ជាក់ស្តែងនៅក្នុងឆ្នាំ ២០២២ជាឆ្នាំដែល អ្នកវិនិយោគបរទេសបានដកប្រាក់កាន់តែច្រើនពីភាគហ៊ុនរបស់ខ្លួនពីក្នុងប្រទេសមានសេដ្ឋកិច្ចឈានមុខជាច្រើននៅតំបន់អាស៊ី។ នេះជារឿងដែលគេមិនធ្លាប់ជួបប្រទះឡើយ រាប់ចាប់តាំងពីពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៨ មក ក៏ដោយសាររូបិយប័ណ្ណរបស់សហរដ្ឋអាមេរិកមានអត្រាការប្រាក់កើនឡើងខ្ពស់ពេកកាលពីពេលថ្មីៗនេះ។
យោងតាមទិន្នន័យពីផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ ប្រទេសឥណ្ឌា ហ្វីលីពីន វៀតណាម ថៃ ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូងបានបង្ហាញថា ភាគីអ្នកវិនិយោគបរទេសបានលក់ភាគហ៊ុនរបស់ខ្លួនអស់តម្លៃរហូតដល់ ៥៧ពាន់លានដុល្លារ អំឡុងឆ្នាំ២០២២។ ដែលនេះគឺជាចំនួនទឹកប្រាក់ធំបំផុតចាប់តាំងពីឆ្នាំ ២០០៨។
បើយើងមើលទៅលើភាគីហ៊ុននៅតាមតំបន់នៅប្រទេសនីមួយៗ ភាគហ៊ុននៅកោះតៃវ៉ាន់ ត្រូវបានគេលក់ចេញដល់ទៅតម្លៃ ៤១ពាន់លានដុល្លាកាលពីឆ្នាំ២០២២ ជាការលក់ចេញច្រើនបំផុតបើធៀបនឹងភាគហ៊ុនផ្សេងទៀតក្នុងតំបន់។ ក្រៅពីនោះ ឥណ្ឌាបានកត់ត្រាពីតម្លៃលក់ចេញប្រមាណ ១៥ពាន់លាន ហើយកូរ៉េខាងត្បូងជាង៩ពាន់លាន។
អ្នកវិភាគមួយចំនួនព្យាករថា នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ លំហូរសាច់ប្រាក់ចេញទៅបរទេសនឹងមានកាន់តែច្រើនថែមទៀត ស្របពេលដែលអត្រាការប្រាក់គោលនៅដុល្លាអាមេរិកបន្តកើនឡើងខ្ពស់។ ជាក់ស្តែងធនគារកណ្តាលអាមេរិកបានតម្លើងអត្រាការប្រាក់គោលដល់ទៅ៥ដងនៅក្នុងឆ្នាំ២០២២ ដែលក្នុងនោះ៤ដងដំបូង តម្លើងក្នុងអត្រា ០,៧៥% និងលើកចុងក្រោយតម្លើង ០,៥%ទៀត បច្ចុប្បន្នអត្រាការប្រាក់គោលនៅអាមេរិក ឈរនៅចន្លោះ ៤,៥% ទៅ ៤,៧៥%។
អ្នកជំនាញផ្នែកយុទ្ធសាស្ត្រទីផ្សារភាគហ៊ុន បានព្រមាននៅឆមាសទីមួយនៃឆ្នាំ២០២៣នេះ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះភាគហ៊ុននៅក្នុងតំបន់ មុននឹងចូលទៅក្នុងទីផ្សារណាមួយ ស្របពេលដែលទីផ្សារភាគហ៊ុន បាននិងកំពុងទទួលរងនូវផលប៉ះពាល់ពីសេដ្ឋកិច្ច និងពីគោលនយោបាយដ៏តឹងតែងរបស់ធនាគារកណ្តាលជុំវិញពិភពលោក រួមជាមួយនឹងហានិភ័យនៃការបើកប្រទេសឡើងវិញរបស់ប្រទេសចិន ដែលកំពុងបង្កជាការរីករាលដាលឡើងវិញយ៉ាងខ្លាំង នូវមេរោគឆ្លងកូវីដ១៩។
សូមជម្រាបថា កាលពីខែធ្នូចុងឆ្នាំ២០២២ ទីផ្សារភាគហ៊ុននៅប្រទេសឈានមុខនៅអាស៊ី ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន និងប្រទេសចិន បានលក់ចេញភាគហ៊ុនសរុតម្លៃ៣ពាន់លានដុល្លារ អាមេរិក។ ក្នុងនោះកោះតៃវ៉ាន់លក់ចេញអស់ចំនួនជាង២ពាន់លានដុល្លារ ឥណ្ឌូនេស៊ីជាង១,៣ពាន់លានដុល្លារ និង កូរ៉េខាងត្បូងជាង១,៣ពាន់លានដុល្លារដែរ។ ក្នុងចំណោមប្រទេសមានភាគហ៊ុនឈានមុខនៅអាស៊ី មានតែវៀតណាម ថៃ និងឥណ្ឌាទេ ដែលមានលំហូរភាគហ៊ុនចូលក្នុងប្រទេស ជាក់ស្តែងឥណ្ឌាទទួលបានជាង១,៣ពាន់លាន វៀតណាមបានជាង៥៥០លានដុល្លារ និងថៃជាង ៣៧០លានដុល្លារ៕
អត្ថបទ ៖ សារៀម លក្ខិណា