បច្ចេកវិទ្យាបន្ទះឈីប

សមាជិកព្រឹទ្ធសភាអាម៉េរិកជំរុញឱ្យលោក ចូ បៃដិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនបន្ទះឈីបចិន


សមាជិកព្រឹទ្ធសភាអាម៉េរិក មកពីគណបក្សសាធារណរដ្ឋ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) កាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះ បានជំរុញឱ្យរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិកដាក់ទណ្ឌកម្មក្រុមហ៊ុនបន្ទះឈីប ប្រាយ សិមីខន់ដាក់ទ័រ (Brite Semiconductor) របស់ចិន ដោយសារក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនបន្ទះឈីបដែលជាប់ទណ្ឌកម្មដ៏កំពូលមួយរបស់ចិន ហើយផ្គត់ផ្គង់ផលិតផលរបស់ខ្លួនដល់យោធាចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
បច្ចេកវិទ្យាបន្ទះឈីប
ដោយ

ទីភ្នាក់ងារព័ត៌មានធំៗបានរាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនបន្ទះឈីប Brite បានផ្តល់សេវាកម្មឌីហ្សាញបន្ទះឈីបដល់ក្រុមហ៊ុនផ្គត់ផ្គង់យោធាចិនយ៉ាងតិច៦ក្រុមហ៊ុន ហើយក្រុមហ៊ុននេះមួយផ្នែកគ្រប់គ្រងដោយក្រុមហ៊ុន Semiconductor Manufacturing International Corporation (SMIC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប ដ៏ធំបំផុតរបស់ចិន និងដែលត្រូវបានរារាំងមិនឱ្យទទួលបានបច្ចេកវិទ្យាមួយចំនួនរបស់សហរដ្ឋអាម៉េរិក ដោយសារមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនឧស្សាហកម្មយោធាចិន ប៉ុន្តែក្រុមហ៊ុន SMIC បានបដិសេធចំពោះការចោទប្រកាន់នេះ។

ទោះជាមានទំនាក់ទំនងទាំងនោះហើយក៏ដោយ ក៏ក្រុមហ៊ុន Brite នៅតែអាចទទួលបានការវិនិយោគ និងបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក ដដែលរួមទាំងកម្មវិធីឌីហ្សាញបន្ទះឈីបពីក្រុមហ៊ុនអាម៉េរិក ដូចជាស៊ីនណូបស៊ីស (Synopsys) និងខាឌិនស៍ ឌីហ្សាញ (Cadence Design) ជាដើម។

ក្នុងលិខិតមួយចុះកាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះ ដែលត្រូវបានផ្សាយលើកដំបូងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក ម៉ាកូ រូប៊ីអូ បាននិយាយថា ការដែលក្រុមហ៊ុន Brite និងក្រុមហ៊ុនបច្ចេកវិទ្យាចិន ផ្សេងទៀតអាចទទួលបានបច្ចេកវិទ្យាអាម៉េរិក ដោយសេរីនេះបង្ហាញថា កម្មវិធីត្រួតពិនិត្យការនាំចេញនាពេលបច្ចុប្បន្នកំពុងធ្វើឱ្យចិនរះឡើងជាមហាអំណាចបច្ចេកវិទ្យាមួយក្នុងពិភពលោក។

លោក ម៉ាកូ រូប៊ីអូ បានលើកឡើងតាមរយៈលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក គឺលោកស្រី ហ្គីណា រ៉ៃម៉ុនដូ ថា សកម្មភាពរបស់ក្រុមហ៊ុនចិន Brite នេះបានបង្ហាញថា សហរដ្ឋអាម៉េរិកចាំបាច់ត្រូវតែចាត់វិធានាការនៅពេលនេះជាបន្ទាន់ដើម្បីរារាំងមូលដ្ឋានឧស្សាហកម្មបន្ទះឈីបរបស់ចិន កុំឱ្យមានកម្លាំងកាន់តែខ្លាំង។ ដូច្នេះហើយលោកបានជំរុញឱ្យលោកស្រី រ៉ៃម៉ុនដូ ដាក់លក្ខខណ្ឌតម្រូវលើក្រុមហ៊ុន Brite ដូចគ្នានឹងលក្ខខណ្ឌតម្រូវដាក់លើក្រុមហ៊ុន SMIC អ៊ីចឹងដែរសម្រាប់ការទទួលបានអាជ្ញាប័ណ្ណ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្រាវជ្រាវរបស់ AMRO៖ កម្ពុជាត្រូវការការស្តារហិរញ្ញវត្ថុ និងកំណែទម្រង់រចនាមសម្ព័ន្ធ ដើម្បីជាគន្លឹះជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
យោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តលើផ្លូវស្ទុះងើបឡើងវិញជាលំដាប់។ ការស្ទុះងើប…

តើមានកត្តាអ្វីខ្លះជំរុញឱ្យ Wall Street ព្យាករថា សេដ្ឋកិច្ចឥណ្ឌានឹងបន្តកើនឡើង ខណៈសេដ្ឋកិច្ចចិនដាំក្បាលចុះនៅឆ្នាំ២០២៤?

ព័ត៌មាន
Wall Street ដែលជាសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានព្យាករថា សេដ្ឋកិច្ចឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៥របស់ពិភពលោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ