
ប្រធានសេដ្ឋវិទូនៅធនាគារអភិវឌ្ឍន៍អាស៊ី លោក Albert Park បានថ្លែងថា ការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក ដែលអាចធ្វើឡើងនៅអំឡុងខែកញ្ញា នេះ នឹងជួយសម្រាលសម្ពាធលើបណ្ដាសេដ្ឋកិច្ចនៅអាស៊ី ដែលកំពុងជួបការលំបាកដោយសារពន្ធគយបដិការខ្ពស់ដ៏ចម្រូងចម្រាសរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។
ធនាគារកណ្តាលអាម៉េរិក ត្រូវបានព្យាករយ៉ាងទូលំទូលាយថានឹងបញ្ចុះអត្រាការប្រាក់ជាលើកដំបូងមិនធ្លាប់មានសម្រាប់ឆ្នាំ២០២៥ នេះ នៅឯកិច្ចប្រជុំគោលនយោបាយបន្ទាប់របស់ខ្លួនដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ និងទី១៧ ខែកញ្ញា ដ៏ខ្លីខាងមុខនេះ បន្ទាប់ពីទិន្នន័យផ្លូវការបានបង្ហាញថា កំណើនការងារនៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះគួរឱ្យកត់សម្គាល់កាលពីអំឡុងខែសីហា ហើយអត្រាគ្មានការងារធ្វើបានកើនឡើងដល់៤,៣% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២១ មក។
ធនាគារ Standard Chartered របស់អង់គ្លេស បាននព្យាករថា ធនាគារកណ្តាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់០,៥% នៅខែកញ្ញា នេះ។
ប្រធានសេដ្ឋវិទូនៅធនាគារអភិវឌ្ឍន៍អាស៊ី លោក Albert Park បាននិយាយនៅថ្ងៃទី៨ ខែកញ្ញា ក្នុងបទសម្ភាសមួយនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ថា ប្រសិនបើធនាគារកណ្ដាលអាម៉េរិក ពិតជាបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់០,៥% មែន វានឹងផ្ដល់ផលល្អសម្រាប់ស្ថានភាពហិរញ្ញវត្ថុនៅទូទាំងតំបន់អាស៊ី។
ទន្ទឹមនេះ ធនាគារធំៗផ្សេងទៀតរួមទាំងធនាគារ Morgan Stanley របស់សហរដ្ឋអាម៉េរិក ធនាគារ Barclays របស់អង់គ្លេស និងធនាគារ Deutsche របស់អាល្លឺម៉ង់ផងបានព្យាករថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់ត្រឹម០,២៥% ប៉ុណ្ណោះ៕
ដោយ: តែម សុខុម