ដាក់គោលដៅប្រមូលចំណូលគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចថៃ

រដ្ឋាភិបាលថៃបានដាក់គោលដៅចំនួន ៣ ដើម្បីប្រមូលចំណូលបន្ថែម ដើម្បីគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច


រដ្ឋាភិបាលថៃបានដាក់គោលដៅចំនួន ៣ ដើម្បីប្រមូលចំណូលបន្ថែមសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ សេដ្ឋកិច្ច ប្រទេសថៃបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ១៩ ដែលបានជំរុញឱ្យរដ្ឋាភិបាលដាក់ចេញនូវច្បាប់បន្ទាន់មួយចំនួនទាក់ទងនឹងប្រាក់កម្ចី ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលអាចខ្ចីប្រាក់សរុបដល់ ៤៥ពាន់លានដុល្លារ ក្នុងគោលបំណងប្រើប្រាស់សាច់ប្រាក់ទាំងនោះ ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ១៩។
ដាក់គោលដៅប្រមូលចំណូលគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចថៃ

ប្រទេស​ថៃ បាន​ដំឡើង​ពិ​ដាន​បំណុល​ដែល​បាន​កំណត់​ត្រឹម ៦០​ភាគរយ ទៅ​ដល់ ៧០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​ផង​ដែរ ដើម្បី​សម្រួល​ដល់​ការ​ខ្ចីប្រាក់ និង​ការ​ចំណាយ​ខ្ពស់ ដែល​ជួយ​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ថៃ​។ 

ប៉ុន្ដែ ថ្មី​ៗ​នេះ ថៃ​ហាក់​បន្ថយ​គោលនយោបាយ​សារពើរ​ពន្ធ និង​បាន​ចាប់ផ្ដើម​ជំរុញ​ការ​ប្រមូល​ចំណូល​រដ្ឋ​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ផង​ដែរ​។ តើ​ថៃ​បាន​ដាក់​ចេញ​នូវ​គោលដៅ​សំខាន់​ៗ​អ្វីខ្លះ ដើម្បី​ប្រមូល​ចំណូល​ចូលជាតិ?

ជុំវិញ​ការ​ប្រមូល​ចំណូល​នេះ​ដែរ រាជរដ្ឋាភិបាល​ថៃ​បាន​កំណត់​គោលដៅ​ចំនួន ៣ ដើម្បី​អាច​ប្រមូល​ចំណូល​បន្ថែម សម្រាប់​គាំទ្រ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​ប្រទេស​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ ។ ទី​១ គោលដៅ​នៃ​ការ​អនុវត្ត​ពន្ធ ដើម្បី​ទទួល​ប្រាក់​ចំណូល​កាន់តែ​ច្រើន​។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Arkhom បាន​និយាយ​ថា ការ​យក​ពន្ធលើប្រាក់ចំណេញ​ពី​ការ​ជួញដូរ​រូបិយ​វត្ថុ​ឌី​ជី​ថ​ល ឬ​ហៅ​ថា គ្រីប​តូ និង​ការ​បញ្ចប់​ការ​លើកលែង​ពន្ធ​លើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទាក់ទង​នឹង​ការ​ជួញដូរ​ភាគហ៊ុន​នៅ​លើ​ទីផ្សារ​ក្នុងស្រុក នឹង​ជួយ​ពង្រីក​មូលដ្ឋាន​ពន្ធ និង​ប្រមូល​ចំណូល​បន្ថែម​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ ខណៈ​ដែល​ប្រទេស​ថៃ​បាន​លើកលែង​ពន្ធ​ជា​ច្រើន និង​មិន​បាន​ពង្រីក​មូលដ្ឋាន​ពន្ធ​នេះ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

គោលដៅ​សំខាន់​ទី​២ គឺ ការ​ធ្វើ​កំណែទម្រង់ពន្ធ​។ ដោយ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​នេះ បាន​អនុម័ត​ច្បាប់​ពន្ធ​ជា​ច្រើន​ក្នុងអំឡុងពេល ៤ ឆ្នាំ​ដំបូង​របស់​ខ្លួន ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធ​។ ជុំវិញ​ការ​កំណែទម្រង់ពន្ធ​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​បានឱ្យ​ដឹង​ថា ការ​ប៉ាន់​ប្រមាណ​មួយ​បង្ហាញ​ថា រដ្ឋាភិបាល​ថៃ​អាច​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ពី ២​ពាន់​៤​រយ​លាន​ដុល្លារ ទៅ ២​ពាន់​៧​រយ​លាន​ដុល្លារ ប្រសិនបើ​ដំឡើង​ពន្ធ​លើ​តម្លៃបន្ថែម (VAT) មួយ​ភាគរយ​ទៀត​ពីលើ​កម្រិត​បច្ចុប្បន្ន ដែល​មាន​៧​ភាគរយ​។

ដោយឡែក​គោលដៅ​សំខាន់​ទី​៣ គឺ​ពង្រឹង​គោលដៅ​ប្រមូល​ចំណូល​។ យោង​តាម​មតិ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ​ថៃ ទាក់ទង​នឹង​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​សម្រាប់​ឆ្នាំ ២០២២ រាជរដ្ឋាភិបាល​ថៃ​គួរតែ​ផ្តោត​លើ​ការ​រក្សា​លំហ​សារពើពន្ធ ដើម្បី​សម្រួល​ដល់​កម្រិត​នៃ​ភាព​មិន​ច្បាស់លាស់ ក៏​ដូច​ជា​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ស្ថិរភាព​សារពើពន្ធ​។ រដ្ឋាភិបាល​ថៃ​អាច​បំពេញ​គោលដៅ​ប្រាក់​ចំណូល​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​បាន លុះត្រាតែ​សេដ្ឋកិច្ច​កើនឡើង ៤​ភាគរយ ដែល​ជា​អត្រា​ការ​ព្យាករណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ ខណៈ​ធនាគារកណ្តាល​ថៃ​បាន​ទម្លាក់​ការ​ព្យាករណ៍​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ​នៅ​ឆ្នាំ ២០២២ ពី ៣,៩​ភាគរយ មក​នូវ​ត្រឹម ៣,៤​ភាគរយ​ប៉ុណ្ណោះ​ក្រោយ​ការ​លេចឡើង​នូវ​វត្តមាន​មេរោគ​អូ​មី​ក្រុង​។

ទន្ទឹម​នេះ រដ្ឋាភិបាល​ថៃ​ក៏​បាន​កំណត់​ការ​ចំណាយ​សម្រាប់​សារពើពន្ធ​ឆ្នាំ ២០២២ ចំនួន ៩៣​ពាន់​លាន​ដុល្លារ ខណៈ​រំពឹង​ថា​ប្រាក់​ចំណូល​សុទ្ធ​មាន​ចំនួន ៧២​ពាន់​លាន​ដុល្លារ​។ ដូច្នេះ រដ្ឋ​ថៃ​ត្រូវការ​ខ្ចី​បំណុល​បន្ថែម​ប្រហែល​ជាង​២០​ពាន់​លាន​ដុល្លារ​ទៀត ដើម្បី​បង្គ្រប់​ការ​ចំណាយ​។

សូម​រំឭក​ថា នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០២១ រដ្ឋាភិបាល​ថៃ​បាន​ប្រមូលប្រាក់​ចំណូល​សុទ្ធ​ចំនួន​ជិត ៧១ ពាន់​លាន​ដុល្លារ ដែល​ធ្លាក់​ចុះ​ពី​គោលដៅ​របស់​ខ្លួន​ជាង ១១​ភាគរយ ឬ​ធ្លាក់​ចុះ ៩ ពាន់​លាន​ដុល្លារ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន បង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ចំពោះជំងឺកូវីដ-១៩ ខណៈបុណ្យចូលឆ្នាំចិនខិតចូលមកដល់

ព័ត៌មាន
ទីក្រុងមួយចំនួនរបស់ចិនបានប្រកាសអាសន្នឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីជំងឺកូវីដ-១៩ ខណៈដែលរដូវកាលធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិ…

តើកម្មវិធីអប់រំឌីជីថល SIS ផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សាលារៀនរបស់អ្នក

ព័ត៌មាន
នៅក្នុងប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នត្រួតពិនិត្យលើការអប់រំនៅថ្នាក់ជាតិ និងធ្វើប្រតិភូកម្មអំណាចទៅឲ្យមន្ទីរអប់រំ យុវជន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ