ក្នុងចំណោមប្រតិភូទាំង២១ប្រទេសមាន ប្រតិភូមួយចំនួនបានបន្តដំណើរចេញពីប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដែលទើបបញ្ចប់កិច្ចប្រជុំកំពូលG20 កាលពីថ្ងៃពុធ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មេដឹកនាំសំខាន់ៗ ដែលចូលរួមសម្រាប់កិច្ចប្រជុំកំពូលដោយផ្ទាល់ និងជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំមកនេះ រួមមានប្រធានាធិបតីចិនលោកស៊ី ជីនពីង, អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងនាយករដ្ឋមន្ត្រីអូស្រ្តាលី អាន់តូនី អាល់បាណេសផងដែរ។ ដោយឡែក ប្រធានាធិបតីបារាំង Emmanuel Macron គឺត្រូវបានអញ្ជើញក្នុងនាមជាភ្ញៀវពិសេស ខណៈរុស្ស៊ីដែលជាសមាជិករបស់ APEC ដែរនោះ នឹងចូលរួមដោយរដ្ឋមន្រ្តីការបរទេសលោក Sergi Lavrov ដដែល។
មេដឹកនាំទាំងអស់ដែលក្នុងនោះមួយចំនួនទើបមកពីប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីដើមសប្តាហ៍នេះ នឹងពិភាក្សាគ្នាលើសំណុំរឿងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន បញ្ហាថាមពល និងសន្តិសុខស្បៀង ព្រមទាំងការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ផងដែរ។ នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃពុធ ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំវេទិកា APEC។
សម្រាប់កិច្ចប្រជុំដំបូងក្នុងថ្ងៃព្រហស្បតិ៍ទី១៧វិច្ឆិកា គឺបានពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម ខ្សែចង្វាក់ផ្គត់ផ្គង់សម្រាប់ទំនិញសំខាន់ៗ និងថ្នាំវ៉ាក់សាំងកូវីដ១៩ ការបន្តបើកការធ្វើដំណើរជាអន្តរជាតិ ការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកម្ពស់សេដ្ឋកិច្ចជនជាតិដើមភាគតិច ជាដើម។
ក្រៅពីនោះ ក៏មានដែរកិច្ចប្រជុំកំពូលរបស់ប្រធានក្រុមហ៊ុនធំៗក្នុងតំបន់ (CEO Summit) ដែលចាប់ដំណើរការតាំងតែពីថ្ងៃ១៦ ដល់ថ្ងៃទី១៨ វិច្ឆិកា ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចត្រូវធ្វើឡើង នៅថ្ងៃទី ១៨ ដល់១៩ វិច្ឆិកា។
ក្រៅតែពីជំនួបដែលពាក់ព័ន្ធនឹង APEC មេដឹកនាំធំៗត្រូវបានគេរំពឹងថា នឹងឈ្លៀតយកឱកាសនេះ បើកជំនួបទ្វេភាគីរវាងគ្នាផងដែរ។ ក្នុងនោះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្សីដា នៅក្រៅកិច្ចប្រជុំ APEC។
បើតាមក្រសួងការបរទេសចិន សមភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងចិន-ជប៉ុន ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ ដែលមានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃពុធថា ចិននិងជប៉ុន គឺជាអ្នកជិតខាងដ៏ជិតស្និទ្ធ និងជាប្រទេសដើរតួនាទីសំខាន់ក្នុងតំបន់។ ភាគីទាំងពីរត្រូវឆ្លើយតបទៅនឹងនិន្នាការនៃសម័យកាលថ្មី រក្សាការប្តេជ្ញាចិត្តចំពោះសន្តិភាព និងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងធ្វើការរួមគ្នា។
ដោយឡែក នាយករដ្ឋមន្ត្រីញូសេឡេន លោកស្រី ចាស៊ីនដា អាដេន(Jacinda Ardern) ក៏រំពឹងថា នឹងជួបលោកស៊ី ជីនពីង នៅខាងក្រៅវេទិកា APEC នេះផងដែរ។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលញូសេឡេនប្រាប់សារព័ត៌មាន រ៉យទ័រ៕