ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានលើកឡើងថា សកលភាវូបនីយកម្មសេដ្ឋកិច្ចពេលនេះកំពុងចុះខ្សោយ ហើយប្រព័ន្ធសេដ្ឋកិច្ចគួរតែរក្សាពាណិជ្ជកម្មពហុភាគី និងបង្កើនការតំណាងសម្រាប់ក្រុមប្រទេស Global South ដែលជាការសំដៅដល់បណ្ដាប្រទេសកំពុងរីកចម្រើនឆាប់រហ័សនៅអាស៊ី អាម៉េរិកខាងត្បូង និងអាហ្វ្រិក។
សុន្ទរកថារបស់លោក ស៊ី ជិនភីង ត្រូវបានអានដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនថាវ (Wang Wentao) នៅក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ APEC ដែលជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ធ្វើឡើងនៅក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ។
លោក ស៊ី ជីនភីង បានលើកឡើងថា នៅថ្ងៃអនាគតអាស៊ី-ប៉ាស៊ីហ្វិក នឹងនៅតែជាក្បាលម៉ាស៊ីនលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ច។ លោកបានជំរុញឱ្យមានការគោរពច្បាប់ បង្កើតនវានុវត្តន៍ថ្មីរយៈពេលវែង និងលើកកម្ពស់ការបើកទូលាយព្រមទាំងបរិយាប័ន្ន ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយលោកបានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាវឌ្ឍនភាព និងស្វែងរកកាលានុវឌ្ឍភាពថ្មីៗក្នុងពេលជាមួយគ្នា។
ទោះបីជាមិនបាននិយាយចំឈ្មោះក្រុងវ៉ាស៊ីនតោន យ៉ាងណាក្ដី ក៏ការអត្ថាធិប្បាយរបស់លោក ស៊ី ជិនភីង ត្រូវបានគេមើលឃើញថាជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រគិតគូរពីអាម៉េរិក មុនគេ ឬ America First របស់ប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលរួមបញ្ចូលទាំងវោហាសាស្ត្រធ្ងន់ដ៏មុតស្រួចរបស់លោក អំពីការកែប្រែច្បាប់ពាណិជ្ជកម្មពិភពលោកតាមរយៈការដំឡើងពន្ធគយផងដែរ។
ស្របពេលមានការកើនឡើងជម្លោះរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ក្រុងប៉េកាំង កំពុងព្យាយាមទាក់ទាញបណ្ដាប្រទេសកំពុងរីកចម្រើនឆាប់រហ័សតាមរយៈគំនិតផ្ដួចផ្ដើមផ្សេងៗរួមទាំងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោកដែលផ្តល់ហិរញ្ញប្បទានដោយប្រទេសចិនផងដែរ៕
ដោយ: តែម សុខុម