ប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំអាស៊ាន គ្រោងបោះទុនវិនិយោគរហូតដល់ទៅ២២ ពាន់លានដុល្លារអាម៉េរិក លើការកែច្នៃទំនិញកសិកម្មដើម្បីបង្កើតការងាររហូតដល់ទៅ៨លានកន្លែងសម្រាប់ពលរដ្ឋ ដោយការអភិវឌ្ឍវិស័យកែច្នៃក្នុងស្រុក គឺជាគោលនយោបាយអាទិភាពចម្បងមួយរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ីប៊ីយ៉ាន់តូ (Prabowo Subianto) នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យឈានដល់៨%។
រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី លោក អាមរ៉ាន់ ស៊ូឡៃម៉ាន់ (Amran Sulaiman) បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ថា ផែនការបោះទុនវិនិយោគសរុប២២ពាន់លានដុល្លារអាម៉េរិកនេះ គឺផ្ដោតលើវិស័យកសិកម្ម ចំណីអាហារ សត្វពាហនៈ សួនកសិកម្ម និងចម្ការ។ លោកបានបន្ថែមថា មួយផ្នែកធំនៃការវិនិយោគនេះនឹងត្រូវបានបែងចែកសម្រាប់ការកែច្នៃអំពៅ កាកាវ និងគ្រាប់ស្វាយចន្ទីជាដើម។
រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូនេស៊ី លោក រ៉ូសាន រ៉ូស្លានី (Rosan Roslani) បានលើកឡើង បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី លោក អាមរ៉ាន់ ស៊ូឡៃម៉ាន់ (Amran Sulaiman) ថា ការកែច្នៃទំនិញកសិកម្មមានឥទ្ធិពលខ្លាំងសម្បើមណាស់លើការបង្កើតការងារសម្រាប់ពលរដ្ឋ ដូចនេះឥណ្ឌូនេស៊ី ត្រូវតែរួមគ្នាដើម្បីពន្លឿនកិច្ចការនេះ។ បន្ថែមពីលើការវិនិយោគលើដំណើរការកែច្នៃ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏គ្រោងបោះទុនវិនិយោគ១,២ពាន់ដុល្លារអាម៉េរិកផងដែរ ដើម្បីបង្កើនការផ្គត់ផ្គង់សាច់មាន់ និងស៊ុតសម្រាប់កម្មវិធីផ្ដល់អាហារឥតគិតថ្លៃរបស់ខ្លួន ជាពិសេសសម្រាប់សិស្ស និងគ្រួសារក្រីក្រដែលមានប្រាក់ចំណូលទាប។
កម្មវិធីចែកអាហារឥតគិតថ្លៃដែលត្រូវបានដាក់ចេញកាលពីអំឡុងខែមករា ដើមឆ្នាំ២០២៥ នេះ គឺជាការសន្យាដ៏សំខាន់មួយរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ីប៊ីយ៉ាន់តូ (Prabowo Subianto) អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលគេរំពឹងថា អ្នកទទួលបានរបបអាហារឥតគិតថ្លៃនឹងឈានដល់ប្រមាណ៧០លាននាក់នៅត្រឹមដំណាច់ឆ្នាំនេះ៕
ដោយ: តែម សុខុម