នៅថ្ងៃទី ១០ ខែវិច្ឆិកា ដែលជាថ្ងៃទី៣ នៃព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ យើងឃើញថា មានការរៀបចំនូវកិច្ចប្រជុំសំខាន់ៗជាច្រើន ហើយក្នុងនោះ ក៏មានពិធីចុះហត្ថលេខាលើលិខិតុបករណ៍ ស្ដីពីការចូលរួមជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ TAC ពីសំណាក់ប្រទេសអ៊ុយក្រែនផងដែរ។ ក្នុងកម្មវិធីនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានចូលរួមចុះហត្ថលេខាដោយផ្ទាល់ដៃ និងស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
សន្ធិសញ្ញា TAC គឺជាសន្ធិសញ្ញាសន្តិភាពបង្កើតឡើងនៅឆ្នាំ១៩៧៦ដោយសមាជិកស្ថាបនិកសមាគមន៍អាស៊ានដោយបានបញ្ចូលគោលការណ៍សំខាន់ៗមួយចំនួនដូច ជាការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដីនិងអត្តសញ្ញាណរបស់ប្រជាជាតិដែលជាសមាជិកនៃសន្ធិសញ្ញានេះ។
វត្តមានរបស់អ៊ុយក្រែននៅក្នុង TAC ធ្វើឱ្យប្រទេសដែលកំពុងញាំញីដោយសារសង្រ្គាមមួយនេះ ក្លាយជាសមាជិកទី ៥០របស់សន្ធិសញ្ញាខាងលើផងដែរ។ នេះបើតាមការថ្លែងរបស់ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។ ក្រៅពីនោះ ប្រទេសរុស្ស៊ី ចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សុទ្ធសឹងជាសមាជិកនៃសន្ធិសញ្ញាមួយនេះ។
យើងសង្កេតឃើញថា នេះជាការវិវត្តផ្នែកការទូតមួយគួរឱ្យកត់សម្គាល់មែនទែន ដែលសមាជិកទាំង១០របស់អាស៊ានបានយល់ព្រមបញ្ចូលអ៊ុយក្រែនដែលមិនមែនជាសមាជិករបស់ខ្លួនទៅក្នុងសន្ធិសញ្ញាសន្តិភាព និងសហប្រតិបត្តិការ TAC នេះ។
ទោះយ៉ាងណា តាមរយៈសន្ធិសញ្ញាដដែល អាស៊ានមិនតម្រូវឲ្យចូលរួមផ្ដល់ជំនួយជាសម្ភារៈយោធា ឬសូម្បីតែផ្នែកហិរញ្ញវត្ថុទៅកាន់អ៊ុយក្រែន ដើម្បីប្រយុទ្ធតទុលជាមួយរុស្ស៊ីក្នុងសមរភូមិនោះទេ។ សន្ធិសញ្ញានេះជាក្រមប្រតិបត្តិក្នុងការអនុវត្តទំនាក់ទំនងអន្តរជាតិ វាមិនមែនជាកិច្ចព្រមព្រៀងដើម្បីផ្ដល់ជំនួយទៅប្រទេសណាមួយឡើយ។
សូមជម្រាបថា ក្រៅតែពីការចុះហត្ថលេខាលើសន្ធិសញ្ញា TAC រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ក៏នឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតផងដែរ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែណ ហ្សេលេនស្គី ក៏នឹងថ្លែងសារទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន តាមរយៈសារវីដេអូផង។
សូមរំឭកបន្ដិចថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ដឹមីត្រូ គូលេបា កាលពីថ្ងៃទី ៩ វិច្ឆិកា ម្សិលមិញនេះ ក៏បានជួបពិភាក្សាការងារជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ក្នុងជំនួបនោះ លោក ដឹមីត្រូ ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានចេញសេចក្ដីថ្លែងការណ៍តាមរយ:រដ្ឋមន្ត្រីការបរទេសអាស៊ានការគាំទ្របង្ហាញពីក្ដីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែន។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ គឺការប្រកាន់ភ្ជាប់ និងគោរពគោលការណ៍ដែលបានចែកក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ កម្ពុជាប្រឆាំងនឹងការឈ្លានពាន ប្រឆាំងការគំរាមកំហែង ឬការប្រើប្រាស់ហិង្សាមកលើអធិបតេយ្យ និងមរណភាពដែនដីរបស់រដ្ឋឯករាជ្យនិងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ៕