អាស៊ាន-ជប៉ុន

អាស៊ានប្តេជ្ញាស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុជាមួយជប៉ុន


អនុរដ្ឋមន្ត្រីទី១ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី លោក ដាទុក សេរី អាមេត ម៉ាស្លាន ( Datuk Seri Ahmad Maslan) បាននិយាយថា ម៉ាឡេស៊ីនិងអាស៊ានបានប្តេជ្ញាចិត្តក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូថ្មីជាមួយជប៉ុនលើវិស័យហិរញ្ញវត្ថុ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី ប៊ែណាម៉ា (Bernama)។
អាស៊ានប្តេជ្ញាស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុជាមួយជប៉ុន

លោក អាមេត ម៉ាស្លាន បាននិយាយថា ប្រទេសម៉ាឡេស៊ីនិងសមាគមអាស៊ានសង្ឃឹមថានឹងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអាស៊ាន-ជប៉ុនក្នុងសេវាកម្មហិរញ្ញវត្ថុ, ពាណិជ្ជកម្មនិងការវិនិយោគ, ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ, ការកសាងសមត្ថភាព, ទេសចរណ៍, បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍, ការផ្លាស់ប្តូរវប្បធម៌, ព្រមទាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែរ។

លោក អាមេត ម៉ាស្លាន បានថ្លែងនាកិច្ចប្រជុំពិសេសរំលឹកខួបលើកទី៥០នៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងអភិបាលធនាគារកណ្តាលអាស៊ាន-ជប៉ុន ដែលប្រារព្ធធ្វើនៅទីក្រុងអ៊ីនឈ័ន (Incheon) ប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះថា តាមរយៈការប្រើប្រាស់ភាពខ្លាំង និងជំនាញរបស់ប្រទេសនីមួយ ប្រព័ន្ធទ្រទ្រង់ហិរញ្ញវត្ថុដែលរឹងមាំនិងដែលរួមបញ្ចូលគ្នាកាន់តែច្រើនអាចត្រូវបានបង្កើតឡើង និងនាំមកនូវផលប្រយោជន៍ដល់អាស៊ាននិងប្រទេសជប៉ុន ។

តាមរយៈសុន្ទរកថាក្នុងកិច្ចប្រជុំធនាគារអភិវឌ្ឍន៍អាស៊ី លោកអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីរូបនេះបានលើកឡើងអំពីកំណើនផលិតផលក្នុងស្រុកសរុបរបស់ម៉ាឡេស៊ីដ៏គាប់ប្រសើរក្នុងអត្រា ៣,១ ភាគរយនៅឆ្នាំ ២០២១ និង ៨,៧ ភាគរយនៅឆ្នាំ ២០២២។ លោកក៏បានលើកឡើងអំពីការព្យាករកំណើន ៤,៥ ភាគរយរបស់ប្រទេសលោក សម្រាប់ឆ្នាំ២០២៣ ស្របតាមការប៉ាន់ស្មានចុងក្រោយបង្អស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកដែរ។

លោក អាមេត ម៉ាស្លាន បានបន្តថា ក្រោមការគ្រប់គ្រងប្រកបដោយស្ថិរភាពនៃរដ្ឋាភិបាលរួបរួមជាតិដែលមានសំឡេងភាគច្រើនពីរភាគបីនៅក្នុងសភា ប្រទេសម៉ាឡេស៊ីកំពុងមានបំណងសម្រេចបាននូវសមិទ្ធផលសេដ្ឋកិច្ចកាន់តែខ្ពស់នៅពេលអនាគត។

លោកក៏បានអះអាងថា ម៉ាឡេស៊ីនឹងបន្តគាំទ្រតួនាទីដ៏សំខាន់របស់ធនាគារអភិវឌ្ឈន៍អាស៊ី ដែលកំពុងជួយប្រទេសសមាជិកក្នុងការដោះស្រាយបញ្ហាប្រឈមបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងក្នុងការកាត់បន្ថយភាពក្រីក្រ។

អំឡុងកិច្ចប្រជុំរបស់ធនាគារអភិវឌ្ឈន៍អាស៊ីកាលពីសប្ដាហ៍មុន មូលនិធិហិរញ្ញវត្ថុនវានុវត្តន៍សម្រាប់អាកាសធាតុក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ត្រូវបានប្រកាស ហើយមូលនិធិនេះនឹងរួមចំណែកដល់បំពេញមហិច្ឆតាធនាគារអភិវឌ្ឍន៍អាស៊ីក្នុងការរកប្រាក់ឱ្យបាន ១០០ ប៊ីលានដុល្លារ សម្រាប់គាំទ្រដល់គម្រោងនានាពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០៣០៕




អត្ថបទបន្ទាប់


សភាពាណិជ្ជកម្មកម្ពុជាបើកការិយាល័យតំណាងចំនួន២ នៅប្រទេសអូស្រ្តាលី នៅសប្ដាហ៍នេះ

សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើធុរកិច្ចក្នុងប្រទេស និងការទាក់ទាញវិនិយោគគិនពីក្រៅប្រទ…

អ្នកជំនាញថា ការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក ជួយសម្រួលដល់ការធ្វើកសិកម្ម និងការពារបរិស្ថាន

ការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក គឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់ជួយសម្រួលដល់ការផ្គត់ផ្គង់ទឹកក្នុងស្រែចម្ការរបស់បងប្អូនប្រជាកសិករ ជំនួសឱ្យការប្រើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ