រដ្ឋាភិបាលអូស្ត្រាលីបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមជាមួយក្រសួងជាច្រើនរួមទាំងការិយាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះថា «រុស្ស៊ីពឹងផ្អែកលើប្រទេសអូស្ត្រាលីសម្រាប់តម្រូវការអាលុយមីញ៉ូមជិត ២០ ភាគរយ» ហើយការដាក់បម្រាមនេះនឹងធ្វើឱ្យរុស្ស៊ីជួបការលំបាកខ្លះៗនៅក្នុងការផលិតអាលុយមីញ៉ូម ដែលជាការនាំចេញដ៏សំខាន់សម្រាប់ប្រទេសរុស្ស៊ី។
សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា រដ្ឋាភិបាលអូស្ត្រាលីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកនាំចេញ និងស្ថាប័នកំពូលៗ ដែលរងផលប៉ះពាល់ ដោយការហាមឃាត់នេះ ដើម្បីស្វែងរកទីផ្សារថ្មី និងពង្រីកទីផ្សារដែលមានស្រាប់នេះ។
ក្រុមហ៊ុនរុករករ៉ែអង់គ្លេស-អូស្ត្រាលី Rio Tinto បានកាន់កាប់ភាគហ៊ុន ៨០% នៅក្នុងក្រុមហ៊ុន Queensland Alumina Ltd (QAL) ក្នុងការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Rusal International PJSC របស់រុស្ស៊ីដែលជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមធំទី២ក្នុងពិភពលោក។
កាលពីសប្តាហ៍មុនអូស្ត្រាលីបានដាក់ទណ្ឌកម្មលើពាណិជ្ជកររុស្ស៊ីចំនួន ២ នាក់ដែលមានទំនាក់ទំនងជាមួយឧស្សាហកម្មរ៉ែនៅអូស្ត្រាលី ដែលម្នាក់ក្នុងចំណោមពួកគេ គឺជាមហាសេដ្ឋីឈ្មោះ Oleg Deripaska ដែលកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន QAL។
សេចក្តីថ្លែងការណ៍រួមនេះបានបន្ថែមថា មកដល់ពេលនេះ ប្រទេសអូស្ត្រាលីបានដាក់ទណ្ឌកម្មសរុបចំនួន ៤៧៦ លើកទៅលើបុគ្គលចំនួន ៤៤៣ នាក់ រួមទាំងអ្នកជំនួញជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងទៅលើអង្គភាពចំនួន ៣៣ រួមទាំងវិស័យធនាគារភាគច្រើនរបស់រុស្ស៊ី និងអង្គភាពដែលទទួលខុសត្រូវលើបំណុលអធិបតេយ្យរបស់ប្រទេសរុស្ស៊ីផងដែរ។
ស្របពេលនេះដែរ រដ្ឋាភិបាលអូស្ត្រាលីក៏បាននិយាយផងដែរថា ខ្លួននឹងបរិច្ចាគធ្យូងថ្មកម្ដៅយ៉ាងហោចណាស់ ៧ម៉ឺនតោនដល់អ៊ុយក្រែនដើម្បីបំពេញតម្រូវការថាមពលរបស់ខ្លួន។
ក្រុមហ៊ុនផលិតធ្យូងថ្មនៅប្រទេសអូស្ត្រាលីបានទទួលការអំពាវនាវឱ្យមានការផ្គត់ផ្គង់ផ្ទួនៗគ្នានៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន និងប្រទេសផ្សេងទៀតដូចជាប៉ូឡូញ ដែលប្រទេសទាំងនេះធ្លាប់ពឹងផ្អែកលើការផ្គត់ផ្គង់ធ្យូងថ្មរបស់រុស្ស៊ីកាលពីមុនពេលសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន។
ឥឡូវនេះរដ្ឋាភិបាលអូស្ត្រាលីកំពុងធ្វើការជាមួយក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន និងរដ្ឋាភិបាលអ៊ុយក្រែនព្រមទាំងប៉ូឡូញ ដើម្បីចែកចាយការផ្គត់ផ្គង់នេះយ៉ាងឆាប់រហ័សបំផុត ។
រដ្ឋាភិបាលអូស្ត្រាលីក៏បានសន្យាដែរថា នឹងផ្ដល់បន្ថែមនូវសម្ភារៈយោធានិងជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែនផងដែរ៕
អត្ថបទ សុខ ជា