗ ក្នុង​ការ​ទិញ​ម្ហូបអាហារ​ភេសជ្ជៈ និង​ទំនិញ​ចាំបាច់​ផ្សេង​ទៀត​។

រឿងរ៉ាវ​សំខាន់​ទី ៤ ដែល​ប្រទេស​ថៃ​កំពុង​ធ្វើ​នៅ​ពេល​នេះ​ដែរ គឺ​សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​ថៃ នឹង​បិទទ្វារ​បណ្ដោះអាសន្ន ក្រោយ​ទប់​លែង​ជាប់​នឹង​ការ​ចំណាយ​

ការ​កើនឡើង​ខ្លាំង​នៃ​ការ​ផ្ទុះ​រីក​រាលដាល​កូ​វី​ដ​-១៩ កំពុង​បង្ខំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​ថៃ​ពិចារណា​បិទ​ជា​បណ្ដោះអាសន្ន ដោយសារ​តែ​ប្រាក់​ចំណូល​ខ្សត់ខ្សោយ ហើយ​តម្រូវការ​មាន​តិច​ពី​ភ្ញៀវ​ទេសចរ​។

ប្រធាន​សមា​គ​សណ្ឋាគារ​ថៃ បាន​និយាយ​ថា សណ្ឋាគារ​ដែល​មិន​មាន​លំហូរ​សាច់ប្រាក់​គ្រប់គ្រាន់ កំពុង​ជ្រើសរើស​មធ្យោបាយ​បញ្ឈប់​ប្រតិបត្តិការ​ចាប់ពី​ខែមេសា ទៅ​ដល់​ខែតុលា ឬ​រហូត​ដល់​មាន​តម្រូវការ​ពី​ភ្ញៀវ​ទេសរ​ឡើង​វិញ​។

អ្នកជំនាញ​ទេសចរណ៍​ថៃ បាន​អះអាង​ទៀត​ថា បច្ចុប្បន្ន​មាន​បុគ្គលិក​ប្រមាណ ៤០​ម៉ឺន​នាក់​ប៉ុណ្ណោះ កំពុង​បន្ដ​បម្រើ​ការ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ជា​កម្រិត​ទាប​បំផុត​គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​។

បើ​តាម​ការ​ស្ទង់​មតិ​លើ​សណ្ឋាគារ​ជិត​១៣០​ក្នុង​ប្រទេស​ថៃ កាលពី​ក្នុង​ខែមីនា​កន្លង​ទៅ​នេះ បាន​បង្ហាញ​ថា ប្រាក់​ចំណូល​របស់​ពួក​គេ នៅ​មិន​ទាន់​បាន​ត្រឡប់​មក​វិញ​នៅឡើយ​ទេ ហើយ​មាន​ប្រហែល​៥០% នៃ​សណ្ឋាគារ​ធំ​ៗ​ក្នុងស្រុក​ថៃ ក៏​នៅ​មាន​ប្រាក់​ចំណូល​ប្រមាណ​តែ​១០% ប៉ុណ្ណោះ នៃ​ប្រាក់​ចំណូល​ពី​មុន​ដែល​មិន​ទាន់​មាន​កូ​វី​ដ​-១៩​ផ្ទុះ​រាលដាល​។

ជាមួយ​គ្នា​នេះ​ដែរ មាន​ជាង ៤០% នៃ​សណ្ឋាគារ​ដែល​បាន​ស្ទង់​មតិ គឺ​បាន​សម្រេចចិត្ត​បញ្ឈប់​ការងារ​បុគ្គលិក និង​មាន​ត្រឹមតែ ៦% ប៉ុណ្ណោះ ដែល​ភាគច្រើន​ជា​សណ្ឋាគារ​លំដាប់​ផ្ដា​យ​៥ គឺ​មានការ​ជួល​បុគ្គលិក​បន្ថែម​នៅ​អំឡុង​ពេល​នេះ​។ ដោយឡែក សណ្ឋាគារ​តូច​ៗ​វិញ គឺ​ភាគច្រើន​ត្រូវ​ប្រឈម​នឹង​ការ​បិទទ្វារ​បណ្ដោះអាសន្ន ដោយសារ​តែ​ទប់ទល់​លែង​ជាប់​នឹង​វិបត្តិ​កូ​វី​ដ​-១៩​នេះ​។

រឿងរ៉ាវ​សំខាន់​ទី​៥ ចុង​ក្រោយ​នេះ គឺ​ថៃ​នឹង​បញ្ជា​ទិញ វ៉ាក់សាំង​កូ​វី​ដ​-១៩ Pfizer ពី​អា​មេ​រិ​ក ៥​លាន​ទៅ ១០​លាន​ដូ​ស​

លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជាក់​នៅ​ដើម​ស​ប្ដា​ហ៍​នេះ​ថា ប្រទេស​ថៃ​កំពុង​ចរចា​ទិញ​វ៉ាក់សាំង​ប្រភេទ Pifzer-BioNTech របស់​អា​មេ​រិ​ក និង អា​ល្លឺ​ម៉​ង់​ពី ៥​លាន​ដូ​ស ទៅ ១០​លាន​ដូ​ស ខណៈ​ដែល​វ៉ាក់សាំង​ចិន Sinovac និង វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស ចំនួន ៦១​លាន​ដូ​សទៀត នឹង​មក​ដល់​ថៃ នៅ​ក្នុង​រយៈពេល ៩​ខែ​ខាង​មុខ​នេះ​។ ដោយសារ​តែ ប្រសិទ្ធភាព​វ៉ាក់សាំង​មាន​កំណត់ និង រលក​ឆ្លង​ទី​៣ កំពុង​ហក់​ឡើង​ខ្លាំង ថៃ​កំពុង​ព្យាយាម​ស្វែងរក​ការ​ធ្វើ​ពិពិធ​កម្ម​ផ្គត់ផ្គង់​វ៉ាក់សាំង​បន្ថែម​។

បើ​និយាយ​ពី​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​វិញ ប្រទេស​ថៃ​ហាក់​នៅ​មិន​ទាន់​ព​ន្លឿ​ន​កិច្ច​ប្រឹងប្រែង​នេះ​នៅឡើយ​ទេ ដោយ​គិត​មក​ដល់​ពេល​នេះ មាន​ប្រជាជន​ប្រមាណ ៥​សែន ៧​ម៉ឺន​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​មួយ ។

នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ​ចាន់​អូ​ចារ បាន​បញ្ជាក់ ថា រយៈពេល​នៃ​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង Pfizer-BioNTech មក​ដល់​ប្រទេស​ថៃ ត្រូវ​បាន​គេ​ដាក់​គោលដៅ​នៅ​ត្រឹម​ខែកក្កដា ឬ រហូត​ដល់​ដាច់​ឆ្នាំ​នេះ ។

សូម​បញ្ជាក់​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្មាន​ថ្ងៃ​មកនេះ នៅ​តែ​បន្ដ​មាន​តួលេខ​ខ្ពស់​ដដែល ប្រមាណ​ជាង ១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​មាន​ជាង ៤​ម៉ឺន​៦​ពាន់​នាក់​ហើយ រីឯ​អ្នក​ស្លាប់​វិញ​មាន​ជាង​១០០​នាក់​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មវិធីថ្មីរបស់ Facebook អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត ចែករំលែក និងរីករាយ ជាមួយមាតិកាប្រកបដោយគុណភាពសោតទស្សន៍ ឬ «សំឡេង»

ព័ត៌មាន
ការនិយាយរៀបរាប់អំពីរឿងរ៉ាវអាចជួយមនុស្សឱ្យបង្កើតទំនាក់ទំនង ហើយយើងទាំងអស់គ្នាមានរឿងរ៉ាវជាច្រើនដើម្បីចែករំលែកជាមួយមិត្តភក្តិ និងសហគមន៍…

មេរដ្ឋប្រហារយោធាភូមា មីន អ៊ុងឡាំង នឹងមានវត្តមានក្នុងកិច្ចប្រជុំអាស៊ានដែរ

ព័ត៌មាន
ក្រុមរដ្ឋាភិបាលស្រមោលរបស់ភូមា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស បានទទូចឲ្យប្រទេសអាស៊ានទាំង១០ ផ្តល់កៅអីសម្រាប់ខ្លួនមួយកន្លែងដែរ សម្រាប់ជំនួបពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ