Advertisement
ឧស្សាហកម្ម​កង់​នៅ​កម្ពុជា​ប្រឈមនឹង​ហានិភ័យ?

វិស័យ​នាំ​ចេញ​កង់​របស់​កម្ពុជា ប្រឈម​ហានិភ័យ​ពី​ភាព​មិន​ច្បាស់លាស់នៃ​ពាណិជ្ជកម្ម?


ការវិនិយោគ​ទៅ​លើ​ឧស្សាហកម្ម​ផលិត​និង​នាំ​កង់​ចេញ​របស់​កម្ពុជា​​ដែលកំពុង​តែ​លូតលាស់ កំពុងត្រូវបាន​បន្ទច់​បង្អាក់​ដោយសារតែភាព​មិនច្បាស់លាស់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​បាត់បង់​ភាព​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប ដែលអាចនឹងកើតមានឡើង។ នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Nikke Asian Review។
ជាង​កង់​កំពុងជួសជុលកង់​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី​ រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

ឧស្សាហកម្ម​មួយ​នេះ ដែល​មានតម្លៃ​ជាទឹកប្រាក់​ប្រមាណពី ៣០០ ទៅ ៤០០លានដុល្លារ​ បាន​រីកលូតលាស់​ជាច្រើនឆ្នាំ​មក​ហើយ ហើយថ្មីៗនេះ​ទៀត​សោត ប្រទេស​កម្ពុជា​បាន​វ៉ាដាច់​កោះតៃវ៉ាន់ ដោយ​ដណ្ដើម​បាន​លេខ​១ ជាប្រទេស​ផ្គត់ផ្គត់​កង់ធំជាងគេ​បំផុត ទៅកាន់​សហភាពអឺរ៉ុប។ ឧស្សាហកម្ម​ផលិតនិងនាំចេញ​កង់​នេះ ក៏ជាវិស័យរួមចំណែកដ៏មានតម្លៃ​មួយ​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ត្រូវគេមើលឃើញថា ពឹង​ផ្អែកលើ​វិស័យ​នាំ​ចេញ​វាយនភណ្ឌ​និង​សម្លៀក​បំពាក់កាត់ដេរ។ 

ប៉ុន្តែ ការលូតលាស់​នៃ​ឧស្សាហកម្ម​កង់នេះ គឺ​ជំរុញ​ដោយ​កម្មវិធី​អនុគ្រោះ​ពន្ធ​ EBA ដែលអនុញ្ញាត​ឲ្យ​កម្ពុជា​នាំចេញ​ទៅកាន់ទីផ្សារ​សហភាពអឺរ៉ុប​ដោយ​មិន​បង់ពន្ធ ហើយ​ការអនុគ្រោះពន្ធ​នេះអាចនឹងត្រូវ​បញ្ចប់ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យសើរើឡើងវិញ​ក្នុងរយៈពេល​ ៦ខែ ដែលបានចាប់ផ្ដើមកាលពីខែកុម្ភៈ ដើមឆ្នាំនេះ។ 

សារព័ត៌មាន Nikke Asian Review បាន​សម្ភាស​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ Specialized bike group មានមូលដ្ឋាននៅ​សហរដ្ឋ​អាមេរិក ដែលបាន​ទិញ​កង់ពី​រោងចក្រ​មួយ​នៅ​កម្ពុជា អស់រយៈពេល ៦ឆ្នាំ​មក​ហើយ។ 

លោក Bob Margevicius អនុប្រធានប្រតិបត្តិរបស់​ក្រុមហ៊ុន Specialized bike group និយាយថា «គ្រប់គ្នា​គឺ​រស់​មួយថ្ងៃ​គិត​មួយថ្ងៃ។ គ្មាន​អ្នកណាម្នាក់​មាន​ផែនការរយៈពេល​វែងនោះទេ។ វាមានភាព​មិន​ច្បាស់លាស់​ច្រើនពេក ទាំង​ពី​ខាង​រដ្ឋាភិបាល ពីខាង​អឺរ៉ុប និង​ពី​ខាង​អ្នក​ផលិតក្នុងស្រុក»។ 

ឆ្នាំ​២០១៧ ប្រទេស​កម្ពុជា​បាន​ដណ្ដើម​តំណែង​កោះតៃវ៉ាន់ ក្លាយ​ជា​ប្រទេសផ្គត់ផ្គង់កង់ធំជាងគេបំផុត​របស់​អឺរ៉ុប ហើយ​ក៏បាន​ទទួល​ផល​ប្រយោជន៍ពី​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋ​អាមេរិក និង​ចិន ផង​ដែរ ដែល​បាន​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​អាមេរិក​សម្លឹងរក​មើល​ទីតាំង​ផលិត​ជំនួស​ប្រទេស​ចិន ដូចជា កម្ពុជា ជាដើម។ 

អ្វីដែលកាន់តែប្រឈម​ជាង​នេះទៀត គឺ​កម្មវិធី​អនុគ្រោះ​ពន្ធ​សម្រាប់​ការនាំចេញរបស់​កម្ពុជា​ទៅកាន់ទីផ្សារ​អឺរ៉ុប ដែលកំពុងត្រូវបាន​ពិនិត្យ​សើរើ​ឡើង​វិញ​ដោយសហភាពអឺរ៉ុប ហើយ​ដែល​លទ្ធផល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ដក​ហូត​ការអនុគ្រោះ​ពន្ធ​នេះពីកម្ពុជា លើ​ហេតុផល​នៃ​ការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ​និង​ការចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិមនុស្ស។ 

នៅក្នុង​ប្រទេស​កម្ពុជា បើ​និយាយ​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ EBA គេ​ច្រើន​ផ្ដោត​សំខាន់​ទៅ​លើ​តែ​វិស័យ​វាយនភណ្ឌ​និង​សម្លៀក​បំពាក់កាត់ដែរ ព្រោះ​ថា កម្ពុជា​នាំចេញ​ផលិតផល​នេះ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ដោយ​រួចពន្ធ។ ប៉ុន្តែ កម្មវិធីអនុគ្រោះ​ពន្ធ EBA នេះ ក៏សំខាន់​ចំពោះ​វិស័យ​ផលិត​និង​នាំ​ចេញ​កង់​របស់​កម្ពុជា ផងដែរ។ 

យោងតាម​តួលេខ​ផ្លូវការ ឆ្នាំ​ទៅមិញ កង់ចំនួន ១,៤លាន​គ្រឿង ត្រូវបាននាំចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នានានៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ ៨៨% គឺ​នាំចេញ​ទៅកាន់​អឺរ៉ុប។ 

សារព័ត៌មាន​ Nikkei Asian Review បានសម្ភាស​ប្រភព​មួយរូប​ផ្សេង​ទៀត គឺ​លោក Jon Edwards នាយកប្រតិបត្តិ​ក្រុមហ៊ុន A&J Worldwide ជាក្រុមហ៊ុន​ដែលនាំ​ចេញ​កង់​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅទីក្រុង​បាវិត ប្រទេស​កម្ពុជា ទៅកាន់ទីផ្សារ​ក្រៅ​ប្រទេស។ 

Advertisement

លោក Jon Edwards និយាយថា ការរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ជា​បន្ត គឺសំខាន់ខ្លាំងសម្រាប់​សុខភាពនៃ​វិស័យ​ផលិតនិងនាំចេញ​កង់ នៅ​កម្ពុជា។ «ជោគជ័យ​និង​ការ​វិនិយោគជា​បន្ត​របស់យើង មួយចំណែកធំ គឺ​ដោយសារតែ​ EBA នេះ​ឯង។ ប្រសិន​បើ​គេ​ដកហូត​ពន្ធ​តាមអត្រា​ធម្មតា ១៤% វិញ ប្រទេស​ជាច្រើន​នឹង​មាន​ប្រៀបផ្នែក​ពន្ធ លើ​ប្រទេស​កម្ពុជា ពីព្រោះ​គេ​មាន​រោងចក្រធំៗជាង ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ធំជាង និង​ថ្លៃ​ដឹក​ជញ្ជូន​ទាបជាង»។ 

ត្រឡប់​មក​លោក Margevicius នៃ​ក្រុមហ៊ុន Specialized bike group វិញ ទោះបីមាន​ភាពប្រឈម​ដូច​បានរៀបរាប់ក្ដី លោក​មិនរំពឹងថា នឹងមានការរើរោងចក្រ​ផលិតកង់​ចេញ​ពី​កម្ពុជា​ច្រើន​ទេ ហើយ​លោក​រំពឹង​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ចូលរួមសកម្មភាពថែមទៀត​នៅក្នុង​ការជួយជ្រោមជ្រែង​វិស័យ​ផលិត​និងនាំចេញ​កង់នេះ៕

Advertisement



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី​មានគម្រោង​រើរដ្ឋធានី​របស់ខ្លួន​​ចេញពី​ហ្សាកាតា

ព័ត៌មាន
លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) បាន​សម្ដែងការគាំទ្រ​ចំពោះ​ផែនការ​ផ្លាស់ប្ដូរទីតាំង​រដ្ឋធានី​ចេញ​ពីទីក្រុង​ហ្ស...

ធនាគារពិភពលោក៖ បើគ្មាន EBA កម្ពុជា អាចបាត់ចំណូលនាំចេញ ជាង៦៥០ លានដុល្លារអាមេរិក

ព័ត៌មាន
ធនាគារពិភពលោកនៅថ្ងៃទី ៦ ឧសភានេះ បានចេញរបាយការណ៍ថ្មីចុងក្រោយរបស់ខ្លួន ដោយក្នុងនោះ បានប៉ាន់ប្រមាណថា កម្ពុជា អាចនឹងធ្លាក់ចុះចំណូលពីក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ