អត្ថបទក្រុមអ្នកដឹកនាំយុវជន

អ្នកដឹកនាំយុវជនក្នុងសមាគមអាស៊ានរិះរកវិធីសាស្ដ្រអភិវឌ្ឍតំបន់ជាមួយដំណោះស្រាយនិរន្ដរភាព


អ្នកដឹកនាំយុវជនអាស៊ានជាង ៣០នាក់ បានជួបជុំគ្នានៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែតុលា សម្រាប់កម្មវិធីសមាគមយុវជនអាស៊ាន ដែលរៀបចំឡើងដោយអង្គការfមូលនិធិអន្ដរជាតិសិង្ហបុរី (SIF) និងក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី (NYC) Singapore។
ក្រុមអ្នកចូលរួមនៃកម្មវិធីសមាគមយុវជនអាស៊ាន (AYF) បានរៀបចំកិច្ចពិភាក្សាជាមួយមេដឹកនាំដែលមានទស្សនៈវិស័យ ក៏ដូចជាធ្វើទស្សនកិច្ចសហគ្រាសនវានុវត្ដន៍ និងអង្គការនានានៅសិង្ហបុរីមុនពេលគូសបញ្ជាក់ពីតួនាទីដែលពួកគេអាចធ្វើការអភិវឌ្ឍតំបន់
ដោយ

ក្រុម​យុវជន​ចែករំលែក​ទស្សនៈ​ជាមួយ​អគ្គលេខាធិការរង​អាស៊ាន ឯកឧត្ដម ត្រាន់ ឌុក ប៊ិញ ស្ដីពីតួនាទី​ដែល​យុវជន​អាច​ធ្វើ​បាន​ដើម្បី​ជួយ​អភិវឌ្ឍ​តំបន់​ឆ្ពោះទៅកាន់និរន្ដរភាព​។​

ភ្ជាប់ជាមួយ​ប្រធានបទ​ «​កសាង​អនាគត​ប្រកប​ដោយ​និរន្ដរភាព​រួមគ្នា» របស់​សមាគម​យុវជនអាស៊ាន (AYF) ឆ្នាំ​២០២១ សមាគម​​​បាន​ស្នើ​ឱ្យ​ធ្វើ​បទបង្ហាញ និង​ប្រឹក្សា​យោបល់​កាន់តែ​ទូលំទូលាយ​ក្នុង​ការ​បង្កើត​គោល​នយោយបាយ​។ ពួកគេ​ក៏​លើកឡើង​ពី​វិធីសាស្ដ្រ​មួយ​ចំនួន​ក្នុង​ការ​គាំទ្រ​ដល់​កំណើន​អាជីវកម្ម​ចីរភាព​ និង​ចាប់ផ្ដើម​គម្រោង​យុវជន​អាស៊ាន​អន្ដរជាតិ​ដើម្បី​កិច្ចសហប្រតិបត្ដិការ​ និងចែករំលែក​ចំណេះដឹង​ ជាពិសេស​ក្នុង​ផ្នែក​នៃការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​​យុវជន ការណែនាំប្រៀបប្រដៅ កិច្ចការពារ​សេរីភាព​មូលដ្ឋាន​របស់​យុវជន​ បច្ចេកវិទ្យា​ឌីជីថល និង​ថាមពល​បញ្ចេញ​កាបោន​ទាប​។

រយៈពេល​ ៥ថ្ងៃ យុវជន ៣៣​នាក់ បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ជាហូរហែ ដែល​រិះរក​នវានុវត្ដភាព​ក្នុង​កិច្ចការ​គ្រប់គ្រង​សុខភាពសាធារណៈ បរិស្ថាន សង្គម និង​អភិបាលកិច្ច​ស្ដង់ដារ (ESG) ក៏ដូចជា​មានកិច្ចសហការ​ក្នុង​ចំណោម​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​តួនាទី​យុវជន​ក្នុង​ការ​បញ្ចេញសំឡេង​ដ៏មាន​ឥទ្ធិពល​ដើម្បី​កសាង​អនាគត​​ប្រកប​ដោយ​និរន្ដរភាព​។

ក្រុមយុវជន​មាន​ឱកាស​ប្រាស្រ័យទាក់ទង​ជាមួយ​មេដឹកនាំ​ប្រកបដោយ​វិចារណញាណ​ដ៏គួរ​ឱ្យ​គោរព និ​ង​អ្នក​មាន​តួនាទី​ក្នុង​វិស័យ​សាធារណៈ រួមទាំង អគ្គលេខាធិការ​រង​អាស៊ាន ឯកឧត្ដម ត្រាន់ ឌុក ប៊ិញ ដែល​បាន​ចែក​រំលែក​ទស្សនៈ​របស់លោក​ស្ដីពី​សារសំខាន់​នៃ​ការ​ជំរុញ​អត្ដសញ្ញាណ​អាស៊ាន ​សិទ្ធិអំណាច​​យុវជន​ក្នុង​របៀបវិរៈ​នៃការ​អភិវឌ្ឍ​អាស៊ាន និង​រឹត​ចំណង​​ទាក់ទង​ផ្ទាល់​ក្នុង​ចំណោម​យុវជន​អាស៊ាន​។

លោក វី សាមឌី យុវជន​អាស៊ាន​ឆ្នាំ​២០២១ មកពី​ប្រទេស​​កម្ពុជា និង​ជា​លេខាទីមួយ នៃ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហបុរី បាន​ថ្លែងថា​៖ «​សមាគម​យុវជន​អាស៊ាន (AYF) បាន​ផ្ដល់​នូវ​បទពិសោធ​ដ៏គួរឱ្យភ្ញាក់​ផ្អើល។ ខ្ញុំ​បាន​ជួប​អ្នក​បង្កើត​គោល​នយោបាយ​ជាន់​ខ្ពស់​ជា​ច្រើន​រូប និង​អ្នក​ជំនាញ​គ្រប់​វិស័យ ដែល​ទាក់ទង​នឹង​បរិបទ​បច្ចុប្បន្ន​។ ខ្ញុំ​ក៏​បាន​​រាប់​អាន​មិត្ដភក្ដិ​យល់​ចិត្ដគ្នា​ និង​អភិវឌ្ឍ​ចំណេះដឹង​កាន់តែ​ច្បាស់​អំពី​សិង្ហបុរី និង​តំបន់​អាស៊ាន​។ ទោះយើង​មកពី​ប្រភព​ផ្សេងៗ​គ្នា​យ៉ាង​ណា​ក៏ដោយ ក៏​យើង​មាន​ភាព​ទទួល​ខុស​ត្រូវរួម​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​អនាគត​ប្រកប​ដោយ​និរន្ដរភាព​សម្រាប់​តំបន់​»។

ក្រុមយុវជន​អាស៊ាន​ដ៏​បាន​ធ្វើ​ទស្សនកិច្ច​មន្ទីរពិសោធ​នវានុវត្ដភាព​សង្គម Sustainable Living Lab (SL2) កសិដ្ឋាន​ថាមពល​សូឡា​បណ្ដែត​ទឹក Sembcorp Tengeh Floating Solar Farm, EWR2 រោងចក្រ​កែច្នៃ​សំណល់អេឡិចត្រូនិក​ស្វ័យ​ប្រវត្ដិ​កម្ម និង​ Insectta ជា​កសិដ្ឋាន​សត្វ​ល្អិត​ក្នុង​តំបន់​ទីក្រុង​ដំបូង​របស់​សិង្ហបុរី ដែល​ចិញ្ចឹម​រុយ​ខ្មៅ​ដើម្បី​ជួយ​ប្រែក្លាយ​កាក​សំណល់​អាហារ​ទៅជា​សារធាតុសំយោគ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ឧស្សាហកម្ម ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ចកាម​សិក្សា​របស់​ពួកគេ​។ ដំណើរ​ក្រេប​ជញ្ជក់​ចំណេះវិជ្ជា​នេះ​បាន​ផ្ដល់​ឱ្យ​ក្រុម​យុវជន​នូវ​ចំណេះដឹង​ស៊ីជម្រៅ​លើ​នវានុវត្ដន៍​សង្គម ការ​បំប្លែង​ថាមពល ក៏ដូចជា​បច្ចេកវិទ្យា​ក្នុង​វិស័យ​ចំណីអាហារ និង​កសិកម្ម​នៅ​ប្រទេស​សិង្ហបុរី​ជាដើម​។

កញ្ញា គួច ឈុនបូរ៉ាមី ជា​យុវជន​អាស៊ាន​ឆ្នាំ​២០២១ មក​ពីប្រទេស​កម្ពុជា និង​ជា​និស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី បាន​ថ្លែងថា​៖ «​ថ្វីដ្បិតតែ​យើង​មក​ពី​ប្រទេស​ផ្សេងៗគ្នាយ៉ាង​ណាក៏ដោយ ក៏​យើង​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​រួម​គ្នា​ក្នុង​នាម​ជា​តំបន់​តែមួយ​។ បញ្ហា​ទាំង​នោះ រួមមាន បម្រែបម្រួល​អាកាសធាតុ សន្ដិសុខស្បៀង លទ្ធភាព​ទទួល​បាន​ការអប់រំ​ប្រកប​ដោយ​គុណភាព អសមភាព​យេនឌ័រ និង​បញ្ហា​ផ្សេងៗ​ទៀត​។ ប៉ុន្ដែ​យើង​ក៏បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ជា​ច្រើន​រួម​គ្នា ដែលយើង​បាន​ចែករំលែក និង​សិក្សា​ពីគ្នា ដើម្បី​យក​ទៅ​អនុវត្ដ​នៅ​ប្រជាជាតិ​យើង​រៀងៗ​ខ្លួន​។ ខ្ញុំ​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជា​យុវជន​ដទៃ​ក្នុង​តំបន់ ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​ស្វែង​យល់​ពី​ពួកគេ​ឱ្យ​កាន់តែស៊ីជម្រៅ និង​រិះរក​កិច្ចសហការ​ប្រកប​ដោយ​​សក្ដានុពល​»។

កម្មវិធី​សមាគម​យុវជន​អាស៊ាន ក៏​ផ្ដល់​ឱ្យ​ក្រុម​​យុវជន​​ចូលរួម​នូវ​ឱកាស​ចែករំលែក​បទពិសោធ កសាង​ទំនាក់ទំនង និង​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ក្រុម​អ្នក​ដឹក​នាំ​យុវជន​អាស៊ាន​។ ក្រុម​យុវជន​ AYF ចុង​ក្រោយ​បំផុត​បាន​ចូលរួម​បណ្ដាញ​អតីត​និស្សិត​ ដែលមាន​សមាជិក ៧៩​នាក់​។

កញ្ញា ជេន តាន់ នាយក​ប្រតិបត្ដិ​អង្គការមូលនិធិ​អន្ដរជាតិ​សិង្ហបុរី (SIF) បាន​ថ្លែង​ថា​៖ «​យុវជន​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ទឹកចិត្ដ​ក្លៀវក្លា និង​គោល​បំណង​ច្បាស់​លាស់​។ ពួកគេ​ជា​ច្រើន​ចង់ឱ្យ​មាន​ការ​រីក​ចម្រើន​​តាម​រយៈ​សមត្ថភាព​ការងារ​ ហើយ​ពួកគេ​បង្កើត​បាន​ជាសំឡេង​ដ៏​សំខាន់​សម្រាប់​ការ​ផ្លាស់​ប្ដូរ​សង្គម​ប្រកប​ដោយ​ភាព​វិជ្ជមាន​ក្នុង​តំបន់​។ កម្មវិធី AYF ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​អ្នក​ដឹក​នាំ​ជា​យុវជន​ដូច​ពួកគេ និង​ជំរុញ​ពួកគេ​ឱ្យ​ឈាន​ចាប់​ឱកាស​សហប្រតិបត្ដិការ​កសាង​អាស៊ាន​ដ៏​រឹង​មាំ​»។

លោក ដាវីដ ឈូ នាយកប្រតិបត្ដិ​ NYC Singapore បាន​បន្ថែមថា៖ «​សហគមន៍​សកល​នា​ពេល​បច្ចុប្បន្ន ត្រូវ​នាំគ្នា​ដោះស្រាយ​បញ្ហា​ ដែល​មិនស្ថិត​ក្រោម​អធិប្បតេយ្យ​ព្រំដែន​នរណា​ដាច់​មុខ​ឡើយ​។ តាមរយៈការងារ​រួមគ្នានេះ យើង​អាច​ចែក​រំលែក​ចំណេះដឹង និង​ជំនាញ​​របស់​យើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ខ្ញុំ​លើក​ទឹកចិត្ដ​ដល់​សមាគម​យុវជន​របស់​យើង​ឱ្យ​កសាង​ទំនាក់ទំនង​ទូទាំង​តំបន់​ ក៏ដូចជា​បង្កើត​បរិស្ថាន​បៃតង និង​អនាគត​ដ៏រឹងមាំ​សម្រាប់​អាស៊ាន​»៕
None



អត្ថបទបន្ទាប់


អាមេរិកបន្ដផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កោះតៃវ៉ាន់ ១,៥ លានដូសបន្ថែមទៀត ទោះបីមានការរារាំងពីប្រទេសចិន

សហរដ្ឋអាមេរិកបានបន្ដផ្តល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Moderna ដល់កោះតៃវ៉ាន់ចំនួន ១លាន៥សែនដូសបន្ថែមទៀត ធ្វើឱ្យការបរិច្ចាគវ៉ាក់សាំងរបស់អាម…

តើក្រុមប្រទេស G20 មានការតាំងចិត្តយ៉ាងណាខ្លះក្នុងការដោះស្រាយបញ្ហាអាកាសធាតុ?

នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេទាំង២០ ហៅកាត់ថា G20 បានសម្រេចព្រមព្រៀងគ្នាចុងក្រោយមួយថា គ្រប់ប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ