Advertisement
វិចារណកថា

យុវជន​កម្ពុជា និង​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ


ព័ត៌មាន​ក្លែងក្លាយ គឺជា​ពាក្យ​ពេញនិយម​ដែល​កំពុងក្លាយ​ជា​រឿងធម្មតា នៅក្នុងចំណោម​ពលរដ្ឋ​កម្ពុជា ជាពិសេស ក្មេងៗ​យុវវ័យ និង​អ្នករស់នៅ​ក្នុងទីក្រុង។
យុវជន​កម្ពុជា និង​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ។
ដោយ
Advertisement

ប៉ុន្មានឆ្នាំចុងក្រោយ​នេះ គេ​បាន​ឃើញ​នូវ​របាយការណ៍​កើន​ឡើង​ និង​ការពិភាក្សា​កាន់​តែច្រើន​ឡើង អំពី​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ។ ក្នុង​យុគសម័យ​ហ្វេសប៊ុក ព័ត៌មាន​ក្លែងក្លាយ​រាលដាល​កាន់តែ​លឿង​ខ្លាំង។ ដោយគ្រាន់តែ​ចុច "like" ឬ "share" ព័ត៌មានក្លែងក្លាយ​អាច​ជ្រៀតខ្លួន​ចូលសង្គម​កម្ពុជា​ និង​បង្ហាញ​នៅ​លើ​ newsfeed របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​គ្រប់គ្នា ក្នុង​ពេល​តែ​ពីរ​បី​វិនាទី​ប៉ុណ្ណោះ។ 

បណ្ដាញ​ព័ត៌មាន​សង្គម ជាពិសេស ហ្វេសប៊ុក បច្ចុប្បន្ន គឺជាប្រភព​ដំណឹង​ឈាន​មុខ​គេ សម្រាប់​យុវវ័យ​កម្ពុជា និង​មនុស្ស​ចាស់​មួយ​ចំនួន​ដែល​អាច​ប្រើ​ប្រាស់​បច្ចេកវិទ្យាបាន។ 

ពលរដ្ឋ​កម្ពុជាជាច្រើន ទាំង​អ្នករស់នៅទីក្រុង ទាំងអ្នករស់នៅជនបទ ឥឡូវនេះ ងាកទៅរក​បណ្ដាញ​ព័ត៌មាន​សង្គម​ដើម្បី​ទទួល​បាន​ព័ត៌មាន​ប្រចាំថ្ងៃរបស់​ខ្លួន។ ជាធម្មតា គេ​ឃើញ​ការត្អូញត្អែរ ឬ​ការ​សម្ដែង​សារទុក្ខ​នានា ត្រូវគេ​បង្ហោះ​ និង​ចែករំលែក​លើ​ហ្វេសប៊ុក ជាកន្លែងមួយ​ដែល​មនុស្ស​ម្នា​ចែករំលែក​អ្វីៗគ្រប់យ៉ាង រាប់តាំងពី​រឿង​ផ្ទាល់ខ្លួន រឿងការងារ និង​បញ្ហា​សង្គម។ 

លក្ខណៈ​លឿនរហ័សទាន់ចិត្ត​របស់​ហ្វេសប៊ុក អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ចែករំលែក​ព័ត៌មាន​បាន​យ៉ាង​លឿន និង​យ៉ាងងាយស្រួល។ ប៉ុន្តែ ភាព​លឿន​រហ័ស​និងភាពងាយស្រួល​ក្នុងការចែករំលែក​និង​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​នេះ ក៏​ជាកត្តា​នាំ​ឲ្យ​មាន​ការរីកសាយភាយ​នៃ​ព័ត៌មាន​ក្លែងក្លាយ​ ផងដែរ។ 

អ្នកប្រើប្រាស់​ហ្វេសប៊ុក ទាំងក្មេង ទាំង​ចាស់ ច្រើនតែ​ចុច like និង share នូវអ្វីក៏ដោយ​ដែល​ពួកគេ​ឃើញ និង​ចាប់អារម្មណ៍​នៅ​លើ​ហ្វេសប៊ុក។ គេ​មិន​សូវ​ចោទសួរឡើយថា តើ​ព័ត៌មាន​នោះ​មាន​ប្រភព​មក​ពីណា ថាតើ​ព័ត៌មាន​នោះ​ពិត ឬ​ក្លែងក្លាយ ... មនុស្ស​ជាច្រើន​មិន​ខ្វល់រឿងនេះទេ។ ភាព​អាច​ជឿទុកចិត្ត​បាន​នៃ​ព័ត៌មាន ហាក់មិនមែន​ជា​អ្វីដែលគេ​បារម្ភទេ។ ប៉ុន្តែ សំខាន់​បំផុត គឺ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន គិតតែរឿងចុច like និង share ប៉ុណ្ណោះ។ 

យុវវ័យ​ដែលមានអាយុក្រោម ៣០ឆ្នាំ មានចំនួន​ស្ទើរតែ ២ភាគ៣​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កម្ពុជា។ ហើយ​ក្រុមនេះ​គឺ​ជា​ក្រុម​ពលរដ្ឋ​ដែល​មាន​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា។ ហើយ​ចំពោះ​ពួកគេ ហ្វេសប៊ុក​ត្រូវ​គេជឿថា កំពុង​ដើរតួនាទីសំខាន់មួយ​នៅ​ក្នុង​ជីវិត​របស់នៅរបស់ពួកគេ។ 

ហ្វេសប៊ុក​មាន​ឥទ្ធិពល​ទៅ​លើ​ស្ទើរតែគ្រប់​ទិដ្ឋភាព​នៃ​ជីវិតរបស់​យុវជន​ខ្មែរ។ ប្រសិន​បើ​គ្មាន​ចំណេះ​ដឹង​ផ្នែក​ឌីជីថល​ទេ យុវជន​ខ្មែរ​អាច​នឹង​ក្លាយ​ជា​ជនរងគ្រោះ​នៃ​បណ្ដាញ​ព័ត៌មាន​សង្គម និង​ព័ត៌មាន​ក្លែង​ក្លាយ។ ខណៈដែល​ការប្រើប្រាស់​ហ្វេសប៊ុក​កើនឡើង​ខ្លាំង​ក្នុង​ចំណោម​យុវជន​ខ្មែរ ថិរវេលា​ដែល​ចំណាយ​ទៅ​លើ​ការអាននិង​ការទទួល​ព័ត៌មាន​ដែលមាន​គុណភាព ហាក់​កំពុងធ្លាក់ចុះ។ 

ចំណេះដឹងពុកផុយ -- កង្វះ​ចំណេះដឹង​អំពី​ព័ត៌មាន ឬដំណឹង​ដែលមាន​គុណភាព -- ទំនងក្លាយ​ជា​បញ្ហា​កំពុង​រីករាលដាល​ក្នុង​ចំណោម​យុវជន​ខ្មែរ​ជាច្រើន។ បើ​ទោះបី​រដ្ឋាភិបាល​បាន​ខិតខំ​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ជាពិសេស នៅក្នុង​អំឡុងពេល​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ក្ដី ព័ត៌មាន​ក្លែងក្លាយ​នៅតែ​រស់នៅ​ជាមួយ​យើង​ទាំងអស់​គ្នា​ដដែល។

ដូច្នេះហើយ យុវជន​ត្រូវមាន​ករណីយកិច្ច​អប់រំ​ខ្លួន​ឯង​ដើម្បី​ដោះស្រាយ​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ និង​ត្រូវប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម​ប្រកប​ដោយ​ការទទួល​ខុសត្រូវ។ ពួកគេ​គួរតែ​អាន​ឲ្យ​បាន​កាន់​តែច្រើន ទាំង​ការអាន​នៅ​លើ​អ៊ិនថឹណិត ទាំង​ការអាន​សៀវភៅ ដើម្បី​ស្វែងយល់​អំពី​ព័ត៌មាន​ក្លែងក្លាយ និង​អំពី​ផលវិបាក​ដែល​វា​អាច​បង្ក​ឡើង។ ពួកគេ​ក៏គួរតែ​រឹតត្បិត​ខ្លួន​ឯង កុំ​ឲ្យ​តែចេះ​ចែករំលែក​ព័ត៌មាន​គ្រប់​ប្រភេទ​ដោយមិន​ដឹងច្បាស់​ពី​ប្រភព ជាពិសេស ព័ត៌មានដែល​ចេញ​មក​ពី​ប្រភព​ដែល​មិន​សូវ​មាន​គុណភាព។ 

យុវជនត្រូវគេចាត់ទុកជា​ភ្នាក់ងារនៃ​ការជំរុញ​ការផ្លាស់ប្ដូរ។ ពួកគេ​ជា​ក្ដីសង្ឃឹមរបស់​កម្ពុជា ហើយពួកគេ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរវិជ្ជមាន។ ប៉ុន្តែ ប្រសិន​បើ​ពួកគេ​ខ្លួន​ឯង​ងាយរង​ឥទ្ធិពល​ដោយសារ​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​ហ្វេសប៊ុក ដូច្នេះ ពួកគេ​ក៏អាចនឹងក្លាយទៅជា​ភ្នាក់ងារ​ចម្លង​ព័ត៌មាន​ក្លែងក្លាយ​ទៅវិញ។ ប្រសិន​បើ​និន្នាការអវិជ្ជមាន​នេះ​នៅតែ​បន្ត វា​នឹង​ប៉ះពាល់​អវិជ្ជមាន​ទៅដល់​សង្គម​ជាតិ​ទាំងមូល។ នេះ​ជា​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។ 

ទន្ទឹម​នឹង​យុវជន​ដែលត្រូវ​មាន​តួនាទីសំខាន់​បំផុត​ក្នុង​ការ​ដោះស្រាយ​និង​កាត់​បន្ថយ​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម រដ្ឋាភិបាល​និង​អ្នកពាក់ព័ន្ធ​ដទៃទៀត ក៏មាន​តួនាទី​សំខាន់ដូចគ្នា​ដែរ នៅក្នុង​សង្គ្រាម​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ។ 

ស្ថាប័ន​អប់រំ ទាំង​វិទ្យាល័យ ទាំង​សាកលវិទ្យាល័យ គឺជា​ទីកន្លែង​សំខាន់​ដែល​អាច​អប់រំ​យុវជន​ឲ្យ​មានការយល់ដឹងប្រសើរឡើង​អំពី​របៀប​ដែល​ពួកគេ​អាច​ការពារខ្លួន​ កុំ​ឲ្យ​ក្លាយ​ជា​ភ្នាក់ងារ​ចម្លង​ព័ត៌មាន​ក្លែងក្លាយ។ គេគួរអប់រំ​យុវជន​និង​រំឭកពួកគេថា ការប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្ន និង​គ្មាន​ការទទួលខុសត្រូវ គឺ​ប្រៀប​បីដូចជា​ការ​ចូលរួម​ចំណែក​បំពុល​សង្គម​ជាតិ​ខ្លួន​ឯង​អ៊ីចឹង​ដែរ។ 

អាជ្ញាធរ​និងស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ក៏គួរចូលរួម​នៅក្នុង​សកម្មភាព​លើក​កម្ពស់​ការយល់ដឹង​ផ្សេងៗ ផងដែរ ដូចជា ការរៀបចំ​ជាសិក្ខាសាលា ការបណ្ដុះ​បណ្ដាល និង​ព្រឹត្តិការណ៍​អប់រំ​ដទៃទៀត ដើម្បី​ឲ្យ​មាន​ការយកចិត្ត​ទុកដាក់​បន្ថែមទៀត លើ​បញ្ហា​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយនេះ ជាពិសេស ការយកចិត្តទុកដាក់ពីសំណាក់​យុវជន​ដែល​គេ​ចាត់ទុក​ជា​ឆ្អឹងខ្នង​របស់​ប្រទេសជាតិ។

Advertisement

គេប្រៀបប្រដូច​យុវជន​ទៅនឹងទំពាំង​ស្នងឫស្សី។ ប្រសិន​បើ​អាជ្ញាធរ​និងស្ថាប័ន​ផ្សេងៗ​គ្មាន​វិធានការច្បាស់លាស់ ដើម្បីជួយ​យុវជន​ឲ្យ​យល់​ពី​ផល​វិបាក​នៃ​ព័ត៌មាន​ក្លែងក្លាយ​ និង​បណ្ដាញ​ព័ត៌មាន​ដែលពុករលួយ​នោះ​ទេ សង្គម​ទាំងមូល​នឹង​ត្រូវ​ប្រឈមនឹង​បញ្ហា​សង្គម​ជាច្រើន​ដែល​បង្កឡើង​ដោយ​ព័ត៌មាន​ក្លែងក្លាយ។ 

ការប្រយុទ្ធប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ មិនមែនជាទំនួលខុសត្រូវ​របស់​រដ្ឋាភិបាល ឬអ្នកណា​ម្នាក់​ផ្ដាច់​មុខ​ទេ។ វា​ជាទំនួលខុសត្រូវ​របស់​យើងគ្រប់គ្នា។ ដោយសារយុវជន​មានចំនួន​ច្រើន​លើស​លប់​នៅ​ក្នុង​ចំណោម​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស ហើយ​ពួកគេ​គឺ​ជាអនាគត​របស់​ប្រទេស ពួកគេ​នឹងត្រូវ​រែកពន់​បន្ទុក​សង្គម​នាពេល​អនាគត ដែលអាចកើតមាន​ឡើង​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​ចំណេះ​ដឹង​ដែល​ពុករលួយ។ 

ក្នុងន័យនេះ យុវជន​កម្ពុជា​ត្រូវតែ​ខិតខំ​រៀនសូត្រ​និងប្រឹងប្រែង​ធ្វើការងារ​ដើម្បី​ប្រែក្លាយ​ខ្លួន​ឲ្យ​ក្លាយ​ជា​ទំពាំង​ដែលមាន​សុខភាពល្អ ដែលអាច​ជំនះ​ប្រឆាំង​នឹង​បញ្ហា​ព័ត៌មានក្លែងក្លាយ​បាន​នៅ​ពេល​អនាគត៕

លោក ហេង គីមគង់ គឺជានិស្សិតថ្នាក់បណ្ឌិតនៃសកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលី។ លោកទទួលអាហារូបករណ៍ពីកម្មវិធី Australia Awards Scholarship។




អត្ថបទបន្ទាប់


កសិករឆ្នើមវ័យក្មេង៖ បោះបង់ឱកាសទៅរៀនក្រៅប្រទេស មកចាប់របរធ្វើចម្ការម្នាស់

ព័ត៌មាន
ប្រហែលជាមិនមែនច្រើននោះទេ ដែលយុវវជនវ័យក្មេង ដែលចង់ធ្វើរបរកសិកម្ម ស្របពេលដែលពួកគេ មានចំណេះដឹងខ្ពង់ខ្ពស់ ព្រោះពួកគេតែងយល់ថា ការងារកសិក...

តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង នៅ​មុនទស្សនកិច្ច​​របស់​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប

ព័ត៌មាន
ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​ដីកា​មួយ​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​អតីត​មេបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៉ី និង​អ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ